អន្តរជាតិ
អគ្គរដ្ឋទូតបារាំង នឹងត្រឡប់ទៅអាម៉េរិកវិញ ក្រោយជំនួបបៃឌិន-ម៉ាក្រុង តាមទូរស័ព្ទ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជជែកជាមួយសមភាគីអាម៉េរិក ចូ បៃឌិន នាជំនួបកន្លងមក។ រូបថត AFP
×
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង បានជួបជជែកតាមទូរស័ព្ទនៅថ្ងៃទី២២ ខែកញ្ញា ក្នុងគោលដៅផ្សះផ្សាទំនាក់ទំនងដែលអាប់អួរដោយសារគម្រោងសាងសង់នាវាមុជទឹកឱ្យអូស្ត្រាលី ដែលត្រូវមើលឃើញថា ជាការរកស៊ីកាត់មុខបារាំង។ បារាំង ក៏បានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោនវិញ ខណៈសេតវិមានទទួលស្គាល់ថា អាម៉េរិក មិនពិគ្រោះជាមួយបារាំងឱ្យបានស៊ីជម្រៅចំពោះកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអូស្ត្រាលី។
បន្ទាប់ពីជំនួបតាមទូរស័ព្ទរយៈពេល៣០នាទី ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង បានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយចាប់ផ្តើមពិភាក្សាស៊ីជម្រៅដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រធានាធិបតីទាំងពីរ នឹងមានជំនួបទ្វេភាគីនៅអឺរ៉ុបនៅចុងខែតុលានេះផងដែរ។
តាមរយៈជំនួបនេះ លោក បៃឌិន មានបំណងផ្សះផ្សាទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោយបារាំងបានចោទប្រកាន់ថា អាម៉េរិកចាក់ពីក្រោយខ្នង នៅពេលអូស្រ្តាលីបោះបង់កិច្ចសន្យាទិញនាវាមុជទឹកដើរដោយឥន្ធនៈតម្លៃជាង៤០ពាន់លានដុល្លារ ហើយជ្រើសរើសយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្រោមជំនួយរបស់អាម៉េរិកនិងអង់គ្លេសវិញ។ បារាំងខឹងសម្បារនឹងរឿងនេះយ៉ាងខ្លាំង និងថែមទាំងបានកោះហៅអង្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអូស្ត្រាលី និង អាម៉េរិកមកចូលស្រុកវិញ។
យ៉ាងណាមិញ អគ្គរដ្ឋទូតបារាំង នឹងធ្វើដំណើរទៅកាន់វ៉ាស៊ីនតោននៅសប្ដាហ៍ក្រោយ។ ក្នុងសេចក្ដីថ្លែងការណ៍រួមដដែល មេដឹកនាំទាំងពីរឯកភាពគ្នាថា បញ្ហាល្អក់កករក្នុងទំនាក់ទំនង នឹងល្អប្រសើរតាមរយៈការពិភាក្សាបើកចំហក្នុងចំណោមសម្ព័ន្ធមិត្តទៅលើបញ្ហាផលប្រយោជន៍របស់បារាំង និងដៃគូអឺរ៉ុប។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ហៅការជជែកគ្នានេះ ជាក្ដីសង្ឃឹមក្នុងការជំរុញទំនាក់ទំនង។ បានប្រាប់អ្នកយកព័ត៌មានថា លោក បៃឌិន មានកិច្ចសន្ទានាតាមទូរស័ព្ទយ៉ាងជិតស្និទ្ធជាមួយលោក ម៉ាក្រុង ដែលលោកទាំងពីរព្រមជួបគ្នានៅខែតុលា ហើយបន្តការពិភាក្សានិងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហាជាច្រើន។ នៅពេលត្រូវសួរថា លោក បៃឌិន សុំទោសលោក ម៉ាក្រុង ឬទេ លោកស្រី Psaki បញ្ជាក់ថា លោក បៃឌិន ទទួលស្គាល់ពីភាពចាំបាច់ក្នុងការជជែកគ្នាឱ្យស៊ីជម្រៅ។
ភាពជាដៃគូសន្តិសុខរវាងអាម៉េរិក អូស្ត្រាលី និងអង់គ្លេស ត្រូវជឿថា បង្កើតឡើងដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែវាបែរជាប៉ះពាល់ប្រយោជន៍របស់សម្ព័ន្ធមិត្តអាម៉េរិកទៅវិញ។ យ៉ាងណាមិញ អាម៉េរិកប្តេជ្ញាបង្កើនការគាំទ្រដល់បណ្តារដ្ឋនៅអឺរ៉ុបដែលធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់សាហេលរបស់អាហ្វ្រិកដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com