កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធានាធិបតីស៊ូរីណាម Ronnie Brunswijk ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងក្នុងវ័យ ៦០ឆ្នាំ
23, Sep 2021 , 2:57 pm        
រូបភាព
រូបភាព៖ Hen Ara Ghana
រូបភាព៖ Hen Ara Ghana
លោក Ronnie Brunswijk ដែលជាអនុប្រធានាធិបតីកោះស៊ូរីណាម កាលពីថ្ងៃទី២២ ខែកញ្ញា បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ការចាប់ផ្តើមអាជីពបាល់ទាត់ក្នុងវ័យ៦០ឆ្នាំ ព្រមទាំងកូនប្រុសរបស់លោកក៏ត្រូវបានឲ្យចូលរួមប្រកួតក្នុងលីគ CONCACAF។



អតីតមេទ័ពព្រៃរូបនេះ បានតម្រង់ជួរចូលលេងសម្រាប់ក្រុម Inter Moengotapoe ដែលជាក្លិបរបស់លោកកាន់កាប់ផ្ទាល់តែម្តងក្នុងកោះស៊ូរីណាម។ ក្លិបរបស់លោក Ronnie ប៉ះជាមួយក្លិប Olimpia របស់ប្រទេសហុងឌូរ៉ាស់ ដោយចាញ់ក្នុងលទ្ធផល ៦-០ សម្រាប់ជើងទី១វគ្គ១៦ក្រុមចុងក្រោយ នាថ្ងៃទី២២ ខែកញ្ញា ។ លោក Ronnie Brunswijk ក៏បានលេងបាន៥៣នាទីឲ្យក្លិប ហើយលោកបានប្តូរចេញដើម្បីឲ្យកូនប្រុសខ្លួន ចូលលេងបន្តផងដែរ។
 
ចំណែកការប្រកួតនៅជើងទី២ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសហុងឌូរ៉ាស់វិញនោះ លោក Ronnie Brunswijk អនុប្រធានាធិបតីរូបនេះ នឹងមិនអាចចូលរួមលេងឲ្យក្រុមនៅក្រៅប្រទេសបានឡើយ ដោយសារតែលោក គឺជាជនជាប់ចោទម្នាក់ ដែលត្រូវបានទីភ្នាក់ងារប៉ូលិស Interpol ចាត់ទុកជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយរូប។ 
 
លើសពីនេះទៅទៀតទីភ្នាក់ងារប៉ូលីល Interpol បានចាត់ទុកការធ្វើនយោបាយរបស់លោក Ronnie Brunswijk ថា ជាការបិទបាំងនូវរឿងរ៉ាវអាក្រក់របស់លោក ដែលធ្លាប់ធ្វើជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀននិងជាមេទ័ពព្រៃនេះ។ លោក Ronnie ក៏ធ្លាប់បានប្លន់ធនាគារ កាលពីលោកនៅវ័យជំទង់ផងដែរ ។ បច្ចុប្បន្នលោកមានកូនរហូតដល់ទៅ ៥០នាក់ផងដែរ។ ការចូលលេងបាល់ទាត់អាជីពបែបនេះ គឺជាការងារចុងក្រោយសម្រាប់ប្រវត្តិរូបរបស់លោក។
 
សម្រាប់ក្លិបបាល់ទាត់ Inter Moengotapoe លោក Ronnie បានកាន់កាប់លើក្លិបមួយនេះ និងបានជួយកសាងក្លិបចាប់តាំងពីឆ្នាំ ២០០២មក ដោយលោកក៏បានជួយកសាងកីឡដ្ឋាន ដែលមានឈ្មោះ Ronnie Brunswijk Stadion។ ក្នុងឆ្នាំ ២០០៥ លោកក៏ត្រូវបានសហព័ន្វបាល់ទាត់ក្នុងរដ្ឋព្យួរការងារ ដោយសារលោកបានគម្រាមកីឡាករមួយរូប ដោយមានកាន់កាំភ្លើងនៅក្នុងដៃ។ រហូតដល់ឆ្នាំ ២០១២ លោកក៏បានព្យួរការងារម្តងទៀត ដោយសារមានទំនាស់ជាមួយនឹងអាជ្ញាកណ្តាលការប្រកួត។
 
ប្រវត្តិលោក Ronnie Brunswijk ចាប់តាំងពីមេទ័ពព្រៃកុម្ម៉ង់ដូ រហូតក្លាយជាអនុប្រធានាធិបតី
លោក Ronnie Brunswijk បានតែងតាំងជាអនុប្រធានាធិបតីស៊ូរីណាម កាលពីខែកក្កដា ឆ្នាំ ២០២០។ លោក Ronnie បានដើរតួរយ៉ាងសំខាន់ ក្នុងជួរនយោបាយក្នុងកោះស៊ូរីណាម ជាយូរណាស់មកហើយក្រោយពីប្រទេសនេះ បានបញ្ចប់សង្រ្គាមត្រឹមឆ្នាំ ១៩៩៩មក។
 
លោក Ronnie គឺជាមេដឹកនាំចលនាទ័ពព្រៃ ហើយក៏ជាអ្នកបង្កើតកងទ័ពរំដោះកោះស៊ូរីណាម ដែលត្រូវបានគេឲ្យឈ្មោះថា ជាកងទ័ពព្រៃកុម្ម៉ង់ដូ ដោយក្នុងឆ្នាំ ១៩៨៥។ លោកបានដឹកនាំចលនាប្រយុទ្ធតស៊ូដើម្បីស្តារភាពត្រឹមត្រូវរបស់ជនជាតិអាហ្រ្វិកឡើងវិញ។ លោក Ronnie បានធ្លងកាត់ការធ្វើសង្រ្គាមស៊ីវិលក្នុងប្រទេសដែលចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៦ រហូតដល់ឆ្នាំ ១៩៩២ ទើបបញ្ឈប់ការប្រយុទ្ធគ្នានេះ។ សន្ធិសញ្ញាសន្តិភាព ក៏ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩២ នោះផងដែរ។
 
ក្រោយសង្រ្គាមក្នុងរដ្ឋស៊ូរីណាមបានបញ្ចប់ លោក Ronnie Brunswijk ត្រូវបានតុលាការប្រទេសហូឡង់កាត់ទោសពីបទជួញដូរគ្រឿងញៀន ដែលត្រូវបានផ្តន្ទាទោសដោយកំបាំងមុខក្នុងឆ្នាំ ១៩៩៩៕

© រក្សាសិទ្ធិដោយ thmeythmey.com