ជាតិ
USAID​ បង្កើតយុទ្ធនាការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត
25, Sep 2021 , 7:29 pm        
រូបភាព
រូបភាពពី USAID Cambodia Green Future
រូបភាពពី USAID Cambodia Green Future
ទីភ្នាក់ងារសហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបង្កើតយុទ្ធនាការ កាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត ដើម្បីចូលរួមចំណែកអភិរក្សព្រៃឈើ និងការពារធនធានធម្មជាតិដ៏មានតម្លៃនៅកម្ពុជា។



យុទ្ធនាការនេះ ធ្វើឡើងដោយផ្ដល់ខ្លឹមសារ និងសារគន្លឹះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជន ដែលជា«ជើងឯកបៃតង»។ ទន្ទឹមនឹងនេះ វាក៏ជាផ្នែកមួយគំរូ ដល់ពលរដ្ឋដទៃទៀត ក្នុងការផ្លាស់ប្ដូរឥរិយាបថ និងការអនុវត្តឱ្យបានជោគជ័យ ជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។​ នេះបើតាមការលើកឡើងរបស់លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៃទីភ្នាក់ងារជំនួយអាម៉េរិក USAID។
 
ប្រធានការិយាល័យរូបនេះ បានបញ្ជាក់​ថា៖«តម្រូវការឈើប្រណិត មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើមានតម្លៃ ដូចជាឈើគ្រញូង ធ្នង់ នៅក្នុងព្រៃត្រូពិករបស់កម្ពុជា»។ លោក រំពឹងថា ក្រោយអនុវត្តយុទ្ធនាការនេះ វានឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ពិសេសយុវជន អាចពិចារណា ចូលរួមការពារបរិស្ថានឱ្យកាន់តែប្រសើរឡើង។
 
ជាមួយគ្នានេះ អ្នកស្រី មាស ច័ន្ទធីតា អគ្គនាយិការងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ក៏បានគាំទ្រយុទ្ធនាការនេះផងដែរ។ អ្នកស្រី បានលើកឡើងថា៖«យុទ្ធនាការនេះ គឺគាំទ្រដល់យុទ្ធសាស្រ្តគាំពារបរិស្ថានជាតិ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅពង្រឹងប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ​ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ អ្នកស្រី បន្តថា ពលរដ្ឋទាំងអស់ មានកាតព្វកិច្ចចូលរួម ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ខ្លួន។ ​
 
សូមបញ្ជាក់ថា ​USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ហើយបានផ្ដល់ជំនួយដល់កម្ពុជាតាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្នប្រមាណជាង១ពាន់លានដុល្លារអាម៉េរិក៕
 

Tag:
 USAID
  គ្រឿងសង្ហារឹម
  ឈើប្រណិត
© រក្សាសិទ្ធិដោយ thmeythmey.com