ជាតិ
«ភូមិឋានកេងកង» ទីទេសចរណ៍ថ្មីក្នុងស្រុកថ្មបាំង
16, Oct 2021 , 8:59 pm        
រូបភាព
 រូបភាពពី ទំព័រហ្វេសប៊ុក៖ Keng Kang Village
រូបភាពពី ទំព័រហ្វេសប៊ុក៖ Keng Kang Village
ដោយ:
ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ភូមិឋានកេងកង ជាទីតាំងទេសចរណ៍មួយ ដែលអាចឱ្យទេសចរសម្រាកលម្ហែជាមួយធម្មជាតិបៃតង។ ទេសចរអាចបោះតង់ តាមដងអូរ ដែលមានទឹកហូរពី ស្ទឹងតាតៃ ខួបប្រាំងខួបវស្សា។


ភូមិឋានកេងកង ជាទីសាកសមសម្រាប់ទេសចរ ដែលចូលចិត្តសម្រាកបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិ។ ទីតាំងទេសចរណ៍នេះ មានវាលស្មៅខៀវខ្ចី ក្បែរដងអូរ ដែលទេសចរ អាចបោះតង់សម្រាកលម្ហែបាន។បន្ថែមពីនេះ ទេសចរក៏អាចគយគន់សម្រស់ធម្មជាតិនៃដងភ្នំផងដែរ។
 
បើតាម កញ្ញា សែ សម្ផស្ស អ្នកសម្របសម្រួលនៅភូមិឋានកេងកង ទេសចរដែលចង់ទៅកម្សាន្ត នៅភូមិឋានកេងកង អាចជួលកន្លែងសម្រាប់បោះតង់បាន។ ប៉ុន្តែក្នុងភូមិនេះមិនទាន់មានសេវាកម្មជួលតង់ ឬកន្លែងស្នាក់នៅនោះទេ។ ដូច្នេះទេសចរ ត្រូវយកតង់ទៅដោយខ្លួនឯង។
  


«បច្ចុប្បន្នយើងមានតែកន្លែងសម្រាប់ជួលបោះតង់ប៉ុណ្ណោះ ដោយយើងគិតម្នាក់១០ដុល្លារសម្រាប់មនុស្សធំ ប៉ុន្តែបើក្រោម១២ឆ្នាំ មិនគិតលុយទេ។ នាពេលអនាគត យើងនឹងប្រែក្លាយតំបន់នេះជារីសត ព្រោះក្នុងស្រុកថ្មបាំង មានសក្តានុពលច្រើន តែមិនសូវការអភិវឌ្ឍជាកន្លែងកម្សាន្តនៅឡើយ»។ នេះជាការលើកឡើងរបស់ កញ្ញា សែ សម្ផស្ស ដោយបន្តថាការបង្កើតកន្លែងកម្សាន្តនេះ នឹងមិនកែច្នៃច្រើននោះទេ គឺរក្សាធម្មជាតិនៅដដែល និងបន្ថែមសេវាកម្ម។
 
ភូមិឋានកេងកង ទទួលបានគាំទ្រច្រើនពីភ្ញៀវទេសចរ ព្រោះបច្ចុប្បន្នទេសចរជាតិ មាននិន្នាការដើរកម្សាន្តនៅតំបន់ធម្មជាតិ ។ ម្យ៉ាងការទៅកម្សាន្តនៅភូមិឋានកេងកង ទេសចរមិនចាំបាច់ចំណាយកម្លាំងច្រើនសម្រាប់ការធ្វើដំណើរនោះទេ។ ពោលទេសចរអាចធ្វើដំណើរដោយម៉ូតូ ឬរថយន្តទៅដល់ទីតាំងតែម្ដង។
 
ក្រៅពីការកម្សាន្តនៅ ភូមិឋាមកេងកង ទេសចរក៏អាចចូលទិញផ្លែឈើហូបផ្លែរ ដូចជាផ្លែប័រ ទុរេន សាវម៉ាវ និងបន្លែធម្មជាតិជាច្រើនទៀតរបស់កសិករក្នុងតំបន់នោះផងដែរ៕


 

Tag:
 ThmeyThme25
  ភូមិឋានកេងកង
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com