អន្តរជាតិ
គ្មានតំណាងមីយ៉ាន់ម៉ាថ្លែងក្នុងមហាសន្និបាតឡើយ ខណៈកៅអីតំណាងក៏មិនប្រគល់ឱ្យយោធាដែរ
25, Sep 2021 , 9:29 pm        
រូបភាព
នៅថ្ងៃទី២៤ ខែកញ្ញា អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា លោក Kyaw Moe Tun ដែលកំពុងអង្គុយតំណាងមីយ៉ាន់ម៉ាប្រចាំនៅ UN នឹងមិនថ្លែងសុន្ទរកថាអ្វីទៅកាន់មហាសន្និបាតឡើយ ខណៈការប្រកួតប្រជែងតំណែងអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅបន្តនៅឡើយរវាងក្រុមយោធាកំពុងកាន់អំណាច និងក្រុមស៊ីវិល។ រីឯអាហ្វហ្កានីស្ថានឯណោះ លោក Ghulam M. Isaczai តំណាងនៃរដ្ឋាភិបាលចាស់ ទំនងអាចថ្លែងសារបាន។

 
អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN បច្ចុប្បន្ន លោក Kyaw Moe Tun ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់មហាសន្និបាត UN នាថ្ងៃទី ២៧ ខែកញ្ញាដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា អ្នកនាំពាក្យ UN លោក Stephane Dujarric បានអះអាងថា តំណាងមីយ៉ាន់ម៉ារូបនេះ នឹងមិនថ្លែងក្នុងកិច្ចប្រជុំឡើយ ដែលនេះជាលទ្ធផលនៃការជជែករបស់គណៈកម្មាធិការសារតាំងរបស់ UN ។ 
 
លោក Dujarric បញ្ជាក់ថា ចិន រុស្ស៊ី និងអាម៉េរិកដែលជាសមាជិកគណៈកម្មាធិការ បានឈានដល់ការយោគយល់គ្នាមួយ ដោយក្នុងនោះទីក្រុងមូស្គូ និងទីក្រុងប៉េកាំង នឹងមិនជំទាស់នឹងលោក Kyaw Moe Tun ក្នុងការបន្តតំណែងរបស់លោកឡើយ ប្រសិនបើលោកនឹងមិនថ្លែងក្នុងមហាសន្និបាត។ ការសម្រេចបែបនេះ ត្រូវបានមើលឃើញ ជាបរាជ័យរបស់ក្រុមយោធាដែលចង់អង្គុយកៅអីតំណាងមីយ៉ាន់ម៉ានៅស្ថាប័នអន្តរជាតិ។
 
លោក Kyaw Moe Tun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកបបានដកខ្លួន ចេញពីបញ្ជីថ្លែងសុន្ទរកថា ហើយនឹងមិនថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនេះទេ។ លោកបានបន្ថែមថា លោកបានដឹងច្បាស់ពីការយោគយល់គ្នារវាងសមាជិកគណៈកម្មាធិការខាងលើ។
កន្លងមក របបយោធាមីយ៉ាន់ម៉ាបានបញ្ជូនឈ្មោះលោក  Aung Thurein  ឱ្យធ្វើជាប្រេសិតប្រចាំ UN ជំនួសលោក Kyaw Moe Tun ។
 
រីឯអាហ្វហ្កានីស្ថានឯណោះ អគ្គរដ្ឋទូត Ghulam M. Isaczai នៃរដ្ឋាភិបាលដែលត្រូវបាន តាលីបង់ផ្ដួលរលំ អាចនឹងថ្លែងតំណាងឱ្យប្រទេស។ លោក Dujarric បានអះអាងថា ៖ «នៅពេលនេះ តំណាងអាហ្វហ្កានីស្ថានដែលបានចុះក្នុងបញ្ជីសម្រាប់ការថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញាជាលោក  Ghulam M. Isaczai»។
 
កាលពីថ្ងៃទី២០ ខែកញ្ញារដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលបណ្ដោះអាសន្នរបស់តាលីបង់ បានបញ្ជូនឈ្មោះអ្នកនាំពាក្យលោក Suhail Shaheen ឱ្យប្រជែងយកតំណែងអគ្គរដ្ឋទូតនៅ UN ។ យ៉ាងណាមិញ មកទល់ពេលនេះគណៈ កម្មាធិការមិនទាន់បានជួបពិភាក្សាគ្នានៅឡើយ។
 
យោងតាមច្បាប់របស់មហាសន្និបាត ប្រសិនបើគណៈកម្មាធិការទាំង៩មិនទាន់សម្រេចចិត្តជាផ្លូវការ លោក Kyaw Moe Tun  និងលោក Isaczai នៅតែជាតំណាងស្របច្បាប់នៃប្រទេសទាំងពីរ៕
 

Tag:
 មីយ៉ាន់ម៉ា
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com