ជាតិ
ពីនេះ ពីនោះ
សម្ពាធ និង សម្ពៀត មាន​ន័យ​ខុសគ្នា​ដាច់​ស្រឡះ
15, Feb 2023 , 7:29 am        
រូបភាព
សូរដូចគ្នា ប៉ុន្តែមិនមាន​ន័យ​ដូចគ្នាឡើយ ពោលគឺ​ខុសគ្នា​ដាច់ស្រឡះ។ សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យ «សម្ពាធ» និង «សម្ពៀត» មកពន្យល់ ដោយផ្អែកទាំងស្រុង​តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«សម្ពាធ» ជាគុណសព្ទ មានន័យ​ថា  ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្ដែថ្ដុក។ ទីសម្ពាធ ទីចង្អៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។ 
 
ឧទាហរណ៍ពាក្យមួយចំនួន៖ សម្ពាធគ្រឹះ ផ្ទះចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។ សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។ សម្ពាធបថ ឬ —មគ្គ, —មាគ៌ា ផ្លូវចង្អៀត ។ សម្ពាធប្រាប្ដ ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។ សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។ សម្ពាធាវាស អាវាស, លំនៅ ចង្អៀត ។ ល ។
 
រីឯពាក្យ «សម្ពៀត» មានន័យថា ប្រដាប់ត្បាញដោយចម្រៀកចចូត, ស្លឹកត្នោត, ស្លឹករឹត,... ឬធ្វើដោយស្បែកសម្លាប់មានរាងស្ពៀតសម្រាប់ដាក់អ្វីៗស្រាលៗ។ សម្ពៀតចចូត, សម្ពៀតរំចេក, សម្ពៀតស្បែក ។ អាច​សរសេរ​ជា សំពៀត ក៏បាន ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com