ជាតិ
មន្ទីរកសិកម្មត្បូងឃ្មុំ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងសាទឹក ក្រោយជំងឺដុំពកស្បែកគោ-ក្របីធូរស្បើយ សកម្មភាពចុះចាក់វ៉ាក់សាំងបង្ការជំងឺសាទឹក ដល់គោក្របី ពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុកមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
× ភ្នំពេញ៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺសាទឹកគោក្របី ខណៈស្ថានភាពជំងឺដុំពកលើស្បែកគោ-ក្របី បានធូរស្បើយ។ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត បានចាក់វ៉ាក់សាំង ដល់គោក្របីពលរដ្ឋបានប្រមាណ ៦០០ក្បាល។
ជំងឺសាទឹក ជាជំងឺឆ្លងពីសត្វមួយទៅសត្វមួយ បង្កដោយបាក់តេរីប៉ាស្ទ័ររ៉ែលឡាម៉ុលតូស៊ីដា (Pasteurella multocida) ដែលកើតលើសត្វគ្រប់ប្រភេទដូចជា សត្វគោ ក្របី ចៀម ពពែ ជ្រូក ជាដើម។ ជំងឺនេះ កើតឡើងជារៀងរាល់ឆ្នាំនៅរដូវវស្សា ដែលអាចឱ្យសត្វងាប់ឆាប់រហ័ស។
លោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺសាទឹក គោ-ក្របី គឺចាប់ផ្ដើមពីដើមខែតុលាមក ក្នុងនោះគោ-ក្របី ចន្លោះពី៦០០ ទៅ៧០០ក្បាល ហើយបានទទួលវ៉ាក់សាំង ក្នុងនោះរួមមាន ស្រុកក្រូចឆ្មារ និងអូររាំងឪ។
«ស្ថានភាពជំងឺសាទឹក អត់ទាន់មានបញ្ហាអ្វីទេ គឺយើងចាក់ការពារមុន ព្រោះអាហ្នឹង(ជំងឺសាទឹក)ត្រូវចាក់មុនរដូវវស្សា ដើមរដូវវស្សា និងចុងរដូវវស្សា ដោយបើកយុទ្ធនាការចាក់ទាំងអស់(ចាក់ទូទាំងខេត្ត)»។ នេះជាការលើកឡើងរបស់ លោក សេង សុភា ដែលបន្ថែមថា ការចាក់វ៉ាក់សាំងសាទឹកនេះ ផ្ដល់សម្រាប់គោក្របី ដែលពលរដ្ឋចិញ្ចឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅថ្មីៗនេះ ជំងឺដុំពកស្បែកគោ-ក្របី បានរាតត្បាតក្នុងខេត្តត្បូងឃ្មុំ ជាពិសេសស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ ជំងឺនេះធ្វើឱ្យគោ-ក្របីឆ្លង ៨ ៥០៩ក្បាល និងស្លាប់ចំនួន៩៩ក្បាល ភាគច្រើនជាកូនគោអាយុក្រោមបីខែ។ បើតាមប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តរូបនេះ បច្ចុប្បន្នស្ថានភាពជំងឺដុំពកស្បែកគោក្របី ក្នុងខេត្តនេះធូរស្បើយ ដោយមិនមានករណីឆ្លងថ្មី និងនៅសល់គោតែ២ក្បាលទៀតប៉ុណ្ណោះ ដែលកំពុងព្យាបាល។
ដ្បិតក្នុងខេត្តត្បូងឃ្មុំ អាចគ្រប់គ្រងស្ថានការណ៍ នៃជំងឺដុំពកលើស្បែកគោ-ក្របីបានក៏ដោយ ប៉ុន្តែមន្ទីរកសិកម្មខេត្ត នៅបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយដល់ពលរដ្ឋ ពីជំងឺផ្សេងៗទៀត និងវិធីបង្ការនានា។ លោក សេង សុភា ក៏បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមសហការនិងអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មាន ពេលសត្វចិញ្ចឹមផ្ទុក ឬសង្ស័យ កើតជំងឺ។
សូមជម្រាបថា ជំងឺសាទឹក ជាជំងឺឆ្លងសាហាវមួយ ក្នុងចំណោមជំងឺឆ្លងផ្សេងទៀត កើតលើសត្វគោ ក្របី ចៀម ពពែ ជ្រូកជាដើម។ សត្វដែលឆ្លងជំងឺនេះ បណ្ដាលឱ្យរលាក និងជាំឈាមនៅតាមសរីរាង្គខាងក្នុង ជាពិសេសប្រដាប់ដកដង្ហើម និងប្រដាប់រំលាយអាហារ ដែលបណ្ដាលឱ្យគោក្របី ងាប់ឆាប់រហ័ស។ រោគសញ្ញា នៃជំងឺនេះ នឹងមានអាការគ្រុនក្ដៅ សីតុណ្ហភាពឡើងខ្ពស់ កម្លាំងចុះខ្សោយ ចុះស្គមឆាប់រហ័ស និងមានជាំឈាម នៅតាមភ្នាសស្ដើង នៃសរីរាង្គខាងក្នុង។ ជាទូទៅគេពិនិត្យឃើញ គោក្របីមានហើមនៅជុំវិញក ហើយរាលដាលទៅស្មា មុខ។ ឯកន្លែងហើមឡើងក្ដៅ មានសភាពទន់ជ្រាយ អណ្ដាតហើម និងធ្លាក់ចេញមកក្រៅ ភ្នែកឡើងហើម និងរលាកនៅតាមស្រទាប់ភ្នាសស្ដើងត្របកភ្នែកក្នុង។ សត្វ ហើមពោះ រាគឈាមលាយជាមួយរំអិល សម្បោរ រលាកសួត ជីពចរ និងដង្ហើមដើរញាប់៕
Tag:
ThmeyThmey25
ចាក់វ៉ាក់សាំងជំងឺសាទឹក
មន្ទីរកសិកម្ម
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com