អ្នកស្រី អុន សុខនី ត្រូវបានជ្រើសរើសឱ្យដឹកនាំ អង្គការ Epic Arts នៅក្នុងឆ្នាំ២០១៥។ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ អ្នកស្រី សុខនី មានពិការភាពជើងម្ខាងបង្កឡើងដោយជំងឺគ្រុនស្វិតដៃជើង តាំងពីអាយុ២ឆ្នាំមក។ អ្នកស្រី អុន សុខនី បានតស៊ូ ជម្នះឧបសគ្គច្រើនរាប់មិនអស់ ទម្រាំអាចកសាងជំនឿចិត្ត និងសមត្ថភាព រហូតដល់អ្នកឈរជើងយ៉ាងរឹងមាំសព្វថ្ងៃ។ នាយិកាអង្គការ Epic Arts បានបញ្ជាក់ថា ដំបូងឡើយខ្លួនក៏តូចចិត្តនឹងជីវិតដែរ ដែលត្រូវរស់នៅជាមួយនឹងពិការភាពនេះ។ តែដោយសារបណ្តាំរបស់ឪពុក ដែលតែងលើកចិត្តខ្លួន កុំឱ្យបោះបង់ចោលការសិក្សា និងស្របពេលដែលឪពុកម្តាយចែកផ្លូវគ្នា ផង អ្នកស្រី សុខនី ដែលកាលណោះមានអាយុប្រហែល១៥ឆ្នាំនោះ បានតាំងចិត្តជាថ្មី រើបម្រះខ្លួនពីភាពទន់ជ្រាយ និងបាក់ទឹកចិត្ត។ ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ យុវតី អុន សុខនី មិនចង់ឱ្យខ្លួន ក្លាយជាបន្ទុកបន្ថែមរបស់ម្តាយ និងបងប្អូននោះឡើយ។
«ពេលដែលឪពុកម្តាយបែកបាក់គ្នា យើងមានទំនួលខុសត្រូវខ្ពស់ជាមួយបងប្អូន។ ធ្វើម៉េចឱ្យបានបាយហូប។ យើងប្រឹងប្រែងធ្វើអីក៏ដោយឱ្យបានបាយហូប។ អ៊ីចឹងទៅវាឱ្យខ្ញុំគិតថាអត់អាចនៅតែពឹងផ្អែក ខ្ញុំពិការហើយ ធ្វើអីអត់ទេ។ ខ្ញុំត្រូវធ្វើអីក៏ដោយឱ្យតែបានចំណូលជួយដល់ក្រុមគ្រួសារខ្ញុំ»។
គួបផ្សំនឹងកត្តាខាងលើនេះ អ្នកស្រី អុន សុខនី មានសំណាងបានស្គាល់អង្គការ Epic Arts នៅគ្រាដែលខ្លួន កំពុងសិក្សាជំនាញគ្រប់គ្រងធុរកិច្ច នៅសកលវិទ្យាល័យ។ បើតាមអ្នកស្រី អុន សុខនី អង្គការ Epic Arts បានបំផុសគំនិតរបស់អ្នកស្រី ឱ្យមានជឿជាក់លើខ្លួនឯង ហើយទទួលយកនូវភាពពិការរបស់ខ្លួន និងជាពិសេសគឺការជម្នះឧបសគ្គ ដើម្បីចាប់យកអ្វីដែលខ្លួនចង់បាន។
ពីមនុស្សគ្មានក្តីស្រមៃ អ្នកស្រី សុខនី មានមោទកភាព ដែលបានជម្នះឧបសគ្គរហូតក្លាយជាអ្នកដឹកនាំ
បើតាមអ្នកស្រី សុខនី ជនមានពិការភាព មិនសូវទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ កាលពីប្រមាណ៣០ឆ្នាំមុននោះ។ អ្នកស្រី សុខនី ក៏ត្រូវរស់នៅក្នុងស្ថានភាពមួយដែលបាក់ទឹកចិត្ត អស់សង្ឃឹម រស់នៅមួយថ្ងៃ ដើម្បីមួយថ្ងៃ និងជាពិសេសជាមនុស្សដែលរស់នៅដោយគ្មានគោលដៅ គ្មានក្តីស្រមៃទាល់តែសោះ។ អ្នកដែលមានពិការភាព ដែលមានអាយុស្របាលនឹងអ្នកស្រី សុខនី ផ្សេងទៀត ក៏ជួបស្ថានភាព មិនខុសគ្នាប៉ុន្មានទេ។
ទោះដឹកនាំអង្គការសិល្បៈ Epic Arts ប្រមាណ៦ឆ្នាំមកហើយក៏ដោយ ស្ត្រីវ័យ៣៩ឆ្នាំរូបនេះ សឹងតែមិនចង់ជឿ និងនឹកស្មានសោះថាខ្លួន មានឱកាសធ្វើការងារជាអ្នកដឹកនាំដូចសព្វថ្ងៃ នោះទេ។ នាយិកាអង្គការ Epic Arts រូបនេះ ថ្លែងថា ខ្លួនពិតជាមានមោកទភាពនាស់ដែលបានធ្វើការងារដែលខ្លួនស្រឡាញ់ ហើយជាការងារដែលជួយដល់សង្គម និងពិសេសបានជួយដល់អ្នកដែលមានពិការភាពដូចគ្នាថែមទៀត។
អ្នកស្រី អុន សុខនី ក៏មិនភ្លេចរំឭកគុណថ្នាក់ដឹកនាំអង្គការមុនដែលតែងតែផ្តល់ឱកាស និងពង្រឹងសមត្ថភាពរបស់អ្នកស្រី ហើយក៏ដឹងគុណចំពោះឧបសគ្គជីវិត ដែលខ្លួនបានឆ្លងកាត់កន្លងមកដែរ។ ធ្លាប់ជាជនរងគ្រោះពីការរើសអើងដោយសារតែពិការភាព អ្នកស្រី អុន សុខនី លើកទឹកចិត្តដល់អ្នកមានពិការភាពផ្សេងទៀត ពិសេសស្ត្រី កុំឱ្យផ្កេកផ្តួលទៅលើពិការភាព ហើយកុំបោះបង់ខ្លួនឯង។ មិនតែប៉ុណ្ណោះ នាយិកាស្ត្រីរូបនេះ ក៏ជំរុញឱ្យពួកគាត់ ផ្តល់តម្លៃទៅលើការសិក្សាអប់រំផងដែរ។ សម្រាប់អ្នកស្រី អុន សុខនី ការអប់រំ គឺជាចំណុចចាប់ផ្តើមមួយសំខាន់មិនអាចខ្វះបាន សម្រាប់អ្នកដែលមានពិការភាព។
«សារដែលខ្ញុំមាន សុំខ្លួនយើង(អ្នកមានពិការភាព) សុំកុំបោះបង់ខ្លួនឯង។ ឱ្យចេះស្រឡាញ់ខ្លួនយើង ដែលជាយើង ព្រោះសំខាន់ណាស់ បើសិនជាយើងមិនអាចបញ្ចេញសំឡេងដែលយើងត្រូវការបាននៅក្នុងសហគមន៍របស់យើងបានទេ មិនមានអ្នកដទៃណាម្នាក់អាចជួយបន្ទរសំឡេងយើងបានទេ។ សំខាន់យើងមុនគេ ជាអ្នកកាន់ទង់ជាតិហ្នឹងថាត្រូវតែកុំរើសអើងជនពិការ»។ នេះជារៀបរាប់របស់អ្នកស្រី អុន សុខនី ដោយអ្នកស្រី ក៏អំពាវនាវឱ្យក្រុមគ្រួសារ និងសហគមន៍ជុំវិញ ផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់អ្នកមានពិការភាព ដើម្បីជំរុញស្មារតី ឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការតស៊ូ និងជម្នះឧបសគ្គនានានៅក្នុងជីវិត៕