ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខំញ៊ាំផងទៅ! ខ្ទឹមស, ការ៉ុត និងអាហារ ៣មុខនេះ ជួយបង្កើនកម្រិតអុកស៊ីសែនក្នុងឈាម
14, Nov 2021 , 10:59 pm        
រូបភាព
អុកស៊ីសែន គឺចាំបាច់ណាស់សម្រាប់ទ្រទ្រង់អាយុជីវិត, ការលូតលាស់ និងដំណើរការមុខងារប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ។ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការញ៊ាំអាហារមួយចំនួនអាចជួយបង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយបាន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់បង្កើនកម្រិតនៃអុកស៊ីសែនក្នុងរាងកាយ ៖

 
១. ខ្ទឹមស
 
មិនត្រឹមតែល្អសម្រាប់គាំទ្រដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានខ្ទឹមសក៏ជួយធ្វើឱ្យកម្រិតនៃអុកស៊ីសែនក្នុងឈាមមានសភាពប្រសើរឡើងផងដែរ។ អ្នកចាំបាច់គួរទទួលទានខ្ទឹមសយ៉ាងហោចណាស់មួយកំពឹសរាល់ថ្ងៃជាមួយអាហារដទៃទៀត ឬញ៊ាំវាឆៅតែឯងក៏បាន។ ចំពោះអ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងនឹងឈាមកក ចូរចៀសវាងទទួលទានខ្ទឹមស។
 
២. មើមឆៃថាវក្រហម
 
មានផ្ទុកសារធាតុនីទ្រីកអុកស៊ីតដែលជួយពង្រីកសសៃឈាម និងធ្វើឱ្យលំហូរឈាមអុកស៊ីសែនមានភាពងាយស្រួលក្នុងការហូរទៅជាលិកាផ្សេងៗ។ អ្នកអាចទទួលទានមើមឆៃថាវក្រហមម្ខាង ឬ១កំណាត់រាល់ថ្ងៃដោយបន្ថែមក្នុងអាហារផ្សេងៗ ឬធ្វើជាភេសជ្ជៈក៏បាន។
 
៣. ការ៉ុត
 
មានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C, សារធាតុ choline, ប៉ូតាស្យូម, ជាតិដែក, ស័ង្កសី និងទង់ដែង។ វាក៏ជាប្រភពនៃសារធាតុ phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់បន្សាបជាតិពុលក្នុងរាងកាយ ហើយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅរាល់ជាលិកាផងដែរ។ អ្នកអាចទទួលទានការ៉ុតជាអាហារសម្រន់ ឬធ្វើជាភេសជ្ជៈ។
 
៤. ស្ពៃពួយឡេង
 
បន្លែបៃតងនេះមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន A, វីតាមីន B3, វីតាមីន B5, វីតាមីន B6, វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនផ្សេងទៀតដែលល្អណាស់សម្រាប់បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម។
 
៥. ស៊ុត
 
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន, ជាតិដែក, ស័ង្កសី, ប៉ូតាស្យូម, សេលេញ៉ូម, វីតាមីន A, វីតាមីន D, វីតាមីន B5, វីតាមីន B6, វីតាមីន B12, វីតាមីន E, វីតាមីន K, សារធាតុ folate និងសារធាតុ beta-carotene ដែលល្អសម្រាប់បង្កើនកម្រិតនៃអុកស៊ីសែនក្នុងឈាម។ អ្នកអាចទទួលទានស៊ុតពី ៣ ទៅ ៥ គ្រាប់ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរចៀសវាង ឬកម្រិតទទួលទានផ្នែកពណ៌នៃស៊ុត។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com