កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកអាម៉េរិក តម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ មុនទៅអូឡាំពិកក្រុងប៉េកាំង
25, Sep 2021 , 7:59 pm        
រូបភាព
អត្តពលិកអាមេរិកទាំងអស់ដែលនឹងចូលរួមកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ 



នេះបើតាមការអះអាងរបស់គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាម៉េរិក (USOPC) នៅថ្ងៃទី២៣ ខែកញ្ញា។
 
«ដោយរាប់ពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០២១ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកតម្រូវឱ្យបុគ្គលិក USOPC អត្តពលិក រួមទាំងអ្នកពាក់ព័ន្ធនៅមជ្ឈមណ្ឌលហ្វឹកហាត់ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដាច់ខាត មុនទៅចូលរួមអូឡាំពិកប៉េកាំង»។ លោកស្រី Sarah Hirshland នាយកប្រតិបត្តិ USOPC សរសេរដូច្នេះក្នុងលិខិតចំហមួយ ដោយសង្កត់ធ្ងន់ថានេះជាច្បាប់របស់ USOPC។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
នាការប្រកួតអូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ ដែលបានបញ្ចប់ថ្មីៗនេះ អត្តពលិកអាម៉េរិក ប្រហែល ១០០ នាក់ក្នុងចំណោម ៦១៣ នាក់មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ។
 
យ៉ាងណា សម្រាប់កីឡារដូវរងារឆ្នាំ២០២២ អត្តពលិក ព្រមទាំងប្រត្តិភូអាម៉េរិកទាំងអស់ ត្រូវទទួលការចាក់វ៉ាក់សាំងជាមុន និងជាអាទិភាពកំពូលមិនអាចខានបាន ដើម្បីសុខភាព និងសុវត្ថិភាព។ «ជំហានដំបូង យើងត្រូវធ្វើឱ្យមានសុវត្ថិភាព សម្រាប់អត្តពលិក និងបុគ្គលិករបស់ក្រុមអាម៉េរិកមុនទៅដល់ប៉េកាំង»។ នេះជាការបញ្ជាក់របស់ USOPC។
 
ទោះជាច្បាប់ក្តី ប៉ុន្តែ USOPC អះអាងថានៅតែមានករណីលើកលែ។ អត្តពលិក ឬអ្នកពាក់ព័ន្ធដែលមិនបានទទួលវ៉ាក់សាំងការពារដោយការលើកលែង តម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ជារៀងរាល់ថ្ងៃ ហើយថ្លៃធ្វើតេស្ត USOPC ជាអ្នករ៉ាប់រង។
 
ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ខណៈប៉ារ៉ាឡាំពិកនឹងធ្វើពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២៕

Tag:
 Olympic
  អូឡាំពិកប៉េកាំង
© រក្សាសិទ្ធិដោយ thmeythmey.com