COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
វត្តស្ទើរតែពាក់កណ្ដាលនៅភ្នំពេញ មានករណីឆ្លងកូវីដ-១៩
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា វត្តនៅរាជធានីភ្នំពេញ ស្ទើរតែពាក់កណ្ដាល បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ នៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
នៅក្នុងសារពិសេសរបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ករណីឆ្លងប្រចាំថ្ងៃជំងីកូវីដ-១៩ បានហក់ឡើងពីខ្ទង់៦០០នាក់ ដល់ជាង៨០០នាក់ ក្នុងអំឡុងពេល៣ថ្ងៃនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ។ ចំនួនអ្នកស្លាប់ ក៏កើនដល់ជាង២០នាក់ផងដែរ។ សម្ដេចមានប្រសាសន៍បញ្ជាក់ដូច្នេះ៖«ក្នុងដំណាក់កាលចុងក្រោយនេះ អាចមានការនាំជំងឺពីទីក្រុងទៅជនបទ ឬនាំពីជនបទទៅទីក្រុង ឬអាចនាំពីផ្ទះទៅវត្ត និងអាចនាំពីវត្តទៅផ្ទះវិញ»។
ការហក់ឡើងខ្ពស់នៃចំនួនឆ្លងប្រចាំថ្ងៃ ស្របពេលដែលមេរោគបំប្លែងថ្មី Delta កំពុងតែមានវត្តមានយ៉ាងសកម្មនៅកម្ពុជាផងនោះ រដ្ឋាភិបាលបានសម្រេចផ្អាកប្រារព្ធពិធីបុណ្យប្រពៃណីនេះ ចាប់ពីថ្ងៃកាន់បិណ្ឌទី៤ រហូតដល់ភ្ជុំបិណ្ឌតែម្តង។ តាមរយៈសំឡេងជាងកន្លះម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ ប្រមុខរដ្ឋាភិបាលចាត់ទុកការផ្អាកប្រារព្ធពិធីបុណ្យប្រពៃណី និងសាសនាដ៏ធំនៅកម្ពុជាមួយនេះ ថាជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែក៏ជាជម្រើសតែមួយគត់ក្នុងការទប់ស្កាត់កូវីដ-១៩មិនឱ្យឆ្លងរាតត្បាតទ្រង់ទ្រាយធំ និងជាពិសេសដើម្បីរក្សាជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចបានសង្កត់ធ្ងន់ដូច្នេះថា៖«បើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទាន រាប់សិបឆ្នាំតទៅ សម្រាប់អ្នកដែលមានវ័យក្មេង និងរាប់ឆ្នាំទៅទៀតសម្រាប់អ្នកមានវ័យចំណាស់»។
ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅតាមវត្តអារាមនាអំឡុងកាន់បិណ្ឌ៣ថ្ងៃមកនេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ពីចំនួន ព្រះសង្ឃ តាជី យាយជី បានឆ្លងជំងឺកូវីដ-១៩។ លោក សេង សុមុនី បានប្រាប់សារព័ត៌មានថ្មីៗថា ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តនៅឡើយ។ «យើងមិនទាន់អាចបញ្ជាក់បានឡើយ ព្រោះយើងកំពុងធ្វើតេស្ត។ បើសិនបានរបាយការណ៍បូកសរុបរួចរាល់ ខ្ញុំនឹងផ្ដល់ជូន»។ នេះជាការបញ្ជាក់របស់លោក សេង សុមុនី។
បើទោះបីជាមានការបិទពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌក៏ពិតមែន ក៏សម្ដេចបានអនុញ្ញាតឱ្យប្រជាជន អាចសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកចង្ហាន់ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃនៅតាមវត្តនានាផងដែរ៕
Tag:
ព្រះសង្ឃ
វត្ត
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com