កីឡាអន្តរជាតិ
អន្តរជាតិ
Brendan Mullin អតីតកីឡាករបាល់ឱបអៀរឡង់ ជាប់ចោទពីបទលួចលុយជិត៧សែនដុល្លារ
22, Sep 2021 , 5:18 pm        
រូបភាព
អតីតកីឡាករបាល់ឱបអៀរឡង់និងចក្រភពអង់គ្លេស លោក Brendan Mullin ត្រូវបានតុលាការចោទប្រកានពីបទលួចលុយជាង ៥សែនអឺរ៉ុ (ជិត៧សែនដុល្លារ) ពីធនាគាជាតិរបស់អៀរឡង់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC News។



លោក Brendan Mullin វ័យ៥៧ឆ្នាំ បានចូលទៅបង្ហាញខ្លួននៅចំពោះមុខតុលាការនាទីក្រុង Dublin កាលពីថ្ងៃទី ២១ ខែកញ្ញា។ លោក Mullin ត្រូវបានតុលាការចោទប្រកាន់ចំនួន៩ករណីលើសំណុំរឿងលួចប្រាក់ប្រមាណ ៥៩៥.៩៣៧ អឺរ៉ូពីធនាគាអៀរឡង់ អំឡុងឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣។
 
មូលហេតុនៃការលួចលុយនេះ គឺដោយសារលោក Mullin ធ្លាប់ជាប្រធានគ្រប់គ្រងធនាគាឯកជនមួយក្នុងប្រទេសអៀរឡង់ ហើយលោក Mullin ត្រូវបានចោទប្រកាន់ពីបទឆបោកលើមនុស្ស២នាក់ផ្សេងទៀតដើម្បីចុះហត្ថលេខាលើឯកសារទូទាត់ប្រាក់មួយ ដើម្បីយកចំណេញតែម្នាក់ឯង ហើយបង្កការខាតបង់ដល់អ្នកដទៃ។
 
លោក Brendan Mullin ដែលធ្លាប់បានឈ្នះពានរង្វាន់រហូតដល់ទៅ ៥៥ ពានឲ្យប្រទេសអៀរឡង់អំឡុងឆ្នាំ ១៩៨៥ដល់ឆ្នាំ ១៩៩៥ រូបនេះ ក៏ត្រូវបានតុលាការចោទប្រកាន់បន្ថែម៥ករណីទៀតផងដែរ ពីបទក្លែងបន្លំគណនីធនាគា។
 
បើតាមអ្នកសើបអង្កេតម្នាក់លើករណីលោក Mullin នេះ បាននិយាយប្រាប់ទៅកាន់តុលាការថា លោក Mullin មិនបាននិយាយអ្វីទាំងអស់នៅពេលដែលលោកបានទទួលដំណឹងអំពីការចោទប្រកាន់នេះ។
 
សូមបញ្ជាក់ដែរថា លោក Brendan Mullin ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយភ្ជាប់ជាមួយប្រាក់ពិន័យ ១០,០០០ អឺរ៉ូ ហើយលោក Mullin នឹងត្រូវឡើងបង្ហាញខ្លួននៅចំពោះមុខតុលាការសារជាថ្មីនៅខែវិច្ចិកា ឆ្នាំ ២០២១ ខាងមុខនេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com