ជាតិ
គណបក្សប្រជាជនកម្ពុជាបន្តទទួលសមាជិកថ្មីពីអតីតគណបក្សសង្គ្រោះជាតិ
24, Sep 2021 , 4:28 pm        
រូបភាព
លោក នួន ផារ័ត្ន ប្រគល់លិខិតប្រកាសទទួលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា
លោក នួន ផារ័ត្ន ប្រគល់លិខិតប្រកាសទទួលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជាប្រចាំខណ្ឌមានជ័យ បានរៀបចំពិធីប្រកាសទទួលសមាជិកថ្មីបន្ថែមទៀត ដែលជាក្រុមយុវជននៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានរៀបចំធ្វើ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ។

 
លោក នួន ផារ័ត្ន ដែលជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ គឺជាអធិបតី នៅក្នុងពិធីប្រកាសទទួលសមាជិកថ្មីទាំងនោះ។
 
លោក នួន ផារ័ត្ន ដែលត្រូវបានស្គាល់ថាជាអភិបាលរងរាជធានីភ្នំពេញផងនោះ បានមានប្រសាសន៍ថា មានយុវជនដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់ហើយ ដែលបានសម្រេចចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ-១៩ ការរៀបចំពិធីទទួលស្វាគមន៍ ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ។
 
លោក នួន ផារ័ត្ន បានបញ្ជាក់បន្តយ៉ាងដូច្នេះថា៖«បងប្អូនទាំងនោះ ធ្លាប់ជាប្រធានយុវជនរបស់គណបក្សផ្សេង ប្រចាំតាមខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ។ ពេលនេះ ពួកគេបានសម្រេចចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ ដោយសារតែពួកគេយល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានកំពុងបម្រើប្រទេសជាតិ និងប្រជាជនពិតប្រាកដ»។


 
នៅក្នុងពិធីនោះដដែល លោក គឹម សុវណ្ណវង្ស តំណាងសមាជិកថ្មីនៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌមានជ័យ បាននិយាយអរគុណគណបក្សប្រជាជនកម្ពុជា ដែលទុកចិត្ត និងបានព្រមទទួលពួកគេ ជាសមាជិកថ្មីប្រចាំខណ្ឌមានជ័យ។ លោក សុវណ្ណវង្ស បានសន្យាថា ពួកគេនឹងគោរពព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលនានា ដែលកើតចេញពីនយោបាយឈ្នះ-ឈ្ នះរបស់សម្តេចនាយករដ្ឋមន្ត្រី។ លោកបានបន្តទៀតយ៉ាងដូច្នេះ៖«យើងប្តេជ្ញាកសាងទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ និងខិតខំបង្កើនសមត្ថភាព ដើម្បីបម្រើប្រទេសជាតិមាតុភូមិ»។
 
លោក សាន គឹមហេង ប្រធានក្រុមយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌទួលគោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយកម្មវិធីនោះថា លោកបានខកចិត្តខ្លាំងនឹងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្រើប្រាស់រូបគេជាឧបករណ៍ ហើយបានធ្វើឱ្យរូបគេត្រូវចាប់ខ្លួនចូលពន្ធនាគារ ដើម្បីដាក់ទម្ងន់ចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពួកគេបានត្រឡប់ចូលប្រទេសវិញនោះ។
 
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល តែងបានបង្ហាញអំពីការចូលរួមនៃសមាជិកគណបក្សផ្សេងៗមកជាមួយខ្លួន ជាពិសេសសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាគណបក្សប្រឆាំងដ៏ធំមួយ តែត្រូវបានរំលាយដោយអំណាចសាលដីការតុលាការកំពូល កាលពីឆ្នាំ ២០១៧ អំពីអំពើក្បត់ជាតិរបស់ក្រុមមេដឹកនាំកំពូលរបស់គណបក្សនោះ។ ក្រុមអតីតជួរថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ត្រូវតុលាការ សម្រេចព្យួរមិនឱ្យប្រកបអាជីពនយោបាយរយៈពេល៥ឆ្នាំ។
 
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមអតីតមេដឹកនាំមួយចំនួន ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបានបង្កើតគណបក្សនយោបាយរៀងៗខ្លួនជាច្រើន៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com