ជាតិ
បន្ទាប់ពីដងខ្លួន អ្នកជំនាញបន្តរកឃើញព្រះកេសមេទេវតា​ ​ពេលជួសជុលខ្លោងទ្វារតាកាវ
25, Sep 2021 , 8:59 pm        
រូបភាព
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តប្រទះឃើញព្រះកេសមេទេវតាផ្នែកកន្ទុយនាគ ត្រឹមចង្ការដល់ច្រមុះ នៅចំណុចការដ្ឋានជួសជុលខ្លោងទ្វារតាកាវ។ គួរកត់សម្គាល់ថា កាលពីប៉ុន្មានខែមុន អ្នកជំនាញ ក៏បានរកឃើញដងខ្លួនមេទេវតានេះ នៅពេលជួសជុលខ្លោងទ្វារតាកាវនេះដែរ។


 
​លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា​ ព្រះកេសមេទេវតាផ្នែកកន្ទុយ មានព្រះកេសចំនួន៣ថ្នាក់ ដែលថ្នាក់ទីមួយមានព្រះកេស៤, ថ្នាក់ទីពីរមានព្រះកេស២ និងថ្នាក់ទី៣ មានព្រះកេស១។ ព្រះកេសមេទេវតានេះ ជាព្រះកេសជាន់ទី១ ​ដែលក្រុមការងារបានប្រទះឃើញ​ នៅថ្ងៃទី១៧ កញ្ញា មុនពេលបិទការដ្ឋានជួសជុលខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ​«បន្ទាប់ពីរកឃើញព្រះកេសមេទេវតា យើងបានយកទៅដាក់លើដងខ្លួន ដែលបានរកឃើញកាលពីប៉ុន្មានខែមុន ហើយវាត្រូវគ្នា។ យើងក៏បានរកឃើញព្រះកេសនៅជ្រុងមួយទៀតដែរ ប្រហែលជាព្រះកេសជាន់ទី២»។ នេះជាការបញ្ជាក់លោក គឹម សុធិន ដោយបន្ថែមថា លោកសង្ឃឹមថា នឹងអាចរកឃើញជាបន្តបន្ទាប់ទៀត ព្រោះនេះគ្រាន់តែជាការរកឃើញមួយផ្នែកប៉ុណ្ណោះ។ 
 
សូមរំឭកថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើម​ជួសជុលខ្លោងទ្វារតាកាវ នៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយ​មកទល់​បច្ចុប្បន្ន​ ការជួសជុលសម្រេចបានប្រមាណ៣០ភាគរយហើយ។ តាមគម្រោង អ្នកជំនាញនឹងចំណាយពេល២ឆ្នាំ ក្នុងការជួសជុលខ្លោងទ្វារតាកាវនេះ៕


ខ្លោងទ្វារតាកាវ កំពុងជួសជុល។ រូបភាពពី AKP 


ព្រះកេសមេទេវតា ពេលដាក់លើដងខ្លួន។ រូបភាពពី AKP 


ព្រះកេសមេទេវតាផ្នែកកន្ទុយនាគ។ រូបភាពពី AKP


Tag:
 ថ្មីៗ២៥
  អាជ្ញាធរជាតិអប្សរា
  ខ្លោងទ្វារតាកាវ
© រក្សាសិទ្ធិដោយ thmeythmey.com