ជាតិ
ក្រុមហ៊ុនអាកាសចរណ៍ ត្រៀមរួចរាល់ស្វាគមន៍ទេសចរវ៉ាក់សាំង
25, Sep 2021 , 8:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមហ៊ុនCambodia Airport បានត្រៀមខ្លួនរួចរាល់សម្រាប់ ការបើកជើងហោះហើរឡើងវិញ ដើម្បីត្រៀមទទួលទេសចរណ៍វ៉ាក់សាំង។ ជាមួយគ្នានេះ ក្រុមហ៊ុន Cambodia Airport ក៏ចង់ឱ្យរដ្ឋាភិបាលប្រកាសការបើកទេសចរណ៍វ៉ាក់សាំង ឱ្យបានកាន់តែឆាប់ ព្រោះទេសចរបរទេសត្រូវការពេលពិចារណាជ្រើសរើសគោលដៅទេសចរណ៍។


 
ក្រុមហ៊ុន Cambodia Airport នៅព្រឹកថ្ងៃទី២៣ កញ្ញា បានធ្វើសន្នីសីទសារព័ត៌មាន នៅសណ្ឋាគារសូហ្វីថែល ដើម្បីប្រកាសថា វិស័យឯកជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ទទួលទេសចរ ចាក់វ៉ាក់សាំងរួចមកកម្ពុជា តាមគម្រោងរបស់រដ្ឋាភិបាល។ 
 
ជាមួយគ្នានេះ លោក Alain Brun ជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport បានលើកឡើងថា ក្រុមហ៊ុនបានត្រៀមជាស្រេច ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយ។ នាយកប្រតិបត្តិ ក៏ធានាអះអាងថា ក្រុមហ៊ុននឹងធ្វើឱ្យមានហានិភ័យឆ្លងនៃជំងឺកូវីដ-១៩ ទាបបំផុត ក្នុងអំឡុងពេលហោះហើររបស់ទេសចរ។
 
លោក Alain Brun បានបញ្ជាក់ដូច្នេះ៖«យើងតែងតែត្រៀមខ្លួនសម្រាប់ការបើកឡើងវិញ ហើយក៏មិនដែលបិទអាកាសយានដ្ឋានដែរ។ ពេលរាតត្បាតនៃជំងឺកូវីដ-១៩ដំបូង យើងជាអ្នកប៉ះពាល់ខ្លាំងមុនគេ។ ដូច្នេះយើង ក៏ត្រូវតែជាអ្នកចាប់ផ្ដើមមុនគេដែរ »។ 
 
ទន្ទឹមនឹងការត្រៀមខ្លួនរួចរាល់នេះ វិស័យឯកជន ក៏ចង់ឃើញ រដ្ឋាភិបាលប្រកាសជាផ្លូវការ ពីការបើកទទួលទេសចរវ៉ាក់សាំងនេះដែរ ដើម្បីឱ្យទេសចរពិចារណាជ្រើសរើសកម្ពជា សម្រាប់ការដើរកម្សាន្តរបស់ពួកគេ។
 
លោក Alain Brun បានបន្ថែមថា៖ «យើងមិនរំពឹងថា ពេលបើកជើងហោះហើរសម្រាប់ទេសចរភ្លាម នឹងមានភ្ញៀវច្រើនភ្លាមនោះទេ។ បរទេសនឹងពិចារណាសម្រាប់ការជ្រើសរើសទីតាំងដើរកម្សាន្ត។ ដូច្នេះបើការប្រកាសបើកទេសចរណ៍វ៉ាក់សាំងយឺត នោះភ្ញៀវទេសចរមកកម្ពុជាក៏ពន្យារពេលដូចគ្នា»។
 
បើតាមលោក Brun ការបើកជើងហោះហើរពីបរទេសមកម្ពុជា នឹងអនុវត្តតាមវិធានសុវត្ថិភាព ដោយមានការសម្អាតកៅអីអង្គុយរាល់ពេលធ្វើដំណើរ។ អ្នកបម្រើការលើយន្តហោះទាំងអស់ ត្រូវពាក់ម៉ាស់ជាប្រចាំជាដាច់ខាត។ ចំណែកអ្នកដំណើរ ក៏ត្រូវបានរក្សាគម្លាត និងត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពដែរ។ 
 
សូមរំឭកថា នាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារពីអាយុ៦ ដល់១២ឆ្នាំ កាលពីកាលថ្ងៃ១៧កញ្ញា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបើកទេសចរ វ៉ាក់សាំងនេះ ដែលតម្រូវឱ្យភ្ញៀវអន្តរជាតិចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។ ភ្ញៀវទេសចរ ក៏មិនចាំបាច់ធ្វើចត្តាឡីស័ក តែនៅសណ្ឋាគារទេ គឺទេសចរអាចដើរកម្សាន្តនៅតំបន់នោះបាន៕ 


លោក Alain Brun នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport អង្គុយ​កណ្ដាល


Tag:
 ThmeyThmey25
  អាកាសចរណ៍
  ទេសចរ
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com