កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ស្គាល់ឈ្នះក្នុងលីគលើកដំបូង ចាប់តាំងពី Ronaldo ចាកចេញ
23, Sep 2021 , 11:38 am        
រូបភាព
Juventus ស្គាល់ជ័យជម្នះលើកដំបូងនៅ Serie A រដូវកាលនេះ ចាប់តាំងពីCristiano Ronaldoចាកចេញទៅ Manchester United។ Matthijs de Ligt បានក្លាយជាវីរបុរសដើម្បីបញ្ចប់ភាពមិនឈ្នះសោះរបស់សេះបង្កង់ តាមរយៈការរកគ្រាប់បាល់វាយបកយកឈ្នះ Spezia ក្នុងលទ្ធផល ៣-២។


ខ្សែការពារ Matthijs de Ligt ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមរបស់អ្នកចាត់ការទូទៅលោក Massimiliano Allegri ដែលជាគ្រាប់បាល់ទី៣របស់ Juventus។ គ្រាប់បាល់នាំមុខដំបូងរបស់សេះបង្កង់ធ្វើបានដោយ Moise Kean នៅនាទី២៨ មុនពេល Emmanuel Gyasi និង Janis Antiste រកបានម្នាក់១គ្រាប់នៅនាទី៣៣ និង៤៩ ដើម្បីជួយ Spezia នាំមុខ ២-១ វិញ។
 
នៅនាទី៦៦ ខ្សែប្រយុទ្ធ Federico Chiesa រកបានគ្រាប់តាមស្មើវិញ ខណៈនៅ៦នាទីបន្ទាប់ខ្សែការពារហូឡង់ De Ligt បន្ថែមគ្រាប់ទី៣ និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម Juventus។ លទ្ធផល ៣-២ ជាការទទួលបាន៣ពិន្ទុលើកដំបូងរបស់ Juventus ក្រោយការប្រកួតទី៥រដូវកាលនេះ។ 
 
នេះក៏ជាការឈ្នះលើដំបូងផងដែរ ចាប់តាំងពី Ronaldo ផ្លាស់ទៅ Manchester United វិញនៅដើមខែកញ្ញា។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ វ័យ៣៦ឆ្នាំ បង្ហាញខ្លួនឱ្យក្រុមលោក Allegri នៅលីគកំពូលអ៊ីតាលីបាន១លើកចុងក្រោយនាជំនួបបើកឆាកនៅពេល Juventus ស្មើ Udinese ២-២ មុនចេញទៅអង់គ្លេស។


 
ក្រោយការប្រកួត៥លើក ឈ្នះ១ ចាញ់២ និងស្មើ២ Juventus បានគេចផុតពីតំបន់កាត់ចោល ដើម្បីឡើងទៅឈរនៅលេខរៀងទី១៣ក្នុងតារាង Serie A មាន៥ពិន្ទុ។
 
ម្ចាស់ការពារតំណែងជើងឯក Inter Milan ស្ថិតនៅកំពូលតារាងមាន១៣ពិន្ទុ ពីការប្រកួត៥លើក តាមពីក្រោយដោយ AC Milan ដែលមាន១៣ពិន្ទុដូ​ចគ្នា។ Napoli នៅលេខ៣មាន១២ពិន្ទុ ប៉ុន្តែទើបប្រកួត៤លើក ខណៈ Atalanta នៅលេខ៤មាន១០ពិន្ទុ ក្រោយការប្រកួត៥លើក។ Venezia, Cagliari និង Salernitana ស្ថិតនៅតំបន់គ្រោះថ្នាក់៕
 

Tag:
 Juventus
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com