ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច រម្លឹកពីប្រវត្តិបាត់ទឹកដី ដោយសារពឹងបរទេស ហើយស្នើឲ្យអ្នកនយោបាយ កុំដើរជាន់ដានចាស់
23, Sep 2021 , 8:59 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងកម្មវិធីតុមួល កាលពីខែមិថុនា ឆ្នាំ២០២១ (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
លោក សុខ ទូច ថ្លែងក្នុងកម្មវិធីតុមួល កាលពីខែមិថុនា ឆ្នាំ២០២១ (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារខ្លីមួយលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងន័យពញ្ញាក់ស្មារតីអ្នកនយោបាយ ឲ្យដឹងខ្លួន ចំពោះគ្រោះថ្នាក់នៃការពឹងពាក់បរទេស។ សាររបស់លោក បានភ្ជាប់ជាមួយឧទាហរណ៍ខ្លះៗ អំពីប្រវត្តិសាស្រ្ត ដែលខ្មែរ បានបាត់បង់ទឹកដី និងរងក្តីវិនាសអន្តរាយ ដោយសារការពឹងពាក់បរទេស។

 
លោក សុខ ទូច សរសេរថា៖«ជាក់ស្ដែង យើងត្រូវពិនិត្យមើលប្រវត្តិសាស្ត្រ។ ខ្មែរ ពឹងអ្នកជិតខាង ខ្មែរបាត់ទឹកដី។ ខ្មែរ ត្រូវបានមហាអំណាចជួយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាមេរៀន។ ខ្មែរ ទៅពឹងបារាំងឆ្នាំ១៨៥៩ ដល់ឆ្នាំ១៩៥៤ ខ្មែរបាត់កូសាំងស៊ីន (កម្ពុជាក្រោម)»។ 
 
លោក មិនត្រឹមតែលើកឡើងពីប្រវត្តិសាស្រ្តខ្មែរ ដែលខ្មែរ ធ្លាប់បាត់បង់ទឹកដី និងធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសារការពឹងបរទេសនោះទេ លោក ក៏បានរំលេចពីប្រវត្តិសាស្រ្តរបស់បរទេសដែរ ដែលរងគ្រោះដោយសារការពឹងបរទេស នោះគឺស្ថានការណ៍នៅអាហ្វហ្កានីស្ថាន កាលពីឆ្នាំ១៩៩៦ និងស្ថានការណ៍បច្ចុប្បន្ននៅអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០២១នេះ។ លោក ចាត់ទុក ស្ថានការណ៍នៅអាហ្វហ្កានីស្ថានទាំង២ដំណាក់កាលនេះ ថាសុទ្ធតែជាមេរៀន។ 
 
តាមរយៈប្រវត្តិសាស្រ្តទាំងនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មិនចង់ឲ្យអ្នកនយោបាយខ្មែរបច្ចុប្បន្ន បន្តដើរជាន់ដានចាស់ឡើយ។ លោក សំដៅទៅអ្នកនយោបាយថា៖«សូមអ្នកនយោបាយកុំដើរពឹងពាក់បរទេស ដើម្បីតែបុព្វហេតុមហិច្ឆតាអំណាចរបស់ខ្លួន ហើយបណ្ដោយឲ្យប្រទេសជាតិធ្លាក់រងគ្រោះ ប្រជាជនជាអ្នកទទួលរងទុក្ខលំបាក»។
 
លោក យល់ឃើញថា មុននឹងទៅពឹងបរទេសឲ្យជួយ ខ្មែរ ត្រូវជួយខ្លួនឯងសិន។ លោក បន្តថា គ្មាននរណាជួយខ្មែរឡើយ បើខ្មែរ ខ្វះសមត្ថភាព៕   
 

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com