ជាតិ
សេដ្ឋកិច្ច
សម្តេច ទៀ បាញ់៖ រដ្ឋ ផ្តល់ថវិកាជិត៤លានដុល្លារទៀត ដើម្បីបញ្ចប់ការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
15, Nov 2021 , 9:59 am        
រូបភាព
រូបតំណាង៖ ក្រុមការងារអន្តរក្រសួង កំពុងត្រួតពិនិត្យលើការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២១
រូបតំណាង៖ ក្រុមការងារអន្តរក្រសួង កំពុងត្រួតពិនិត្យលើការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចផ្តល់ថវិកាជិត៤លានដុល្លារទៀត ដើម្បីបញ្ចប់ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅចុងខែធ្នូ ឆ្នាំ២០២១។ នេះបើតាមលើកឡើងរបស់សម្តេច ទៀ បាញ់  ដែលជាប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយបានបញ្ជាក់ថា ថវិកានេះប្រើសម្រាប់រៀបចំចំណត់រថយន្ត និងប្រព័ន្ធលូទឹកស្អុយជូនពលរដ្ឋដែលរស់នៅជាប់ផ្លូវ៣៨ខ្សែនោះ។



អត្ថបទទាក់ទង
 
ការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២១។ ដើម្បីបញ្ចប់ការស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយជោគជ័យរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាប្រមាណ៣,៨លានដុល្លារទៀត សម្រាប់រៀបចំចំណត់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ និងរៀបចំបណ្តាញរំដោះទឹកភ្លៀង-ទឹកកង្វក់ ជូនពលរដ្ឋដែលរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ។ សម្តេច ទៀ បាញ់ បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប  នៅសណ្ឋាគារសុខាសៀមរាបនាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។ 
 
ប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា៖ «សម្តេច ហ៊ុន សែន បានឯកភាពដោះស្រាយរឿង[តបណ្តាញរំដោះទឹកភ្លៀងនិងទឹកស្អុយ]ជូនពលរដ្ឋដោយឥតគិតថ្លៃហើយ។ រឿងនេះ គឺជាការអបអរសាទរមួយចំពោះអ្នកដែលនៅក្រុងសៀមរាបទាំងមូល ដែលទទួលបាននូវកាដូមួយយ៉ាងប្រពៃពីសម្តេច ហ៊ុន សែន[...]»។
 

សម្តេច ទៀ បាញ់ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប  នៅសណ្ឋាគារសុខាសៀមរាបនាព្រឹកថ្ងៃទី១៤វិច្ឆិកា។

បើតាមសម្តេច ទៀ បាញ់ ពលរដ្ឋដែលត្រូវទទួលបានការរៀបចំតបណ្តាញរំដោះទឹកភ្លៀងនិងទឹកកង្វក់ដោយឥតគិតថ្លៃនោះ មានជាង១,២ម៉ឺនគ្រួសារ ខណៈការរៀបចំចំណត់រថយន្តនេះ គឺមានប្រវែង២,៥គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប។ សម្តេច បានថ្លែងដូច្នេះ៖ «គម្រោងនេះ សរុបជាថវិកាមានចំនួន៣,៨លានដុល្លារ ឬច្រើនជាងនេះទៀតដែលសម្តេច ហ៊ុន សែនផ្តល់ជាកាដូឱ្យហើយ»។
 
ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ក្រោមកញ្ចប់ថវិកា១៥០លានដុល្លារ គឺសម្រេចបានចំនួន៩០ភាគរយហើយ៕ 
 
 
 
 

Tag:
 ផ្លូវ៣៨ខ្សែ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com