ជាតិ
រថយន្ត
រថយន្ត CITROËN ផលិតឆ្នាំ១៩៨០មួយគ្រឿង ត្រូវបានកែកុនទៅជាឡានតាំងលម្អ
08, Nov 2021 , 7:59 pm        
រូបភាព
ហាងលក់រថយន្ដ HBH នៅរាជធានីភ្នំពេញលក់ឡានធម្មតា និងឡានបុរាណដែលនាំចូលពីប្រទេសជប៉ុនខ្លះដែរ។ ប៉ុន្តែអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការនាំចូលរថយន្ដបុរាណត្រូវបានផ្អាក។ ពេលនេះនៅតែមានលក់ឡាន ដែលសល់ពីសម័យមុនមួយចំនួន ក្នុងនោះមានឡានបារាំងម៉ាក CITROËN (ស៊ីត្រូអ៊ែន) ប្រភេទ2 Chevaux Vapeur ម៉ូឌែល 6 Spécial ផលិតនៅចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ១៩៩០។ ទោះបីជា«2 Chevaux Vapeur» ជាឈ្មោះផ្លូវការ តែតាមពិតគេហៅថា "2 Chevaux" (ឌើសឺវោ) និងសរសេរជាអក្សរកាត់ថា 2CV។ «2 Chevaux Vapeur» គឺជាកម្លាំងរថយន្ដតែម្ដង។

 

CITROËN 2CVនេះ មិនមានម៉ាស៊ីនទេ ហើយគេបានដេរពូកឡានថ្មីវិញ និងបាញ់ថ្នាំទ្រង់ទ្រាយ និងកង់ពណ៌ក្រហមចាស់ និងស្វាយ ខណៈពីដើមមានពណ៌តែ១ដែលប្រហែលជាពណ៌ក្រហមចាស់។ ដែកកាងទាំងខាងមុខ ទាំងខាងក្រោយក៏ត្រូវបានបាញ់ថ្នាំពណ៌ប្រផេះដែរ ហើយពីមុនគឺជាដែកក្រូមេ។ ឥឡូវនេះ វាមានពណ៌ប្រផេះវិញ ហើយនៅខ្វះដុំកៅស៊ូការពារ ដែលពេញនិយមនៅសម័យមុន។ ទម្ងន់របស់រថយន្តនេះតែកន្លះតោនទេ ហើយគឺជារថយន្តដ៏កម្រនៅកម្ពុជា ខណៈដែលទូទាំងប្រទេស ទំនងមានរថយន្តប្រភេទនេះតែ ៣គ្រឿងប៉ុណ្ណោះ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ក្រុមហ៊ុន CITROËN បានដំឡើងរថយន្ដ CITROËN ប្រភេទ 2CV ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ នៅខេត្តព្រះស៊ីហនុ ដោយសហការជាមួយក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile) និងក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges។ ពេលនោះ ទីតាំងចែកចាយរថយន្តម៉ាក CITROËN នេះ គឺនៅលើវិថីព្រះវិហារ (ផ្លូវ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


 
ទោះយ៉ាងណា ក្រោយសង្គ្រាម មិនមានសេសសល់រថយន្តម៉ាក CITROËN ដែលដំឡើងនៅកម្ពុជានោះទេ។ សព្វថ្ងៃនេះ គេនៅឃើញឈ្មោះ CITROËN នៅជាប់នឹងអគារនេះនៅឡើយ ប៉ុន្តែវាបានក្លាយទៅជាហាងកាហ្វេ និងបន្ទប់ជួលសម្រាប់ពលរដ្ឋវិញ។ សូមបញ្ជាក់ថា ក្រុមហ៊ុន CITROËN ក៏បានផ្ដល់ម៉ាស៊ីនសម្រាប់រថយន្ដម៉ាក Angkor ផលិតមុនសង្គ្រាម នៅខេត្តបាត់ដំបងដែរ។
 


រថយន្ដ CITROËN 2CV គឺជាប្រភេទរថយន្ដមួយដ៏ប្រជាប្រិយណាស់។ ទូទាំងពិភពលោកមានសមាគមច្រើន សម្រាប់ម្ចាស់ 2CV។ នៅប្រទេសបារាំងពួកគេជួបជុំទាំងអស់គ្នា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០២ ដែលមាន CITROËN 2CV ជិត៣០០០គ្រឿង ! 2CV ក៏មានក្នុងរឿងភាពយន្ដផ្សេងៗដូចជា James BOND ក្នុងរឿងល្ខោនក៏មាន ក្នុងឃ្លីបវីដេអូក៏មាន ក្នុងកម្មវិធីទូរទស្សន៍ក៏មាន ក្នុងហ្គេមក៏មាន ក្នុងរឿងប្រលោមលោកក៏មាន ក្នុងសៀវភៅតុក្កតាក៏មាន និងលើតែមប្រៃសណីយ៍ក៏មានដែរ។
 


រថយន្ដ CITROËN 2CV6 Spécial ត្រូវបានផលិតពីពាក់កណ្ដាលឆ្នាំ១៩៧៩ រហូតដល់ខែកក្កដា ឆ្នាំ១៩៩០។ វាមានកម្លាំងម៉ាស៊ីន ៦០២CC។ មានរថយន្ត CITROËN 2CV ចំនួន ៥ ១១៤ ៩៦១ គ្រឿង ត្រូវបានផលិតក្នុងចន្លោះ ឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៩០។ ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ PSA៕
 


 

Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com