ជាតិ
សង្គមជាតិ
ទឹកស្ទឹងសង្កែ ស្រកចុះខ្លះវិញហើយ
17, Oct 2021 , 1:59 pm        
រូបភាព
ស្ថានភាពទឹកស្ទឹងសង្កែ នាវេលាម៉ោង ៧ព្រឹក ក្នុងក្រុងបាត់ដំបង។រូបភាពី រដ្ឋបាលខេត្តបាត់ដំបង។
ស្ថានភាពទឹកស្ទឹងសង្កែ នាវេលាម៉ោង ៧ព្រឹក ក្នុងក្រុងបាត់ដំបង។រូបភាពី រដ្ឋបាលខេត្តបាត់ដំបង។
ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ នៅវេលាព្រឹកថ្ងៃទី១៧ ខែតុលានេះ ចាប់ផ្ដើមស្រកចុះមកត្រឹម ១៣,៨៥ម៉ែត្រ ខណៈយប់ម្សិលមិញកម្ពស់ទឹក ឡើងដល់១៤ម៉ែត្រ។ ឯជំនន់ស្ទឹងសង្កែនេះ បានហៀរចូលក្នុងក្រុងបាត់ដំបងមិនទាន់ស្រកនៅឡើយទេ។ នេះបើតាម លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។


លោក ផេង សិទ្ធី មានប្រសាសន៍ថា៖«គិតត្រឹមម៉ោងជិត ១១ព្រឹកនេះ កម្ពស់ទឹកស្ទឹងសង្កែបានថយមកត្រឹម ១៣,៨៥ម៉ែត្រ។ ចំណែកឯទឹកហៀរចូលក្នុងក្រុងបាត់ដំបង អត់ទាន់ស្រកទេ តែកាលណាកម្ពស់ទឹកដល់ ១៣,៨០ម៉ែត្រ កំពុងតែហូរចូលក្រុងហើយ»។ 
 
លោកបន្តថា ជំនន់ទឹកពីស្ទឹងសង្កែ បានជន់លិចផ្ទះពលរដ្ឋ នៅតាមបណ្ដោយច្រាំងស្ទឹង ក្នុងនោះសង្កាត់វត្តគរ សង្កាត់ព្រែកព្រះស្ដេច សង្កាត់ស្វាយប៉ោ សង្កាត់រតនៈ សង្កាត់ក្ដុលដូនទាវ និងសង្កាត់ស្លាកែត។ តែការលិចផ្ទះពលរដ្ឋតាមបណ្ដោយមាត់ស្ទឹងនេះ មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះទេ។ 
 
ដ្បិតកម្ពស់ទឹកក្នុងស្ទឹងសង្កែថយចុះ ប៉ុន្តែអាជ្ញាធរនៅតែបន្តតាមដាន និងត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចអន្តរាគមន៍ដល់ពលរដ្ឋ។ នេះជាការលើកឡើងរបស់ លោក ផេង សិទ្ធី ដោយលោកបន្ថែមថា នៅវេលាព្រឹកថ្ងៃទី១៧នេះ ក្នុងក្រុងបាត់ដំបង កំពុងមានភ្លៀងធ្លាក់រលឹមផងដែរ។ 
 
ជុំវិញបញ្ហាទឹកឡើង ឬស្រក គឺះអាស្រ័យស្ថានភាពភ្លៀងក្នុងស្រុកសំឡូត។ អភិបាលក្រុងបាត់ដំបងរូបនេះអះអាងដូច្នេះថា៖«បើសិនជាភ្លៀងក្នុងស្រុកសំឡូត នោះទឹកស្ទឹងនឹងហក់ឡើងទៀត។ ប៉ុន្តែបើស្រុកសំឡូតអត់មានភ្លៀង នោះទឹកស្ទឹងនឹងចាប់ផ្ដើមស្រក់ទៀត»។ 
 
ពាក់ព័ន្ធនឹងទឹកជំនន់នៅក្រុងបាត់ដំបង លោក ផេង សិទ្ធី មិនទាន់ទទួលបានព័ត៌មានពីផលប៉ះពាល់ដល់ពលរដ្ឋ ឬដំណាំពលរដ្ឋនៅឡើយនោះទេ មកទល់វេលាព្រឹកថ្ងៃទី១៧ខែតុលានេះ។ ទោះបីយ៉ាងណាក៏ដោយ លោកបានអំពាវនាវដល់ពលរដ្ឋ ជាពិសេសចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះជាដើម នៅតាមបណ្ដោយស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ដល់អាជ្ញាធរ ដើម្បីធ្វើអន្តរាគមន៍ នៅពេលមានគ្រោះអាសន្នកើតឡើង៕
 

Tag:
 ThmeyThmey25
  ទឹកជំនន់
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com