អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់ នឹងចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ក្នុងពេលឆាប់ៗ
24, Sep 2021 , 11:30 pm        
រូបភាព
រូបពី Reuters
រូបពី Reuters
អ៊ីរ៉ង់ នឹងត្រលប់មកតុចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងពេលឆាប់ៗ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក  Hossein Amirabdollahian បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែកញ្ញា។



ចាប់តាំងពីអាម៉េរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់ បានប្តេជ្ញាបង្កើនការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ។ រដ្ឋបាលលោកដូណាល់ ត្រាំ ក៏បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ហាញក្តីសង្ឃឹមជាថ្មី ក្នុងការវិលត្រលប់ទៅតុចរចាជាមួយបណ្តាប្រទេសអឺរ៉ុប បន្ទាប់ពីរដ្ឋបាលអាម៉េរិកថ្មី បានបញ្ជាក់ពីជំហរចូលក្នុងកិច្ចព្រមព្រៀងនេះ។

«អ៊ីរ៉ង់នឹងត្រលប់ទៅតុចរចា»។ លោក  Hossein Amirabdollahian រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានអះអាងបែបនេះ ដោយបន្ថែមថា អ៊ីរ៉ង់ កំពុងពិនិត្យមើលកិច្ចចរចាក្នុងវីយែនឡើងវិញ ហើយក្នុងពេលឆាប់ៗខាងមុខ កិច្ចចរចាជាមួយប្រទេសទាំង ៥ នឹងចាប់ផ្តើមឡើង។ យ៉ាងណាមិញ ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់រូបនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ឡើយ។

ប្រទេសទាំង ៥ ដែលរដ្ឋមន្រ្តីអ៊ីរ៉ង់សំដៅដល់ មានដូចជា ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់។ កន្លងទៅ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ក៏បានថ្លែងពីបំណងរបស់ខ្លួនចង់វិលត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែរ។

សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អ៊ីរ៉ង់ បានឯកភាពលើការកម្រិតបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលអាចឈានទៅផលិតអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនេះ ជាថ្នូរនឹងការលើកចោលទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់៕

Tag:
 អ៊ីរ៉ង់
  អឺរ៉ុប
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com