ជាតិ
អតីតយោធិនពិការ និងភរិយា បរិច្ចាគដីសង់អគារសិក្សា ព្រោះចង់ឃើញក្មេងៗក្នុងភូមិបានរៀនសូត្រ
24, Sep 2021 , 8:59 am        
រូបភាព
លោក សុខ លឿន និងភរិយា បានផ្តល់ដីផ្ទាល់ខ្លួនទំហំ៩០០ម៉ែត្រក្រឡា ដល់អនុវិទ្យាល័យ ប៉ាងរលឹម ដើម្បីបង្គ្រប់ទីតាំងសង់អគារសិក្សាថ្មីមួយខ្នង។ លោក សុខ លឿន បានប្រាប់សារព័ត៌មានថ្មីៗថា លោកបរិច្ចាគដីសម្រាប់សង់អគារសិក្សាថ្មីនេះ ព្រោះចង់រួមចំណែកក្នុងការអភិវឌ្ឍសាលារៀន និងចង់ឱ្យក្មេងបានទទួលការអប់រំល្អប្រសើរ។

 
លោក សុខ លឿន និងភរិយា ដែលជាពលរដ្ឋរស់នៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានសម្រេចចិត្តឥតស្ទាក់ស្ទើរ បរិច្ចាគដីផ្ទាល់ខ្លួនទំហំ៩០០ម៉ែត្រក្រឡា ដល់អនុវិទ្យាល័យប៉ាងរលឹម ដើម្បីសង់អគារសិក្សាមួយខ្នង កម្ពស់៣ជាន់។  
 
ជាពលរដ្ឋដែលមានជីវភាពសមរម្យនៅសង្កាត់អូរតាវ៉ៅ លោក សុខ លឿន មានវ័យ៦៥ឆ្នាំ មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោកសម្រេចចិត្តផ្តល់ដីដល់សាលារៀននេះ ព្រោះលោកចង់ចូលរួមចំណែក អភិវឌ្ឍន៍មុខមាត់សាលារៀន និងចង់ឃើញក្មេងៗនៅក្នុងតំបន់ខ្លួន បានរៀនសូត្រ និងមានចំណេះដឹងខ្ពស់គ្រប់គ្នា។ មិនមានកូនតូចៗឱ្យចូលរៀនមែនពិត ប៉ុន្តែលោក សុខ លឿន ដែលជាអតីតទាហាននិងពិការជើងម្ខាងផង ជឿជាក់ដែរថា ចៅៗរបស់ខ្លួន នឹងទទួលបានការអប់រំពីសាលានេះដែរនាពេលអនាគត។ 
 
លោក សុខ លឿន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំចង់ឱ្យមានសាលាបណ្តុះបណ្តាលបានល្អជាងខ្ញុំ ព្រោះជំនាន់ខ្ញុំ សម័យខ្ញុំ រៀនបានតិចពេក។ ជំនាន់ខ្ញុំរៀនបានតិច តែខ្ញុំខំឱ្យកូនបានដល់បរិញ្ញា។ រឿងខ្ញុំជួយនេះ ខ្ញុំគ្មានចង់បានអីពីរដ្ឋ ចង់បានពីសាលាវិញទេ។ ខ្ញុំជួយឱ្យសាលាហ្នឹងបានរីកចម្រើន បណ្តុះបណ្តាលក្មេងៗកុំឱ្យល្ងង់ដូចជំនាន់ខ្ញុំ។ ជំនាន់ខ្ញុំ ឆ្នាំ៧០ គេមិនធ្វើរដ្ឋប្រហារ ហើយរៀនបានថ្នាក់ទី១ ទី២ ប៉ុណ្ណឹង!»។ 
 

លោក សុខ លឿន និងអ្នកពាក់ព័ន្ធចុះវាស់ដីរបស់ខ្លួន ដែលសម្រេចផ្តល់ជូនសាលាដើម្បីសង់អគារសិក្សាថ្មី កាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១។ (រូបថត៖ អនុវិទ្យាល័យប៉ាងរលឹម) 

ជុំវិញការបរិច្ចាគដីផ្ទាល់ខ្លួនដល់សាលារៀននេះ អ្នកស្រី មែ មួន ដែលជាភរិយារបស់លោក ក៏មិនមានអល់អែកអ្វីដែរ។ បើតាមលោក សុខ លឿន ភរិយាគាត់ ថែមទាំងជំរុញឱ្យខ្លួនផ្តល់ដីឱ្យសមរម្យ សម្រាប់សង់អគារសិក្សាថ្មីនេះទៀតផង។ លោក សុខ លឿង បានរំឭកសម្តីភរិយាខ្លួនដែលមានវ័យ៥៨ឆ្នាំយ៉ាងដូច្នេះ៖«គាត់(ភរិយា)ថា បើសាលាគេសុំអ៊ីចឹង ឱ្យគេឱ្យសមរម្យទៅ កុំឱ្យធ្វើប្រផិតប្រផើយ!»។
 
 
សម្រាប់ពលរដ្ឋមួយចំនួននៅក្នុងសង្កាត់អូរតាវ៉ៅ ជាទីដែលលោក សុខ លឿន រស់នៅ ការបរិច្ចាគដី ដែលមានតម្លៃរាប់ពាន់ដុល្លារ គឺជារឿងគួរឱ្យអស់សំណើច ប៉ុន្តែលោក លឿន និងភរិយា មិនយល់ដូច្នោះឡើយ។ លោក លឿន ដែលជាអ្នកធ្វើចម្ការ និងលក់ដូរនៅផ្ទះ ហើយដែលមានជីវភាពសមល្មមនោះ ចាត់ទុកថាការផ្តល់ដីនេះ ជាការធ្វើបុណ្យ សន្សំកុសលផង ហើយការធ្វើទានប៉ុនណេះ មិនធ្វើឱ្យជីវភាពគ្រួសារលោក លំបាកនោះទេ។ លោក សុខ លឿន រៀបរាប់ដូច្នេះ៖«គេសើចគ្រប់តែគ្នា រឿងឱ្យដី ឱ្យអី! គេថា ដីគេលក់សុទ្ធតែរាប់ពាន់ រាប់ម៉ឺន! តែខ្ញុំថា បរិច្ចាគប៉ុណ្ណឹង ក៏វាមិនក្រដែរ បើប្រុងតែមាន វាមានហើយ»។ 
 
តាមពិតទៅ នេះមិនមែនជាលើកទី១នោះទេ ដែលលោក សុខ លឿន និងលោកស្រី មែ មួន ដែលជាភរិយា បានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍អនុវិទ្យាល័យប៉ាងរលឹម ដែលមានទីតាំងក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិននេះ។ កន្លងមកប្តីប្រពន្ធមួយគូនេះ បានខ្នះខ្នែង ដល់ការពង្រីកផ្លូវចូលសាលារៀនដែលមានសភាពតូចចង្អៀត ហើយក៏ធ្លាប់ជួយសង់បន្ទប់សិក្សានៅក្នុងបរិវេណអនុវិទ្យាល័យនេះដែរ។ ការងារអភិវឌ្ឍន៍ផ្សេងៗ នៅក្នុងអនុវិទ្យាល័យប៉ាង រលឹម កន្លងមក ក៏ប្តីប្រពន្ធគូនេះ ខិតខំជួយកសាងមករហូតដែរ។ នេះបើតាមលោក អន ប៊ុនធឿន នាយកអនុវិទ្យាល័យប៉ាងរលឹម ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
 

លោក សុខ លឿន ដែលបានទៅពិនិត្យមើលការងារឈូសឆាយក្នុងបរិវេណអនុវិទ្យាល័យដើម្បីសង់បន្ទប់សិក្សាថ្មី កាលពីដើមឆ្នាំ២០២១។ រូបថត៖ អនុវិទ្យាល័យប៉ាងរលឹម

បើតាមលោកគ្រូ អន ប៊ុនធឿន បន្ទាប់ពីអនុវិទ្យាល័យប៉ាងរលឹម បានដំណឹងពីការទទួលអំណោយជាអគារសិក្សាមួយខ្នង កម្ពស់៣ជាន់ ពីសម្តេច នាយរកដ្ឋមន្ត្រីហ៊ុន សែន ក្រុមអ្នកជំនាញបានចុះវាស់វែងដី សម្រាប់អគារសិក្សាថ្មីភ្លាមដែរ។ ប៉ុន្តែគួរឱ្យស្តាយ ដីសាលារៀនដែលមាន សម្រាប់ទីតាំងសង់អគារសិក្សានេះមិនគ្រប់គ្រាន់ ហើយសាលាក៏មិនមានថវិកា សម្រាប់ទិញដីពង្រីក សម្រាប់សង់អគារថ្មីនេះដែរ។ ហេតុដូច្នេះហើយ ទើបនាយកសាលា ដាច់ចិត្តស្នើសុំពី លោក សុខ លឿន និងភរិយា ដែលមានដីជាប់ព្រំប្រទល់នឹងសាលារៀនស្រាប់ផង និងជាអ្នកដែលតែមានសមានចិត្តអភិវឌ្ឍន៍សាលារៀនតាំងពីដើមមកផង។ 
 
លោកគ្រូ អន ប៊ុនធឿន រៀបរាប់ថា៖ «ការវាស់វែងទៅវាស្ទើរ បើកាលណាយើងធ្វើទៅតាមស្តង់ដារទៅ វាខ្វះពីចំហៀងៗ ដើម្បីឱ្យវាល្អមើល។ អ៊ីចឹងពួកខ្ញុំទាំងអស់គ្នា គិតថា មានតែរត់ទៅរកអ្នកមានគុណ(លោក សុខ លឿន) យើងទៀតទេ! មានតែគាត់ទេ ដែលអាចជួយដោះស្រាយបាន។ យើងដឹងថាដីហ្នឹងជាដីគាត់ ហើយពួកខ្ញុំ ស្គាល់ចិត្តថ្លើមគាត់ នឹកឃើញថា បើហារមាត់(សុំ)ទៅដឹងតែគាត់ឱ្យហើយ»។ 
 
បើទោះជាអះអាងថា ស្គាល់ចិត្តថ្លើម ប្តីប្រពន្ធមួយគូនេះ រួចហើយមែន ប៉ុន្តែលោក អន ប៊ុនធឿន ថ្លែងទាំងរំភើប និងមិនស្មានថា លោក សុខ លឿន និងភរិយា សុខចិត្តពុះជ្រៀកដីផ្ទាល់ខ្លួន បរិច្ចាគមកឱ្យសាលា ដោយឥតប្រកែកទាល់តែសោះនេះដែរ។ «ខ្ញុំមានក្តីរំភើប មិននឹកស្មានថាសម័យនេះហើយ ដែលដីវាឡើងថ្លៃ ហើយគាត់មានសទ្ធាក្នុងការបរិច្ចាគដីមកដល់សាលនេះ»។ 
 

លោកអន ប៊ុនធឿន នាយកអនុវិទ្យាល័យប៉ាងរលឹម ​

លោក អន ប៊ុនធឿន ក៏ប្តេជ្ញាតបស្នងគុណម្ចាស់ទាន តាមរយៈការផ្តល់លិខិតសរសើរ និងពិសេសលោកនឹងខិតខំស្នើសុំទៅថ្នាក់លើ ធ្វើយ៉ាងណា ឱ្យលោក សុខ លឿន និងភរិយា ទទួលបានមេដាយកិត្តិយសថ្នាក់ណាមួយ ក្នុងនាមជាអ្នកដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សាលារៀន និងការសិក្សារបស់សិស្សានុសិស្ស។
 
សម្រាប់ លោក អន ប៊ុនធឿន ការផ្តល់ដីសង់អគារសិក្សានេះ បានរួមចំណែកយ៉ាងធំធេងណាស់ ក្នុងការអប់រំដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន ខណៈបច្ចុប្បន្ន អនុវិទ្យាល័យប៉ាង រលឹម មានអគារសិក្សាតែ៣ខ្នង ហើយមានសិស្សចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ ជិត ៩០០នាក់ឯណោះ។ ចំនួនបន្ទប់សិក្សាដែលមានស្រាប់ ធៀបនឹងចំនួនសិស្ស គឺមិនគ្រប់គ្រាន់ឡើយ បើសិស្សត្រូវចូលរៀនពេញលេញវិញនោះ។  នេះបើតាមលោកនាយកអនុវិទ្យាល័យ។ 
 
សូមជម្រាបដែរថា បច្ចុប្បន្ន មានតែសិស្សថ្នាក់ទី៦ និងទី៩ប៉ុណ្ណោះដែលអនុញ្ញាតឱ្យសិក្សានៅក្នុងការបើកសាលារៀនដំណាក់កាលទី១ ក្នុងបរិបទកូវីដ-១៩នេះ។ ក្រៅពីនេះសិស្សានុសិស្សនៅបន្តសិក្សាតាមប្រព័ន្ធអនឡាញ៕
 

Tag:
 សុខ លឿន
  បរិច្ចាគដី
 អន ប៊ុនធឿន
 ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com