COVID-19
ជាតិ
សៀមរាបបន្តដាក់សង្កាត់ និងភូមិមួយផ្នែកទៀត នៅតាមក្រុង ជាតំបន់ក្រហម១សប្ដាហ៍ទៀត
23, Sep 2021 , 4:45 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ បានសម្រេចបន្តដាក់សង្កាត់ និងភូមិមួយផ្នែកតាមសង្កាត់ក្នុងក្រុង ជាតំបន់ក្រហម រយៈពេល១សប្ដាហ៍ទៀត។

 
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត តំបន់ដែលនៅជាប់ជាតំបន់ក្រហម រួមមាន សង្កាត់ស្លក្រាម (គ្រប់ភូមិ) ,សង្កាត់ស្វាយដង្គំ មានភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស, សង្កាត់គោកចក មានភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទស្សិណខាងត្បូង និងភូមិវាល, សង្កាត់ជ្រាវ មានភូមិខ្នារ, សង្កាត់សាលាកំរើក ភូមិតាវៀន, សង្កាត់ស្រង៉ែ មានភូមិព្រៃធំ និងភូមិស្រង៉ែ។ រីឯសង្កាត់ថ្មីដែលទើបជាប់ជាតំបន់ក្រហមដែរនោះ គឺភូមិសណ្ដាន់ សង្កាត់ទឹកវិល ដែលមានភូមិសាស្រ្តជាប់ស្រុកពួក និងពីមុនជាប់ជាតំបន់លឿងទុំ។
 


អាជ្ញាធរបានដកភូមិសាស្រ្ដខ្លះនៃបណ្ដាសង្កាត់ខាងលើ និងបានឆ្វៀលភូមិសាស្រ្ដណាដែលនៅមានហានិភ័យខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩តែប៉ុណ្ណោះ។ ការបន្តដាក់ជាតំបន់ក្រហមនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
 
ក្នុងសេចក្ដីសម្រេចដាក់ដោយឡែកមួយទៀត រដ្ឋបាលខេត្តបានសម្រេចដាក់ភូមិសាស្រ្ដសង្កាត់នានានៃក្រុងសៀមរាប លើកលែងសង្កាត់នានា និងភូមិដែលត្រូវបានកំណត់ជាតំបន់ក្រហម ជាតំបន់លឿងទុំផងដែរ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

Tag:
 តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com