ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាជ្ញាធរខេត្តសៀមរាប ចាប់បានជើងមាន់នាំចូលពីថៃ ជាង១ម៉ឺនគីឡូក្រាម
24, Sep 2021 , 5:54 pm        
រូបភាព
អាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តដឹកទំនិញខុសច្បាប់១គ្រឿង ដែលបាននាំចូលជើងមាន់ក្លាសេជាង១ពាន់កេះ ស្មើនឹង១៧១០០គីឡូក្រាម នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។ នេះបើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។

 
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា ទំនិញខុសច្បាប់ទាំងនោះ ត្រូវបាននាំចេញពីប្រទេសថៃ មកកម្ពុជា តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ដើម្បីបន្តចែកចាយនៅរាជធានីភ្នំពេញ។ 
 
អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ បានបន្ថែមថា ផលិតផលនាំចូលទាំងអស់នោះ ពុំមានលិខិតអនុញ្ញាតឡើយ ហើយបច្ចុប្បន្នអាជ្ញាធរ បានបញ្ជូនវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមច្បាប់។រថយន្តដឹកផលិតផលខុសច្បាប់នេះ ត្រូវបានអាជ្ញាធរឃាត់ កាលពីថ្ងៃទី២៣ កញ្ញា។
 
សូមបញ្ជាក់ថា នេះមិនមែនជាករណីទី១ទេ ដែលអាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តនាំចូលផលិតផលខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាត។ កន្លងមក ទំនិញកែច្នៃជាង៣ម៉ឺនគីឡូក្រាម ដែលនាំចូលពីប្រទេសថៃ តាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរ ចាប់បាននៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទំនិញកែច្នៃទាំងអស់នោះមានដូចជា ប្រហិតចម្រុះ ស្លាបមាន់ ជើងមាន់ និងកោះមាន់ក្លាសេជាដើម៕
 

Tag:
 ទំនិញខុសច្បាប់
 សាច់នាំចូល
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com