COVID-19
ជាតិ
លោក ជួន ណារិន្ទ៖ ក្រុមជនជាតិថៃ ដែលបង្ហោះវីដេអូសុំអន្តរាគមន៍ មិនមែនជាករណីបង្ខាំងមនុស្សទេ ក្រុមជនជាតិថៃដែលឆ្លងដែនខុសច្បាប់ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ (រូបពី នគរបាលជាតិ)
× ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិថៃមួយក្រុម ដែលបង្ហោះវីដេអូ សុំការអន្តរាគមន៍នោះ មិនមែនជាករណីបង្ខាំងមនុស្សឡើយ។ បើតាមស្នងការខេត្តរូបនេះ ក្រុមជនជាតិថៃទាំងនោះ កំពុងជាប់ធ្វើចត្តាឡីស័ក។
លោក ជួន ណារិន្ទ បានសរសេរលើទំព័រហ្វេសប៊ុកខ្លួនថា ជនជាតិថៃ៣៦នាក់ លួចឆ្លងដែនខុសច្បាប់មកកម្ពុជា តាមរយៈមេខ្យល់។ ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បញ្ជាក់ថា ក្រុមជនជាតិថៃទាំងនោះ ត្រូវបានកម្លាំងជំនាញរកឃើញ នៅកាស៊ីណូហ្គោលដិនវើល ៣ នៅភូមិ១ សង្កាត់៣ ក្រុមព្រះសីហនុ កាលពីថ្ងៃទី៤កញ្ញា។ ក្នុងចំណោមពួកគេទាំងនោះ ត្រូវបានពិនិត្យឃើញមានអ្នកឆ្លងកូវីដ-១៩ប្រភេទដែលតា ចំនួន៥នាក់។
បើតាមលោក ជួន ណារិន្ទ សមត្ថកិច្ចក៏បានយកអ្នកទាំង៥នាក់នោះ ទៅព្យាបាលនៅសណ្ឋាគារសាកាណា៣។ ចំណែកជនជាតិថៃ៣១នាក់ទៀត ដែលមិនឆ្លងកូវីដ-១៩ គឺត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែងដដែល ក្នុងកាស៊ីណូហ្គោលដិនវើល៣។
លោក ជួន ណារិន្ទ អះអាងថា «ករណីដែលក្រុមជនជាតិថៃទាំងនោះ បង្ហោះវីដេអូសុំការអន្តរាគមន៍ គឺមិនមែនជាករណីបង្ខាំងមនុស្សឡើយ»។
បន្ទាប់មក កម្លាំងជំនាញបន្តស្រាវជ្រាវឃើញមេខ្យល់ ៤នាក់ ដែលបាននាំក្រុមជនជាតិថៃទាំងនោះ ឆ្លងដែនខុសច្បាប់មកកម្ពុជា ក្នុងនោះចិន៣នាក់ និងថៃ១នាក់។ អ្នកទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមវិធានច្បាប់រួចហើយ៕
Tag:
ឆ្លងដែន
ថៃ
ចិន
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com