ជាតិ
ពីនេះ ពីនោះ
«កល់» និង «កល» ន័យខុសគ្នា
26, Feb 2023 , 7:29 am        
រូបភាព
«កល់» និង «កល» មានសូរដូចគ្នា ប៉ុន្តែន័យ​ខុសគ្នា​ទាំងស្រុង។ សារព័ត៌មាន​ថ្មីៗ សូម​លើក​យកពាក្យទាំងនេះ មក​ពន្យល់ ដោយ​ផ្អែកតាម​វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«កល់» មានន័យថា ទ្រពីក្រោម, ស៊ែមពីក្រោម ដើម្បីឲ្យស្មើមិនឲ្យល្អៀង ឬ ដើម្បីឲ្យហើប ឲ្យខ្ពស់ឡើង
ដាក់កំណល់កល់ឲ្យខ្ពស់ឡើង។
 
ពាក្យដែលពាក់ព័ន្ធនឹងពាក្យ​ «កល់» មានដូចជា៖ 
 
-តម្កល់៖ ទ្រឲ្យខ្ពស់ផុតពីទីប្រក្រតី, ថ្កល់លើអ្វីៗ, តាំង, តម្កល់គ្រឿងសក្ការបូជា។ តម្កល់ចិត្ត គឺតាំងចិត្តឲ្យនឹង ។
-ប្រកល់៖ ដាក់កល់ពីលើ, កល់លើគ្នា, ប្រកល់ចង្ក្រាន, ប្រកល់កំណាត់ឈើ ។
-ថ្កល់៖ នឹងណាស់, ដែលនឹងដូចគេតម្កល់, នឹងថ្កល់ ។
-កំណល់៖ ប្រដាប់សម្រាប់កល់, យកកំណល់មកកល់សិន, យកកំណល់មកកល់ កុំឲ្យផ្អៀង ។, ទ្រនឹបគ្រូពេទ្យកំណល់គ្រូ គេយកសំពត់ហូលមួយ ជូនកំណល់គ្រូ ។
 
រីឯពាក្យ «កល» វិញ មានន័យថា ឧបាយយ៉ាងល្អិត, ល្បិច ( ឧបាយកល ), ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ ។
 
 
ពាក្យដែលពាក់ព័ន្ធនឹងពាក្យ​ «កល» មានដូចជា៖ 
-កលោបាយ (កល+ឧបាយ)៖ ឧបាយឈ្លាសវៃ, ឧបាយដែលប្រកបដោយកលល្បិច; កលនិងឧបាយ ឬ ឧបាយកល ល្បិចក្នុងល្បិច។
-កលហប្បវឌ្ឍនី៖ ការចម្រើនដោយជម្លោះ, ការធ្វើជម្លោះឲ្យរីកធំខ្លាំងឡើង, ការនាំបង្កហេតុឲ្យកើតសេចក្តីទាស់ទែងគ្នា។ កលហភាព ភាពនៃជម្លោះ,  ការទាស់ទែងគ្នា 
-កលហៈ៖ ជម្លោះ, កើតមានកលហៈនឹងគ្នា គឺកើតមានជម្លោះនឹងគ្នា ។
-កលហពិរោធ៖ កំហឹងដែលនាំបណ្តាលឲ្យកើតជាជម្លោះ ឬ កំហុសដែលកើតអំពីជម្លោះ ( ច្រើននិយាយថា កលហ៍ពិរោធ ), កើតកលហ៍ពិរោធ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com