COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ យើងត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយ
23, Sep 2021 , 11:14 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំពិភពលោក រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ តាមលទ្ធភាព ដោយចិត្តស្មោះសរ និងគ្មានរបៀបវារៈនយោបាយឡើយ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្ទរកថា នៃកិច្ចប្រជុំកំពូលសាកលស្តីពីជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ ដែលរៀបចំដោយលោក ចូ បៃឌិន ប្រធានាធិបតេយ្យអាមរិក នាថ្ងៃទី២២ កញ្ញានេះ។


«មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានជំរុញឱ្យមេដឹកនាំទាំងអស់ ចេះធ្វើការរួមគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។
 
ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ៖« ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។
 
ចំពោះការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ដោយត្រូវជួយគ្នាតាមលទ្ធភាព និងចិត្តស្មោះសរ។ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងសុន្ទរកថា ៣ទំព័រ ដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ៖« យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ,ក្នុងទឹកចិត្តស្មោះសរ ,ការទទួលខុសត្រូវខ្ពស់ ,សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ» ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រទេសចូលរួមគំនិតផ្ដួចផ្ដើម«សេចក្តីព្រាងគោលដៅ»ទាំងអស់ ប្រែក្លាយសេចក្តីព្រាងនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។ « កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
កន្លងមក បណ្ដាមេដឹកនាំពិភពលោក បានដាក់គោលដៅកំណត់ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យប្រជាជន ៧០ភាគរយ នៃចំនួនមនុស្សទូទាំងសាកលលោក។ ដូច្នេះដើម្បីសម្រេចគោលដៅនេះ កម្ពុជាស្នើឱ្យមានកំណត់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្រ្តគន្លឹះសាកល ដោយគ្មានការរើសអើងនៃប្រភេទ និងប្រភពវ៉ាក់សាំង ។ ជាពិសេសគួរកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានតម្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់តាមតម្រូវការ ព្រមទាំងបើកចំហការផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានទូលំទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង។
 
ប្រមុខរដ្ឋាភិបាល បានថ្លែងដូច្នេះថា៖«កម្ពុជាអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុក សម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសរបស់ខ្លួន»។ 
 
ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ ពិភពលោកនៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងរំខានដល់សង្គម និងសេដ្ឋកិច្ច។
 
បច្ចុប្បន្ននេះ ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២៣០លាននាក់ ជាសះស្បើយជាង២០៧លាននាក់ និងស្លាប់ជាង៤,៧លាននាក់ ។ នៅកម្ពុជាវិញ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៥,៩៨១ នាក់ ជាសះស្បើយ ៩៨, ៦៥៥ នាក់ និងស្លាប់ ២,១៥៤នាក់៕

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com