ជាតិ
សម្ដេច ហ៊ុន សែន លើកទឹកចិត្ត ទេសចរឱ្យដើរលេងនៅតំបន់ធម្មជាតិ អំឡុងសម្រាកភ្ជុំបិណ្ឌ
25, Sep 2021 , 8:29 pm        
រូបភាព
ដោយ:
សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យមានការដើរកម្សាន្តធម្មតា នៅតាមតំបន់ទេសចរណ៍ក្នុងពេលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអនុវត្តវិធានសុវត្ថិភាព«៣កុំ ៣ការពារ»។



ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដើរកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍។
 
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ក្រោយមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងទីអារាមមួយចំនួន ប៉ុន្តែសម្ដេច អនុញ្ញាតឱ្យមានការឈប់សម្រាកចំនួន៣ថ្ងៃដដែល។ នាពេលឈប់សម្រាកខាងមុខ សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តឱ្យទេសចរដើរកម្សាន្តនៅតំបន់ធម្មជាតិ។ 
 
«យើងនៅតែបន្តឱ្យបុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាក ទៅតាមអនុក្រិតដែលមានក្នុងការឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែបន្តឱ្យបងប្អូន ទៅកម្សាន្តនៅទីនេះទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅកម្សាន្ត នៅតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់ពីរមណីយដ្ឋានធម្មជាតិរបស់យើង»។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងសារសំឡេងពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៥កញ្ញា។
 
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹក ដល់ភ្ញៀវទេសចរឱ្យអនុវត្តវិធានសុវត្ថិភាព រាល់ការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដើម្បីបង្ការជំងឺកូវីដ-១៩ ។
 
សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជាផ្លូវការ ឱ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង។ ការសម្រេចនេះ ធ្វើឡើងក្រោយមានករណីវិជ្ជមានកូវីដ-១៩ ជាង៤០ករណី នៅក្នុងវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរដ្ឋាភិបាល នាយប់ថ្ងៃទី២៣ កញ្ញា ២០២១។ 
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១០៨ ២៥៧នាក់ ក្នុងនោះករណីនាំចូលមាន ១៨ ៥៤៧នាក់។ ចំណែកអ្នកជាសះស្បើយ១០០ ១៨២នាក់ និងអ្នកស្លាប់២ ២១៨នាក់។ កម្ពុជា មានករណីកូវីដ-១៩ បំប្លែងថ្មីដែលតា ចំនួន ៣ ៧៣១ករណី ក្នុងនោះរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប មានច្រើនជាងគេ។ បើតាមក្រសួងសុខាភិបាល មានតែខេត្តកែបមួយគត់ ដែលមិនទាន់មានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ Deltaនេះ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com