ជាតិ
សង្គមជាតិ
ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនៅកម្ពុជាស្ថិតក្នុងហានិភ័យខ្ពស់(តចប់)
01, Oct 2021 , 9:12 am        
រូបភាព
កម្មករប្រមូលសំរាមវេជ្ជសាស្ត្រចេញពីរថយន្តដើម្បីដុតកម្ទេចចោល​។​រូបភាព៖ Gerald Flynn
កម្មករប្រមូលសំរាមវេជ្ជសាស្ត្រចេញពីរថយន្តដើម្បីដុតកម្ទេចចោល​។​រូបភាព៖ Gerald Flynn
កំណើនសំរាមវេជ្ជសាស្ត្រក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យអ្នកប្រមូលកាកសំណល់វេជ្ជសាស្រ្តនៅកម្ពុជាពិបាកទ្រាំទ្រអស់។ កាកសំណល់គ្រោះថ្នាក់ទាំងនោះបានបង្កជាបញ្ហា ដូចជាការបំពុលផ្លូវទឹក និងធ្វើឱ្យអ្នករើសអេតចាយ ដែលជាចំណែកមួយក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃនាំចេញកាកសំណល់នោះ ប្រឈមនឹងហានិភ័យខ្លាំងផងដែរ។


ការគ្រប់គ្រងមិនបានត្រឹមត្រូវធ្វើឱ្យសុខភាពមនុស្ស និងបរិស្ថានប្រឈមហានិភ័យ
 
នៅឆ្ងាយពីកណ្តាលទីក្រុងបន្តិច ក្នុងសង្កាត់ស្ទឹងមានជ័យ ម៉ាស់ការពារអាចត្រឹមទប់ក្លិនស្អុយដែលជះចេញមកពីសំរាម នៅតាមដង និងក្នុងប្រឡាយ បានតិចតួចប៉ុណ្ណោះ។ ថង់សំរាមពណ៌លឿងភ្លឺ ដែលហូរតាមខ្សែទឹក ស្ទើរតែមើលមិនស្គាល់។ 
 
ការបំពុលផ្លូវទឹកនេះ បានធ្វើឲ្យ លោក ហេង គីមហុង ដែលសមាជិកនៃបណ្តាញយុវជនកម្ពុជា ហើយក៏ជាអ្នកធ្លាប់ចូលរួមសម្អាតប្រឡាយស្ទឹងមានជ័យដែរនោះ បង្ហាញការខកចិត្តខ្លាំង។ 
 
លោកលើកឡើងថា ៖ «នៅឆ្នាំ ២០១៨ យើងបានជួលទូកមួយហើយធ្វើការសម្អាតវារៀងរាល់ល្ងាច។ វាត្រូវការពេលបីខែដើម្បីសម្អាតប្រឡាយមួយគីឡូម៉ែត្រ ហើយនារដូវវស្សាកម្រិតទឹកប្រឡាយកើនឡើង ដែលធ្វើឲ្យកាកសំណល់កាន់តែច្រើនបន្ថែមទៀតដោយសារគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវទឹក តែងតែបោះសំរាមពួកគេចូល»។


 
លោក គីមហុង បានពន្យល់ថា សកម្មភាពទាំងអស់នេះ រួមជាមួយប្រព័ន្ធគ្រប់គ្រងកាកសំណល់ដែលមិនត្រឹមត្រូវ និងគ្មានប្រសិទ្ធភាព ជាហេតុផលដែលធ្វើឱ្យការរក្សាផ្លូវទឹកក្នុងទីក្រុងភ្នំពេញឱ្យស្អាតពីសំរាមក្លាយជារឿងពិបាក។ គាត់បានមើលឃើញការចោលកាកសំណល់វេជ្ជសាស្រ្តខុសច្បាប់ដោយផ្ទាល់ ហើយថ្មីៗនេះជាមួយនឹងបរិមាណសំរាមដែលបង្កើតឡើងដោយជំងឺរាតត្បាតនោះ បានធ្វើឲ្យទឹកក្នុងប្រឡាយកាន់តែកខ្វក់ខ្លាំងឡើង។
 
«និយាយតាមត្រង់ទៅ វាពិតជាគួរឲ្យតក់ស្លុតណាស់ ហើយយើងមិនដឹងថាពេលណាបញ្ហានេះនឹងត្រូវបានដោះស្រាយនោះឡើយ។ ចំណែកការរស់នៅជាមួយកាកសំណល់នេះគឺជាការគំរាមកំហែងដល់សុខភាពមនុស្ស។ ប៉ុន្តែដោយសារតែបញ្ហាជីវភាព មនុស្សជាច្រើនគ្មានជម្រើសអ្វីក្រៅពីរស់នៅបែបនេះទេ»។  លោក គីមហុង បន្ថែមលើការកត់សម្គាល់របស់ខ្លួនថា ការចោលសំរាមដោយខុសច្បាប់ ដូចជា វេជ្ជសាស្ត្រ ឬសំរាមផ្សេងទៀត គឺជាការគំរាមកំហែងដល់បរិស្ថានក្នុងរយៈពេលវែង ដែលបង្កផលវិបាកផ្សេងៗដល់ប្រជាជនកម្ពុជា។
 
ក្នុងពេលសម្ភាសន៍ លោក គីមហុង បានកត់សម្គាល់ថា រូបលោកត្រូវបានគេតាមដាន។ កងកម្លាំងសន្តិសុខកំពុងសង្កេតមើលលោកខណៈគាត់កំពុងចង្អុលបង្ហាញពីបញ្ហាបរិស្ថានជាច្រើន ដែលបង្កឡើងដោយការគ្រប់គ្រងកាកសំណល់មិនត្រឹមត្រូវ។ 
 
« នៅពេលមានការលើកឡើងពីបញ្ហាមួយចំនួនហ្នឹង ក៏បែរជា ហាក់ទទួលបានការមិន សប្បាយចិត្តពីរដ្ឋាភិបាល ពីព្រោះរដ្ឋាភិបាលគិតថា បញ្ហាទាំងអស់នឹងបើយើងផ្សព្វផ្សាយ ឬក៏និយាយច្រើនពេក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ វាធ្វើឲ្យប៉ះពាល់មុខមាត់របស់រដ្ឋាភិបាល»។ លោកបានបន្ថែម ពីការជាប់ពន្ធនាគារ និងការផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ កាលពីដើមឆ្នាំនេះ ខណៈដែលពួកគេព្យាយាមនិយាយពី ការបំផ្លាញបរិស្ថាន។
 
 «រដ្ឋាភិបាលហាក់ដូចជាផ្តល់តម្លៃដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ ជាជាងផ្តោតលើការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ»។ លោកបន្ថែមដូច្នេះ។


 
វិធីសាស្ត្រដៃធ្ងន់របស់រដ្ឋាភិបាលចំពោះអ្នកការពារបរិស្ថានបានរារាំងមនុស្សជាច្រើនពីការចូលរួមធ្វើកិច្ចការបរិស្ថាននានា ដែលកំពុងប្រឈមនឹងការបំផ្លាញដោយសកម្មភាពរបស់មនុស្ស។ 
 
លោក គីមហុង បានបញ្ជាក់ទៅកាន់បុរសមួយក្រុមដែលស្លៀកសម្លៀកបំពាក់ស៊ីវិលថា៖ «ពិបាកនិយាយណាស់ថា យើងមានសេរីភាពក្នុងការចូលរួមការពារបរិស្ថាន។ យើងគ្រាន់តែនិយាយអំពីបញ្ហាកាកសំណល់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងកំពុងត្រូវបានគេតាមឃ្លាំមើលហើយ»។ 
 
វត្តមានរបស់កងកម្លាំងសន្តិសុខក៏មិនបានបំបាក់ទឹកចិត្ត លោក គីមហុង ក្នុងការបំពេញការងាររបស់ខ្លួនដែរ។ ដូចដែលគាត់បានពន្យល់រួចហើយ ឥឡូវនេះរូបលោកត្រូវបានគេចាត់ទុកថាជា «ក្រុមប្រឆាំង» ចំពោះការស្រាវជ្រាវអំពីបរិស្ថានដែលយុវជនរូបនេះកំពុងបំពេញ។ គីមហុង ទទួលស្គាល់ថា បរិស្ថាននេះបានក្លាយជាប្រធានបទរសើបនៅកម្ពុជា។
 
លោក គីមហុង បាននិយាយបែបនេះ៖ «អ្នកអាចមើលឃើញថាកាកសំណល់ទាំងអស់នេះដូចជាប្លាស្ទិកនឹងមិនរលាយបាត់នៅថ្ងៃស្អែកឬឆ្នាំក្រោយទេ។ វាត្រូវការពេលច្រើនឆ្នាំដើម្បីរលាយទាំងស្រុង។ វាមានន័យថា កាកសំណល់ក្លាយជាបញ្ហាដែលអាចបន្តទៅដល់មនុស្សជំនាន់ក្រោយទៀត ពីព្រោះកាកសំណល់នេះមានអាយុវែងជាងមនុស្សទៅទៀត»។ 


 
លោកបានបន្ថែមថា កាកសំណល់វេជ្ជសាស្ត្របានបង្កើនការគំរាមកំហែងដល់បរិស្ថាន ដោយបន្ថែម សារធាតុគីមី និងបាក់តេរីថ្មីៗជាច្រើនទៀតចូលទៅក្នុងបរិស្ថាន ដែលអាចបង្កជាមេរោគផ្សេងៗ និងឆ្លងពីសត្វមកមនុស្ស។ 
 
លោកបានមានប្រសាសន៍បន្តថា៖ «សត្វបានក្លាយជាភ្នាក់ងារចម្លងរោគ ដោយសារវាបានទៅប៉ះជាមួយរោគចម្លងទាំងនោះ។ ឧទាហរណ៍ថា យើងដឹងថាជំងឺរាតត្បាតកូវីដ-១៩ អាចមានដើមកំណើតពីសត្វ ... សត្វអាចជាភ្នាក់ងារចម្លងរោគមេរោគបាន។ ដូច្នេះកាកសំណល់វេជ្ជសាស្រ្តដែលមានសារធាតុគីមី ឬមេរោគផ្សេងៗ ដែលអាចបម្លែងខ្លួនជាជំងឺផ្សេងៗ ហើយវាពិតជាអាចប៉ះពាល់ដល់អ្នកប្រមូលសំរាមនិងអ្នករើសអេដចាយជាដើម»។
 
ការទទួលខុសត្រូវ
 
អ្នករើសអេដចាយ ដូច អ្នកស្រី ញឹម ថុល និងប្តីអ្នកស្រី ដែលបានដើររើសអេដចាយយកទៅលក់ កំពុងតែប្រឈមនឹងហានិភ័យ ដោយសារតែការចោលកាកសំណល់ពេទ្យខុសច្បាប់ទាំងនោះ។ 
 
អ្នកស្រី ថុល បាននិយាយថា៖ «ចំពោះសឺរ៉ាំង និងថង់សេរ៉ូម ខ្ញុំបានឈប់យកវាទេព្រោះខ្ញុំខ្លាចឆ្លងពីជំងឺ ហើយវាគួរអោយខ្ពើមណាស់»។ ប៉ុន្តែនាងបានសារភាពថា នាងធ្លាប់រើសសំរាមទាំងនោះ នៅតាមធុងសំរាម ខាងមុខ មណ្ឌលព្យាបាល ដើម្បីរកប្លាស្ទិកដែលអាចយកទៅលក់បាន។ 


 
អ្នកស្រី ថុល កំពុងអង្គុយនៅខាងក្រោយរទេះរបស់នាង ដោយមានចងអង្រឹងនៅពីលើសម្រាប់ចៅរបស់ខ្លួនផង ខណៈកូនប្រុសច្បងរបស់នាងដើររើសអេតចាយនៅជុំវិញច្រាំងប្រឡាយ ដើម្បីរកមើលកំប៉ុងនិងប្លាស្ទិក។ ប្តីរបស់អ្នកស្រីវិញ ឈរនៅលើទូកដើម្បីរើសរបស់របរអេដចាយផ្សេងៗ ចេញពីប្រឡាយដោយប្រើតម្ពក់ ហើយដោយសំឡឹងមើលយ៉ាងយកចិត្តទុកដាក់ ក្នុងបំណងស្វែងរករបស់មានតម្លៃ។
 
អ្នកស្រី ថុលបានពន្យល់ថា៖ «ខ្ញុំយក សឺរ៉ាំង និងសេរ៉ូម ដែលគេបន្តោកចោលអស់ហ្នឹង និងយកតែជ័រៗហ្នឹង ខ្ញុំយកប៉ុណ្ណឹង។ អាហ្នឹងជ័រ គេដាក់ចូលជ័រ ដោយសារអ្នកទិញហ្នឹង គេយកដែរ ដោយសារជាជ័រ ច្របាច់ទៅវាទន់ៗ ហើយបើស្រួយគេអត់យកទេ។ ប៉ុន្តែជ័រ ដូចជាសេរ៉ូមគេបន្តោកហើយហ្នឹង ទន់ៗ អានឹងខ្ញុំយក ហើយក្រៅពីនឹងខ្ញុំអត់យកទេ»។ 
 
តាមការប៉ាន់ស្មាន​ អ្នករើសអេតចាយក្នុងរាជធានីភ្នំពេញមានប្រមាណ ៣០០០ នាក់។ នេះមិនមែនជាទិន្នន័យផ្លូវការនោះទេ។ ដោយសារគ្មានទីលំនៅជាក់លាក់ ឬមុខរបរជាក់លាក់ ជោគវាសនារបស់គ្រួសារអ្នកស្រី ថុល និងអ្នកផ្សេងទៀត ត្រូវពឹងទាំងស្រុងលើការងាររើសអេដចាយ ដ្បិតថា វាជាអ្វីដែលពួកគេអាចរកចំណូលបាន។ ប៉ុន្តែជំងឺរាតត្បាតបានធ្វើឲ្យការប្រមូលកាកសំណល់កាន់តែពិបាក ហើយធ្វើឲ្យរបស់ដែលលោកស្រី រកបានស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីអ្នកទិញខ្លះ ដែលបានបដិសេធ ទិញយកកាកសំណល់វេជ្ជសាស្ត្រផងដែរ។ ទោះយ៉ាងណា អ្នកទិញមួយចំនួនតូច នៅតែបន្តទិញកាកសំណល់វេជ្ជសាស្រ្តនេះ។


 
លោកស្រីបាននិយាយថា៖ «បន្ទាប់ពីពួកគេ (អ្នកទិញ) កាន់តែតឹងរ៉ឹងលើគុណភាពប្លាស្ទិក។ ពួកគេឈប់ទទួលយកប្លាស្ទិកដែលមានសភាពស្រួយហើយ ប៉ុន្តែអ្នករើសអេដចាយខ្លះនៅតែព្យាយាមបោកប្រាស់ដោយលាយវាជាមួយប្លាស្ទិកផ្សេងទៀត»។
 
សម្រាប់លោក គីមហុង ជំងឺរាតត្បាតកូវីដ-១៩ បានរារាំងដល់សកម្មភាពបរិស្ថានមួយចំនួន គាត់មានអារម្មណ៍ថាវាបានរុញច្រានបញ្ហាបរិស្ថានកាន់តែអាក្រក់ទៅ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏បង្កឲ្យមានកាកសំណល់កាន់តែច្រើន ជាពិសេសកាកសំណល់វេជ្ជសាស្ត្រដែលបង្កគ្រោះថ្នាក់។
 
ទោះជាយ៉ាងណាក៏ដោយ សំណួរសួរថា តើកម្ពុជាអាចដោះស្រាយបញ្ហាផ្នែកសំរាមវេជ្ជសាស្រ្តបានដែរឬទេនៅតែគ្មានចម្លើយ។ ប៉ុន្តែ លោក គីមហុង ចង់ធ្វើឱ្យសាធារណជនចាប់អារម្មណ៍អំពីតួនាទីដែលពួកគេអាចធ្វើបាន ដើម្បីជួយអ្នកដទៃឲ្យមានសុវត្ថិភាព។
 
លោកបានបញ្ជាក់ថា៖ «នេះគឺជាកាតព្វកិច្ចរួមមួយដែលពាក់ព័ន្ធនឹងមនុស្សគ្រប់រូប រដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងប្រជាជនខ្លួនឯងដែលបង្កើតសំរាមជារៀងរាល់ថ្ងៃ។ យើងមិនអាចទុកការទទួលខុសត្រូវចំពោះមនុស្សតែម្នាក់ក្នុងការដោះស្រាយការគ្រប់គ្រងកាកសំណល់ឡើយ ប៉ុន្តែដោយគ្មានយន្តការនិងវិន័យតឹងរ៉ឹងក្នុងការអនុវត្តដូចជា ការដាក់ទណ្ឌកម្ម និងការព្រមានទាក់ទងនឹងការចោលកាកសំណល់ទៅក្នុងទន្លេ ឬប្រឡាយទេ នោះ [គ្មានអ្វីនឹងផ្លាស់ប្តូរទេ]»៕ 

អត្ថបទទាក់ទង



អត្ថបទនេះផលិតឡើងដោយការគាំទ្រពី៖ Judith Neilson Institute for Journalism and Ideas

 

© រក្សាសិទ្ធិដោយ thmeythmey.com