ជាតិ
ពីនេះ ពីនោះ
ក្រសួងបរិស្ថាន៖វត្តមានកូនខ្ទីង និងខ្ទីងជំទង់ បង្ហាញពីប្រសិទ្ធភាពនៃការអភិរក្ស
05, Nov 2021 , 7:59 am        
រូបភាព
ហ្វូងសត្វខ្ទីង ក្នុងដែនការពារធម្មជាតិ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ រូបភាពពី ក្រសួងបរិស្ថាន។
ហ្វូងសត្វខ្ទីង ក្នុងដែនការពារធម្មជាតិ ថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ រូបភាពពី ក្រសួងបរិស្ថាន។
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន ប្រទះឃើញវត្តមានហ្វូងសត្វខ្ទីងធំ​ និងតូចក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ រំបកគំហើញនេះ ជាក្ដីសង្ឃឹមនៃការអភិរក្សសត្វប្រភេទកម្រជិតផុតពូជ និងបង្ហាញពីប្រសិទ្ធភាព នៃការការពារជម្រក និងសុវត្ថិភាពសត្វព្រៃកាន់តែប្រសើរ។



នាពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានប្រទះវត្តមានហ្វូងសត្វខ្ទីងតូចធំជាច្រើនក្បាល តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានបំពាក់តាមដែនជម្រកសត្វព្រៃនៅកម្ពុជា។ បើតាមក្រសួងបរិស្ថាន តាមរយៈវត្តមានសត្វខ្ទីងតូចធំនេះ ជាក្ដីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងជីវៈចម្រុះពិភពលោក ដោយសារខ្ទីង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ខណៈចំនួនសត្វនេះកំពុងធ្លាក់ចុះលើពិភពលោក។
«វត្តមានកូនខ្ទីង និងខ្ទីងជំទង់ ក្នុងតំបន់ការពារធម្មជាតិ ជាក្ដីសង្ឃឹមនៃការអភិរក្សសត្វប្រភេទកម្រជិតផុតពូជ និងបង្ហាញពីប្រសិទ្ធភាព នៃការការពារជម្រក និងសុវត្ថិភាពសត្វព្រៃកាន់តែប្រសើរ»។ នេះបើតាមក្រសួងបរិស្ថាន។
 
យ៉ាងណាមិញ ជុំវិញទិន្នន័យច្បាស់ការណ៍ពីចំនួនសត្វខ្ទីងនៅកម្ពុជា ក្រសួងបរិស្ថាន មិនទាន់មាននោះទេ។ បើយោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងមន្ត្រីឧទ្យានុរក្សចុះល្បាតតាមតំបន់ការពារធម្មជាតិ គឺមានវត្តមានសត្វនេះ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។
ផ្អែកលើការសិក្សារបស់អ្នកជំនាញ នៅកម្ពុជាសត្វខ្ទីង មានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅរង្វង់ឆ្នាំ១៩៦០ ដល់ដើមឆ្នាំ១៩៩០ ហើយចំនួននេះត្រូវបានរកឃើញថា មានការធ្លាក់ចុះបន្ថែម មកទល់ពេលបច្ចុប្បន្ននេះ។ រីឯចំនួនសត្វខ្ទីងនៅលើពិភពលោកថយចុះប្រមាណ ៩០ភាគរយ ចាប់ពីពាក់កណ្ដាលសតវត្សរ៍ទី២០មក។
 
បើតាមក្រសួងបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួនសត្វខ្ទីងមានចំនួន៥០០ក្បាល ក្នុងឆ្នាំ២០១០ ថយចុះមកសល់ ១០០ក្បាល ក្នុងឆ្នាំ២០២០។ ចំពោះដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ១៩៩០ មានសត្វខ្ទីងចន្លោះពី ៥០០ ទៅជាង ១ ០០០ក្បាល តែចំនួននេះមានការថយចុះនាពេលបច្ចុប្បន្ន។
 
នៅលើពិភពលោក ត្រូវបានអ្នកជំនាញសិក្សារកឃើញថា សត្វខ្ទីង អាចមានរង្វង់ពី ៦ពាន់ក្បាល ២,១ម៉ឺនក្បាលប៉ុណ្ណោះ។ ក្រៅពីប្រទេសកម្ពុជា បច្ចុប្បន្នសត្វខ្ទីង មានវត្តមាននៅក្នុងប្រទេសប៊ូតង់ ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងវៀតណាម ខណៈស្រីលង្កា និងបង់ក្លាដែស បានផុតពូជទៅហើយ៕

Tag:
 ThmeyThmey25
  បរិស្ថាន
  សត្វខ្ទីង
© រក្សាសិទ្ធិដោយ thmeythmey.com