កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សុំឱ្យ FIFA បញ្ឈប់ការជំរុញសមាជិកឱ្យគាំទ្រគម្រោងរៀប World Cup ២ឆ្នាំម្តង
24, Sep 2021 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ជំរុញសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឱ្យបញ្ឈប់ការបញ្ចុះបញ្ចូលសមាជិកគាំទញរផែនការរៀប World Cup ពីរឆ្នាំម្តងរបស់ខ្លួនចោល។ FIFA គ្រោងអញ្ជើញសមាជិកសហព័ន្ធកីឡាបាល់ទាត់របស់ខ្លួន ចូលរួមកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិតនៅថ្ងៃទី៣០ ខែកញ្ញា ដើម្បីគាំទ្រគម្រោងរបស់ខ្លួន។


FIFA នឹងចាប់ផ្តើមការសិក្សាស្រាវជ្រាវដំណាក់កាលដំបូង ជុំវិញការផ្លាស់ប្តូរកាលវិភាគប្រកួតកីឡាបាល់ទាត់អន្តរជាតិទាំងផ្នែកស្ត្រី និងបុរសសារជាថ្មី ដើម្បីអាចឈានទៅកាន់ការប្តូរការរៀបចំកាលប្រកួតកីឡាបាល់ទាត់ពិភពលោក ពី៤ឆ្នាំទៅ២ឆ្នាំម្តងវិញ។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញសមាជិកសហព័ន្ធកីឡាបាល់ទាត់របស់ខ្លួន ចូលរួមកិច្ចប្រជុំកំពូលតាមអ៊ិនធឺណិតនៅថ្ងៃទី៣០ ខែកញ្ញា ដើម្បីជំរុញ និងទទួលបានការគាំទ្រឱ្យមានការផ្លាស់ប្តូរតាមផែនការខ្លួន។
 
គម្រោងផ្លាស់ប្តូរការរៀបចំការប្រកួត FIFA World Cup រៀងរាល់២ឆ្នាំម្តង ដែលគាំទ្រដោយលោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់របស់ FIFA មិនទទួលបានការគាំទ្រពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ធំៗឡើយនាពេលកន្លងមក។ យ៉ាងណាលោក Wenger ជឿជាក់ថា ផែនការនេះនឹងទទួលបានជោគជ័យ១០០ភាគរយ។
 
ជុំវិញករណីនេះ UEFA បង្ហាញការមិនពេញចិត្តទាល់តែសោះ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបសសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «UEFA ខកចិត្តចំពោះវិធីសាស្រ្តរបស់ FIFA ដែលបានអនុម័តការកែទម្រង ដោយផ្សព្វផ្សាយបើកចំហមុនពេលផ្តល់ឱ្យមានការជជែកគ្នាជាមួយស្ថាប័នពាក់ព័ន្ធ។»
 
UEFA ថែមទាំងបារម្ភពីផលប៉ះពាល់នៃការផ្លាស់ប្តូរមួយនេះ ដែលនឹងអាចធ្វើឱ្យតម្លៃការប្រកួត World Cup កាន់តែធ្លាក់ចុះ ហើយហានិភ័យរបស់កីឡាករនឹងកើនឡើងនៅពេលមានការប្រកួតច្រើន។
 
មិនមែនតែ UEFA ឡើយ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) រួមជាមួយទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) សុទ្ធតែបានបដិសេធ ផែនការរបស់ FIFA ដែលមានលោក Wenger ជាអ្នកគាំទ្រធំបំផុត៕
 

Tag:
 UEFA
  FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com