អន្តរជាតិ
អាម៉េរិកនិងអង់គ្លេស សាទរចិនដែលបញ្ចប់ការផ្តល់លុយសម្រាប់គម្រោងធ្យូងថ្មនៅបរទេស រូបថត Xinhua
× អាម៉េរិក និងអង់គ្លេសបានបង្ហាញការសាទរចំពោះចិនដែលបានសន្យាបញ្ចប់ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងធ្យូងថ្មនៅក្រៅប្រទេស។ ប្រទេសទាំងពីរ ក៏បានជំរុញឱ្យចិនកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសបន្ថែមទៀត។
«ខ្ញុំសូមអរគុណដល់ប្រធានាធិបតី ស៊ី (លោក ស៊ី ជិនភីង) ចំពោះការសន្យាបញ្ចប់ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងធ្យូងថ្មនៅក្រៅប្រទេស ហើយខ្ញុំសង្ឃឹមថាចិននឹងបន្តកិច្ចប្រឹងប្រែងទៅមុខទៀតដើម្បីបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មក្នុងប្រទេសផង»។ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ថ្លែងបែបនេះក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតនៅថ្ងៃទី២២ ខែកញ្ញា។
ការសន្យារបស់ចិន បានធ្វើឱ្យអង់គ្លេសមានការពេញចិត្តយ៉ាងខ្លាំង ខណៈនាយករដ្ឋមន្រ្តីអង់គ្លេសលោក ចនសុន កំពុងស្វះស្វែងរកការគាំទ្រនិងចូលរួមពីអន្តរជាតិដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ (COP26) ក្នុងខែវិច្ឆិកាខាងមុខ។ លោក ចនសុន ក៏បានជំរុញឱ្យចិនកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងប្រទេស ដោយលើកឡើងពីបទពិសោធជោគជ័យរបស់អង់គ្លេសកន្លងមកក្នុងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងប្រទេសខ្លួន។
អាម៉េរិកឯណោះ ក៏សាទរការប្រកាសរបស់ចិនដែរ។ មន្រ្តីអាម៉េរិកម្នាក់ ប្រាប់អ្នកកាសែតនៅ UN ថា អាម៉េរិកស្វាគមន៍សេចក្តីប្រកាសនេះ ប៉ុន្តែនៅមានរឿងជាច្រើនទៀតចាំបាច់ត្រូវធ្វើបន្ថែមក្នុងការដោះស្រាយបញ្ហាអាកាសធាតុ។ អាម៉េរិក នឹងរង់ចាំមើលព័ត៌មាន និងជំហានបន្តរបស់ចិនដែលអនុវត្តក្នុងទសវត្សរ៍នេះដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ជាប្រទេសបញ្ចេញឧស្ម័នពុលធំជាងគេ សកម្មភាពរបស់ចិននឹងជួយឱ្យពិភពលោករក្សាការកើនកំដៅមិនឱ្យលើសពី ១,៥ អង្សារដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥កន្លងមក។
ចាប់តាំងពីឡើងកាន់អំណាច ប្រធានាធិបតីលោក ចូ បៃឌិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាអាកាសធាតុ។ នៅក្នុងសុន្ទរកថារបស់លោកនៅ UN នៅថ្ងៃទី២១ ខែកញ្ញាលោក បៃឌិនបានប្តេជ្ញាផ្តល់ជំនួយទ្វេដងទាក់ទិននឹងរឿងអាកាសធាតុ។ ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីចិន លោក ស៊ី ក៏បានប្រកាសថា ចិននឹងបញ្ឈប់ការគាំទ្រធ្យូងថ្មនៅក្រៅប្រទេសទាំងអស់ផងដែរ។
បើទោះបីជាចិនសន្យាបែបបេះក្តី ចិននៅតែបន្តវិនិយោគលើគម្រោងធ្យូងថ្មក្នុងប្រទេស។ បញ្ហានេះ ត្រូវបានលើកឡើងក្នុងដំណើរទស្សនកិច្ចទៅចិនរបស់ប្រេសិតអាកាសធាតុអាម៉េរិកលោក ចន ឃែរី នៅដើមខែនេះ។ មកទល់ពេលនេះ ចិនគឺជាប្រទេសដែលបានប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម និងបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេលើពិភពលោក៕
Tag:
ចិន
អាម៉េរិក
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com