ជាតិ
សង្គមជាតិ
វប្បធម៌លួចចម្លងស្នាដៃគួរត្រូវបញ្ចប់!
× ភ្នំពេញ៖ ចាប់តាំងពីប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ក្នុងសតវត្សរ៍ទី២១នេះមក ការលួចចម្លងស្នាដៃពីគ្នាទៅវិញទៅមក មានការកើនឡើងជាលំដាប់។ ការលួចចម្លងស្នាដៃអ្នកដទៃ មានន័យស្មើនឹងការលួចទ្រព្យសម្បត្តិ។ ប្រសិនបើគេនិយាយក្នុងវិស័យសារព័ត៌មានវិញ ដើម្បីអាចផលិតអត្ថបទព័ត៌មានបានមួយ ក្រុមហ៊ុន ត្រូវចំណាយថវិកាច្រើនរយដុល្លារអាម៉េរិក។
អំពើលួច មិនថា ជាការលួចទ្រព្យសម្បត្តិជាក់ស្តែង ឬការលួចកម្មសិទ្ធិបញ្ញា ឬការលួចអត្ថបទសំណេរធម្មតាទេ សកម្មភាពទាំងអស់នេះ សុទ្ធសឹងជាអំពើខុសច្បាប់។
សម្រាប់អ្នកជំនាញផ្នែកដំណឹង ឬព័ត៌មាន ការលួចស្នាដៃអ្នកដទៃ មានន័យស្មើនឹងការលួចទ្រព្យសម្បត្តិ ពីព្រោះទម្រាំផលិតបានអត្ថបទមួយ ឬស្នាដៃអ្វីមួយ ក្រុមហ៊ុនត្រូវការចំណាយប្រាក់សម្រាប់កិច្ចការទាំងនេះ។ អ្នកជំនាញផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា ចាប់តាំងពីប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង នៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាមក ការលួចចម្លងស្នាដៃ មានការកើនឡើងមិនឈប់ឈរ។
ទង្វើមិនស្របច្បាប់នេះ ជំរុញឱ្យក្រុមហ៊ុនដែលជាអ្នកផលិតព័ត៌មានស្របច្បាប់មួយចំនួនប្រឈមនឹងការខាតបង់ប្រាក់យ៉ាងច្រើន ពីព្រោះស្ថាប័នមិនស្មោះត្រង់មួយចំនួន មិនបានជួលបុគ្គលិកដើម្បីផលិតដំណឹងច្រើនទេ តែគេជួលបុគ្គលិកម្នាក់ ឬពីរនាក់ ដើម្បីចាំ«ចាប់»ឬ«លួច»ដំណឹងពីស្ថាប័នដទៃទៀតប៉ុណ្ណោះ។ ស្ថាប័នខ្លះ ចាប់យកដំណឹងគេមកដាក់ក្នុងស្ថាប័នខ្លួនឯង ដោយមិនបានជូនដំណឹងដល់ម្ចាស់ដើម សូម្បីតែមួយម៉ាត់ក៏គ្មានដែរ (អ្នកចាប់យកព័ត៌មានគួរចរចាជាមួយម្ចាស់ដើមជាមុនសិន)។
ការលួចចម្លងកាន់តែច្រើន ក្រុមហ៊ុនស្របច្បាប់ដែលត្រូវចំណាយថវិកាផលិតព័ត៌មាន ប្រឈមនឹងការក្ស័យធន ហើយបើក្រុមហ៊ុនព័ត៌មានស្របច្បាប់ក្ស័យធន នោះសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ នឹងកាន់តែរួមតូចជាងមុន។
សូមបញ្ជាក់ថា តាមផ្លូវច្បាប់ ស្ថាប័នព័ត៌មានមួយអាចដកស្រង់ព័ត៌មាន ពីស្ថាប័នព័ត៌មានផ្សេងទៀតបាន ប៉ុន្តែគេអាចដកស្រង់បាន តែមួយផ្នែកតូចណាមួយដោយសង្ខេប (មួយភាគបី) មកផ្សព្វផ្សាយបន្តប៉ុណ្ណោះ។ គេអាចធ្វើយ៉ាងនេះបាន ប៉ុន្តែអ្នកដកស្រង់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ដោយបង្ហាញប្រភពដើមរបស់គេ។ នេះគឺជាអ្វីដែលប្រទេសជឿនលឿនគោរពច្បាប់បាន និងកំពុងប្រតិបត្តិ។
ការស្តីបន្ទោសខាងលើ ធ្វើឡើងចំពោះតែស្ថាប័នព័ត៌មាន ដែលត្រូវប្រកួតប្រជែងគ្នា និងធ្វើអាជីវកម្មដូចគ្នាតែប៉ុណ្ណោះ។ សម្រាប់អ្នកទទួលព័ត៌មាន (អ្នកអាន ស្តាប់ ឬទស្សនា) ពួកគេអាចដកស្រង់ ឬផ្តិតចម្លងឯកសារគ្រប់បែបយ៉ាង ដើម្បីរក្សាទុកដោយសេរី ដោយគ្រាន់តែរក្សាប្រភពដើមប៉ុណ្ណោះ។
អ្នកវិភាគសង្គមសេដ្ឋកិច្ចអត្ថាធិប្បាយថា ការលួចចម្លងស្នាដៃអ្នកដទៃ មិនត្រឹមតែធ្វើឱ្យអ្នកលួចចម្លង អាចជាប់ទោសប៉ុណ្ណោះទេ ប៉ុន្តែបើនិយាយពីក្រមសីលធម៌វិញ ពួកគេកំពុងប្រឈមនឹងភាពខ្មាសអៀនចំពោះខ្លួនឯង និងប្រឈមនឹងកង្វះសតិសម្បជញ្ញៈទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com