ពីនេះ ពីនោះ
«ឥន្ទ​ធនូ» មិនមែន ឥន្ធនូ, ឥន្ធធនូ ឬ ឥន្ទនូ នោះឡើយ
05, Aug 2022 , 7:29 am        
រូបភាព
ឥន្ទធនូ (អានថា អិន-ធៈនូ) ជាពាក្យ​ងាយ​ស្រួលសរសេរ ប៉ុន្តែមនុស្សមួយចំនួន​មិន​បាន​យក​ចិត្តទុក​ដាក់បែរជាទម្លាប់​សរសេរទាំងខុសទៅជា ឥន្ធនូ, ឥន្ធធនូ ឬឥន្ទនូ ទៅវិញ។

 
តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ឥន្ទធនូ មានន័យចំថា ធ្នូព្រះឥន្ទ ។ ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំង តែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យ កើតដោយរស្មីព្រះអាទិត្យ ចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងឰដ៏អាកាស បញ្ចេញព័ណ៌ ៧ យ៉ាងគឺ ព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហម ប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស (បើចង់ឃើញពន្លឺដូចឥន្ទធនូ ត្រូវឈរព្រួសទឹកឲ្យខ្លាំងពីខាងចំហៀងផ្ទុយគ្នានឹងវង់ព្រះអាទិត្យ នឹងឃើញព័ណ៌៧ យ៉ាងដូចព័ណ៌ឥន្ទធនូសុទ្ធសាធ គ្រាន់តែមិនមានសណ្ឋានកោងធំដូចឥន្ទធនូប៉ុណ្ណោះ)។
 
ឥន្ទធនូចុះ មានឥន្ទធនូ (ពាក្យកាព្យ ប្រើជា ឥន្ទចាប ឬ ឥន្ទចាបៈ, ឥន្ទិស្សាស, ឥន្ទាវុធ ឬ ឥន្ទ្រាយុធ ក៏បាន ប្រែថា "ធ្នូព្រះឥន្ទ" គឺឥន្ទធនូដែរ )។ សម្រាប់ពាក្យប្រៀប ខ្មែរហៅផ្ទាំងសំពត់តូចវែង មានព័ណ៌ឆ្លាស់គ្នា, ជាឥស្សរិយាភរណៈ សម្រាប់ឥស្សរជនស្ពាយឆៀង ថា ឥន្ទធនូ ដែរ។ ស្ពាយឆៀងឥន្ទធនូ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com