កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ សៀង ចន្ធា ជួយឱ្យបឹងកេត ឈ្នះទ័ព ឡើងទៅឈរលេខ៣បណ្ដោះអាសន្ន
23, Sep 2021 , 5:43 pm        
រូបភាព
ខ្សែប្រយុទ្ធបឹងកេត សៀង ចន្ធា បណ្ដើរបាល់អូសកាត់ខ្សែការពារកងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៥ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៣ កញ្ញា ២០២១
ខ្សែប្រយុទ្ធបឹងកេត សៀង ចន្ធា បណ្ដើរបាល់អូសកាត់ខ្សែការពារកងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៥ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៣ កញ្ញា ២០២១
ភ្នំពេញ៖ បឹងកេត បានយកឈ្នះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល១-០ ក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៥ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៣ កញ្ញា។


 
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យបឹងកេត នៅនាទី៧០ តាមរយៈការប្រើក្បាលតែតបញ្ចូលទី ក្រោយពីមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ខ្សែបម្រើ ឱ ភារុន ដែលបានប្ដូរចូលជំនួសកីឡាករ ជា វេស្លី ។ 
 
នេះជាជ័យជម្នះលើកទី២របស់បឹងកេត លើកងយោធពលខេមរភូមិន្ទ នៅរដូវកាល២០២១នេះ។ កាលពីប្រកួតជើងទី១កន្លងមក ក្រុមបឹងកេត ដែលដឹកនាំដោយលោក កឹម ភក្តី បានយកឈ្នះក្រុមទ័ព របស់អ្នកចាត់ការ Lee Tae Hoon ដោយលទ្ធផល២-០ នៅទឹកដីខេមបូឌាអ៊ែវ៉េ ។
 
ជ័យជម្នះនេះ បានជួយបឹងកេត ឡើងទៅឈរលេខ៣បណ្ដោះអាសន្ន ក្រោយឈ្នះ១០ និងចាញ់៤ប្រកួត មាន៣០ពិន្ទុក្នុងដៃ។ ចំណែកណាហ្គាវើលដ៍ធ្លាក់មកលេខ៥វិញ ដោយមាន២៨ពិន្ទុ បន្ទាប់ពីឈ្នះ៨ ស្មើ៤ និងចាញ់២ លើក។ រីឯកងយោធពលខេមរភូមិន្ទ មាន២២ពិន្ទុ ដោយឈ្នះ៦ ចាញ់៤ និងស្មើ៤ប្រកួត។
 
ក្រុមដែលឈរកំពូលតារាងពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ គឺព្រះខ័នរាជស្វាយ មាន៣១ពិន្ទុ ក្រោយឈ្នះ១០ ស្មើ១ និងចាញ់៣ ខណៈភ្នំពេញក្រោន មាន៣១ពិន្ទុដែរ ប៉ុន្តែពួកគេ ឈ្នះតែ៩ ស្មើ៤ និងចាញ់១ប្រកួត។ វិសាខាមាន២៨ ពិន្ទុក្នុងដៃ៕
 
 

Tag:
 សៀង ចន្ធា
  លីគកំពូលកម្ពុជា
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com