COVID-19
អន្តរជាតិ
រដ្ឋាភិបាលថៃ ពន្យារពេលបើកទីក្រុងដើម្បីទទួលភ្ញៀវទេសចរបរទេសរហូតដល់ខែវិច្ឆិកា
22, Sep 2021 , 10:28 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលថៃ បានពន្យារពេលបើកក្រុងបាងកក និងក្រុងផ្សេងទៀត ដើម្បីទទួលភ្ញៀវទេសចរបរទេសឡើងវិញ ដោយសារតែកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានភាពយឺតយ៉ាវ។ នេះបើតាមការអះអាងរបស់អាជ្ញាធរទេសចរណ៍ថៃ នៅថ្ងៃទី២២ ខែកញ្ញា។

 
ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ចំនួនភ្ញៀវទេសចរបរទេស មកកម្សាន្តនៅប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ បានជះឥទ្ធិពលដល់ប្រជាជនក្នុងស្រុក និងធ្វើឱ្យអ្នកទាំងនោះ បាត់ចំណូល។ ដើម្បីដោះស្រាយបញ្ហានេះ ថៃ បានគ្រោងបើកទីក្រុងធំៗដូចជាបាងកក ឈៀងមៃ ផាត់តាយ៉ា និងទីក្រុង Hua Hin ត្រឹមខែតុលា។ ប៉ុន្តែផែនការនេះ ត្រូវលើកពេល ដោយសារតែកម្មវិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន មានសភាពយឺត។ 
 
«ទីក្រុង ដែលយើងបានដាក់គោលដៅ មិនបានឈានដល់ ៧០ភាគរយនៃការចាក់វ៉ាក់សាំងឡើយ»។ លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ហេតុនេះហើយ បានជាថៃត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា។ បើទោះថៃជាកន្លែងផលិតវ៉ាក់សាំងក្រុមហ៊ុន AstraZeneca មែន ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ។ 
 
មកទល់ពេលនេះ ប្រជាជនថៃប្រមាណ ២២ភាគរយ នៃប្រជាជន៧២លាននាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពេញលេញ។ ចំណែកប្រជាជនក្រុងបាងកក ចំនួន ៤៤ភាគរយតែប៉ុណ្ណោះ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ មកទល់ពេលនេះ ថៃបានទទួលភ្ញៀវទេសចរបរទេសតែនៅកោះPhuket និងSamui។
 
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ ឬស្មើនឹង១ភាគ៥ នៃផលិតក្នុងស្រុកសរុប (GDP)។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ថៃបានដាក់គោលដៅទទួលភ្ញៀវទេសចរត្រឹមតែ ១លាននាក់ប៉ុណ្ណោះ៕
 

Tag:
 ថៃ
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com