អន្តរជាតិ
អាម៉េរិកផ្ដល់ជំនួយ១៨០លានដុល្លារដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
23, Sep 2021 , 8:29 pm        
រូបភាព
អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield ។ រូបថត AFP
អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield ។ រូបថត AFP
អំឡុងកិច្ចប្រជុំមួយក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២២ ខែកញ្ញា អាម៉េរិកបានប្រកាសផ្ដល់ជំនួយមនុស្សធម៌ជាង១៨០លានដុល្លារដល់បង់ក្លាដែស ដែលកំពុងទទួលបន្ទុកដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់។ ស្របគ្នានេះ ក្រសួងការបរទេសអាម៉េរិកបានទទូចជាថ្មីឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា គោរពតាមផែនការ៥ចំណុចរបស់អាស៊ាន។

 
អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield បានប្រកាសក្នុង កិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយថា អាម៉េរិកនឹងផ្ដល់ជំនួយប្រមាណ១៨០លានដុល្លារសម្រាប់ការ ដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស។
 
ជាមួយនឹងជំនួយថ្មីនេះ ទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងអាចបន្តផ្តល់ជំនួយស្បៀងអាហារ សេវាកម្មថែទាំសុខភាព សុវត្ថិភាព សេវាកម្ម អនាម័យ ការសាងសង់ជម្រក និងប្រព័ន្ធទឹកស្អាតដល់ជនភៀសខ្លួនដែលស្នាក់នៅជំរំ Kutupalong ។ ជំរំនេះស្ថិតនៅក្រុង Cox's Bazar របស់បង់ក្លាដែស និងជាជម្រកធំជាងគេបង្អស់លើពិភពលោកដែលទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៨០ម៉ឺននាក់។
 
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជាមួយនឹងប្រាក់ឧបត្ថម្ភថ្មីនេះ ជំនួយមនុស្សធម៌សរុបរបស់អាម៉េរិកឈានដល់ជាង១,៥ពាន់លានដុល្លារបើគិតចាប់តាំងពីខែសីហាឆ្នាំ២០១៧ ។ ឆ្នាំ២០១៧ ជាពេលដែលជនភាគតិចរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានរត់ចេញពីប្រទេសទៅកាន់បង់ក្លាដែស និងប្រទេសផ្សេងៗទៀតដើម្បីគេចខ្លួនពីអំពើហិង្សារបស់ក្រុមយោធាមីយ៉ាន់ម៉ា។
 
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ លោក Price ជាថ្មីម្ដងទៀតបានសង្កត់ធ្ងន់ឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សាជាបន្ទាន់ ដោះលែងអ្នកដែលជាប់ឃុំឃាំងដោយអយុត្តិធម៌ ស្តាររបបនយោបាយឡើងវិញតាមលទ្ធិប្រជាធិបតេយ្យ និងអនុវត្តផែនការ៥ចំណុចរបស់អាស៊ាន។ លោក Price ក៏បានទទូចឱ្យរបបនេះអនុញ្ញាតឱ្យមាន ការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងដោយគ្មានឧបសគ្គដល់ប្រជាជនដែលត្រូវការជំនួយផងដែរ៕
 
 

Tag:
 អាម៉េរិក
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com