អន្តរជាតិ
អូស្ដ្រាលីព្យាយាមស្ដារមិត្តភាពជាមួយបារាំង ខណៈក្រុមហ៊ុនបារាំងនឹងទារសំណងរឿងបញ្ចប់កុងត្រា
23, Sep 2021 , 5:04 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅថ្ងៃទី២២ ខែកញ្ញា ប្រកាសថា លោកបានព្យាយាមរៀបចំ​កិច្ចសន្ទនាមួយជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើម្បីជជែកពីបញ្ហាទ្វេភាគីដែលប្រេះស្រាំក្រោយការប្រកាសគម្រោងសាងសង់នាវាមុជទឹក ប៉ុន្តែមិនបានជោគជ័យឡើយ។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលីរូបនេះ នឹងប្រឹងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយបារាំង ខណៈក្រុមហ៊ុនបារាំងត្រៀមទារសំណងពីអូស្ត្រាលីដែលលុបចោលកិច្ចព្រៀងសាងសង់នាវាមុជទឹក។

 
អស់រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីប្រកាសគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្រោមសម្ព័ន្ធភាពថ្មីអូស្ត្រាលី-អង់គ្លេស-អាម៉េរិក បារាំង​ហាក់ដូចជា​នៅគុំកួន​អូស្ត្រាលី​ខ្លាំង​នៅ​ឡើយ។ ចំពោះអាម៉េរិក បន្ទាប់ពីជំនួបរវាងលោក ចូ បៃឌិន និងសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង បារាំងក៏យល់ព្រមអនុញ្ញាតឱ្យអគ្គរដ្ឋទូតរបស់ខ្លួនត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញនៅសប្ដាហ៍ក្រោយ។ ប៉ុន្តែចំពោះអូស្ត្រាលី សូម្បីតែការរៀបចំកិច្ចសន្ទានាជាមួយបារាំងក៏មិនទាន់ទៅមុខរួចដែរ។
 
«ឱកាសសម្រាប់ការជួបគ្នាជាមួយភាគីបារាំងមិនទាន់មាននៅឡើយទេ។ ប៉ុន្តែយើងនឹងអត់ធ្មត់»។ លោក ស្កុត ម៉ូរីសុន បានលើកឡើងបែបនេះ បន្ទាប់ពីជួបជាមួយសមាជិកសភា អាម៉េរិក​ដើម្បី​ពិភាក្សា​ពីកិច្ចព្រមព្រៀងនាវាមុជទឹក និងសម្ព័ន្ធភាពសន្តិសុខថ្មី។ នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា លោក​យល់​ពី​ការខកចិត្តជាខ្លាំងរបស់បារាំង ហើយលោកនឹងចំណាយពេលបន្ថែមទៀត ព្រមទាំងទន្ទឹង​រង់ចាំ​ឱកាស និងពេលវេលាស័ក្តិសមដើម្បីដោះស្រាយរឿងនេះ។
 
បើតាមលោក ម៉ូ​រី​សុន បញ្ហារវាងបារាំង-អាម៉េរិកមានលក្ខណៈខុសគ្នាជាមួយបញ្ហារវាងបារាំង-អូស្ដ្រាលី​។ នេះមានន័យថា ការផ្សះផ្សាទំនាក់ទំនងបារាំង-អូស្ដ្រាលីពិបាកជាង​ការផ្សះផ្សា​ទំនាក់ទំន​ង​បារាំង-អាម៉េរិក។
 
ក្នុងថ្ងៃទី២២ ខែកញ្ញា ក្រុមហ៊ុនសាងសង់នាវាបារាំង Naval Group ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកប្រើថាមពលឥន្ធនៈឱ្យអូស្ត្រាលីនោះ ប្រកាសថា ខ្លួននឹងផ្ញើបញ្ជី​ទូទាត់ប្រាក់​ទៅអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយក៏រំពឹងថា​ ទីក្រុងកង់បេរ៉ានឹងបង់​ប្រាក់​សម្រាប់​ការលុបកិច្ចសន្យាទិញនាវាមុជទឹករបស់ខ្លួនតម្លៃរាប់ពាន់លានដុល្លារផងដែរ។ 
 
«អូស្ត្រាលីជាអ្នកបញ្ចប់កិច្ចសន្យា ដូចច្នេះពួកយើងមិនមែនជាអ្នកខុសនោះទេ។ នាយកប្រតិបត្តិ​ក្រុមហ៊ុន Naval Group លោក Pierre Eric Pommellet  ប្រាប់កាសែតបារាំង Le Figaro បែបនេះ។
 
គួរបញ្ជាក់ថា អ្នកនយោបាយអូស្ត្រាលីបានបង្ហាញពីរបាយការណ៍ស្ដីពីការពន្យារពេល ការចំណាយ​ហួសកំណត់ និងបញ្ហាផ្សេងៗនៃការសាងសង់នាវាមុជទឹកដោយក្រុមហ៊ុនបារាំង​ខាង​លើ​។ ការណ៍​នេះ​ហើយដែលអូស្រ្តាលីសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង ហើយងាកទៅរកបច្ចេកវិទ្យាទំនើបរបស់អាម៉េរិកវិញ៕
 
 

Tag:
 អូស្ត្រាលី
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com