ជាតិ
និស្សិត​បុរាណ​វិទ្យា​២​រូប ​បាន​អាហារូបករណ៍ ​ពីសមាគមពុទ្ធ​សាសនា Shinnyo-en នៃ​ប្រទេស​ជប៉ុន
19, Nov 2021 , 8:59 am        
រូបភាព
ភ្នំពេញ​៖ និស្សិត​មហាវិទ្យា​ល័យ​បុរាណ​វិទ្យា​ ថ្នាក់​ឆ្នាំ​ទី​២ ជំនាន់​ទី​៣២ ចំនួន​២​រូប ទទួល​បាន​អាហារូបករណ៍​ជា​ថវិកា​ឧបត្ថម្ភ​​ការ​សិក្សា​ ពី​សមាគមពុទ្ធ​សាសនា Shinnyo-en នៃ​ប្រទេស​ជប៉ុន ​សម្រាប់​ការ​សិក្សា​ពី​ឆ្នាំ​ទី​២​រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។


 
និស្សិត​ដែល​ទទួល​អាហារូបករណ៍ ពី​សមាគមពុទ្ធ​សាសនា Shinnyo-en នៃ​ប្រទេស​ជប៉ុន បច្ចុប្បន្ន​កំពុង​​សិក្សា​មាន​៦​នាក់​ ស្ថិត​ក្នុង​ឆ្នាំ​សិក្សា​ផ្សេង​ៗ​គ្នា​។ ជា​ធម្មតា​អាហារូបករណ៍​នេះ​ ក្នុង​មួយ​ឆ្នាំ ផ្ដល់​ឱ្យ​តែ​និស្សិត​២​រូប​ប៉ុណ្ណោះ​ សម្រាប់​មហាវិទ្យា​ល័យ​បុរាណ​វិទ្យា នៅ​សកល​វិទ្យា​ល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ​​។ 
 
លោក ហុក រិទ្ធី គឺ​ជា​និស្សិត​ឆ្នាំ​ទី​២ ដែល​ទទួល​បាន​អាហារូបករណ៍​ពី​ សមាគមពុទ្ធ​សាសនា Shinnyo-en នៃ​ប្រទេស​ជប៉ុន សម្រាប់​ការ​សិក្សា​ក្នុង​ប្រទេស​កម្ពុជា ​ចាប់​ពី​ឆ្នាំ​ទី​២ ​រហូត​ដល់​បញ្ចប់​​បរិញ្ញាបត្រ​​។ បុរស​កូន​ទី​២​ក្នុង​គ្រួសារ​រូ​ប​នេះ ថា​ប្រាក់​ដែល​បាន​ពី​អាហារូបករណ៍​នេះ នឹង​​​ជួយ​សម្រាល​បន្ទុក​គ្រួសារ​​របស់​លោក​ច្រើន។ លោក​នឹង​យក​ប្រាក់​នោះ ទៅ​ទ្រទ្រង់​ដល់​​ការ​សិក្សា​ ដូច​ជា​ការ​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ ការ​សិក្សា​ភាសា​បរទេស​ក្រៅ​ម៉ោង ដូច​ជា​ភាសា​បារាំង​ និង​ភាសាអង់​គ្លេស​ រួម​ទាំងផ្គត់​ផ្គង់​ដល់​​ការ​សិក្សា​ផ្សេង​ៗ​ទៀត​។ 
 
រិទ្ធិ អាយុ​២០​ឆ្នាំ ដែល​អះ​អាង​​ថា ​ខ្លួន​ស្រឡាញ់​ជំនាញ​បុរាណ​វិទ្យា​ជា​ខ្លាំង តាំ​ង​ពី​រៀន​នៅ​វិទ្យា​ល័យ ទទួល​ស្គាល់​ថា លោក​​ចាប់​អារម្មណ៍​ទាំងមុខ​វិទ្យា ​វិទ្យា​សាស្ត្រ​ពិត​ និង​វិទ្យា​សាស្ត្រ​សង្គម​ ប៉ុន្តែ​ដោយ​ខ្លួន​មាន​មូល​ដ្ឋាន​គ្រឹះ​ខាង​បុរាណ​ច្រើន​ ទើប​បាន​ជា​លោក​ចាប់​យក​ជំនាញ​បុរាណ​វិទ្យា​។


និស្សិតបុរាណវិទ្យា ហុក រិទ្ធី អង្គុយលើផ្ទាំងថ្ម ខណៈពេលចុះកម្មសិក្សាកាលពីពេលកន្លងទៅ (រាប់ពីឆ្វេងទី១)

និស្សិត​ដែល​មាន​ម្ដាយ ​បើក​កន្លែង​បោក​គួក​ ហើយ​ឪពុក​ជា​​កម្មករ​សំណង់រូប​នេះ​ បញ្ជាក់​បន្ថែម​៖«ខ្ញុំ​​បាន​រៀនពី​មូល​ដ្ឋានគ្រឹះ ​មេរៀន​បេតិកភ័ណ្ឌ​កាល​នៅ​វិទ្យា​ល័យ។ កាន់​តែ​រៀន​ពី​អ្វី​ដែល​មាន​ពី​បុរាណ​ ខ្ញុំ​កាន់​តែ​ឆ្ងល់​ច្រើន​ឡើង​​។ ខ្ញុំ​បា​ន​​កំណត់ថា ពេល​រៀន​​ចប់​ទី​១២ ខ្ញុំនឹង​ចូល​រៀន​ផ្នែក​បុរាណ​វិទ្យា​ ហើយខ្ញុំ​​ក៏បាន​ប្រឡង​​ជាប់​អាហារូបករណ៍ ១០០​ភាគ​រយពេញ​​៤​ឆ្នាំ​ នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​»។ 
 
និស្សិត​ ហុក រិទ្ធី ដែល​មាន​ដើម​កំណើត​​នៅ​ខេត្ត​កំពង់ចាម​​ មាន​បំណង​ប្រាថ្នា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ជប៉ុន​បន្ថែម​ទៀត​​។ ហើយ​នៅ​ថ្ងៃ​អនាគត​ រិទ្ធី​ ចង់​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ ដោយ​យក​ចំណេះ​ដែលលោក​បាន​​រៀន​​ ផ្ទេរ​ទៅ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត​។  
 
ចំណែក​កញ្ញា ហាប់​ សូផះ ជា​ជន​ជាតិ​ចា​ម​ ក៏​ទទួល​បាន​អាហារូបករណ៍​ ពី​សមាគមពុទ្ធ​សាសនា Shinnyo-en នៃ​ប្រទេស​ជប៉ុន ផង​ដែរ​។ សូផះ រៀន​ជំនាញ​បុរាណ​វិទ្យា​ពី​ឆ្នាំ​ទី​១​មក​ គឺ​ត្រូវ​បង់​ថ្លៃ​ពេញ​។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​ទី​២​នេះ​ទៅ នាង​នឹង​យក​ប្រាក់​ បាន​ពី​អាហារូបករណ៍​ខាង​លើ​ ទៅ​បង់​ថ្លៃ​សិក្សា​ ទិញ​ឯកសារ​រៀន​ និង​ចំណាយក្នុង​ដំណើរ​​ការ​សិក្សា​​ផ្សេង​ៗ​ទៀត​។ 
 
ស្ថិត​ក្នុង​ឆ្នាំ​ទី​២​នេះ សូផះ ដែល​ទើប​តែ​មាន​អាយុ​១៨​ឆ្នាំ ថា​នាង​ពិត​ជា​ស្រឡាញ់​មុខ​វិទ្យា​បុរាណ​វិទ្យារបស់​ខ្មែរ​​​ខ្លាំង​ ពិសេស​នាង​ចង់​ដឹង​កាន់​តែ​ច្បាស់​​រឿង​ពី​បុរាណ​របស់​ខ្មែរ​។ ​
មាន​បង​ប្អូន​៣​នាក់​ សុទ្ធ​តែ​ស្រី​ ហើយ​នាង​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ និស្សិត​ស្រី​រូប​នេះ ចង់​បន្ត​ការ​សិក្សាជំនាញ​បុរាណ​វិទ្យា​ ​នៅ​ប្រទេស​បារាំង​បន្ថែម​ទៀត​ ប្រសិន​បើ​មាន​ឱកាស​។ ហើយ​មូល​ហេតុ​ដែល​នាង​ជ្រើស​​រើស​ប្រទេស​បារាំង​​ ដើម្បី​បន្ត​ការ​សិក្សា​ ព្រោះ​នាង​យល់​ឃើញ​ថា ប្រទេស​មួយ​នេះ​ ធ្លាប់​មាន​ប្រវត្តិជាប់​ពាក់​ព័ន្ធ​ជា​មួយ​ប្រទេស​ខ្មែរ ពិសេស​នាង​គិត​ថា​ ប្រទេស​នេះ​ប្រហែ​ល​ជា​មាន​ឯក​សារ​ប្រវត្តិសាស្ត្រ​​ខ្មែរ​ ​រក្សា​ទុក​ច្រើន​​។


កញ្ញា ហាប់ សូផះ និស្សិតបុរាណវិទ្យា នៃ​សកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ (រូប​ផ្ដល់​ឱ្យ)

នារី​ដែល​មាន​ម្ដាយ​ឪពុក​ជា​កសិករ​រូប​នេះ បញ្ជាក់​បន្ថែម​៖«រហូត​ដល់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​​ថា​ខ្ញុំ​ស្រឡាញ់​អ្វី​ឱ្យ​ខ្លាំង​ជាង​គេ​បំផុត​ទេ ខ្ញុំ​​ដឹងត្រឹម​​ថា​ ខ្ញុំ​ស្រឡាញ់​ខាង​បុរាណ​វិទ្យាខ្មែរ​​ខ្លាំង​។ ផ្នែក​កំណាយ​ក៏​ខ្ញុំ​ស្រឡាញ់​ ផ្នែក​កុលាលភាជន៍​​ក៏​ខ្ញុំ​ស្រឡាញ់​ នរវិទ្យា​ក៏​ខ្ញុំ​ស្រឡាញ់​ និយាយ​រួម​ ឱ្យ​តែ​ពាក់​ព័ន្ធ​នឹង​បុរាណ​វិទ្យា​ខ្ញុំ​​ស្រឡាញ់​ទាំង​អស់​។ បុរាណ​វិទ្យា​គេ​ត្រូវ​រៀន​ច្រើន​ផ្នែក​ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ពេល​១​ឆ្នាំ​ឬ​២​ឆ្នាំ​ទៀត​ ដើម្បី​ស្វែង​យល់​ថា តើ​ខ្ញុំ​ស្រឡាញ់​អ្វី​ខ្លាំង​ជាង​គេ ខ្ញុំ​រៀន​អ្វី​ពូកែ​ជា​ង​គេ​ ហើយ​ខ្ញុំ​នឹង​រៀន​ផ្នែក​នោះ ដើម្បី​ចាប់​យក​ការ​ងារ​​ទៅ​​ថ្ងៃ​អនាគត​»។
 
លោក ហេង សុផាឌី សកល​វិទ្យា​ធិការ​ សកល​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ បាន​​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា​ មហាវិទ្យា​ល័យ​បុរាណ​វិទ្យា​ ត្រូវ​បាន​កំណត់​ ជ្រើស​រើស​សិស្ស​និស្សិត​ ឱ្យ​ចូល​រៀន​ជំនាញ​នេះ ​​តែ​៣០​រូប​ប៉ុណ្ណោះ​ក្នុង​​មួយ​ឆ្នាំ​ ទាំងនិស្សិត​​អាហារូបករណ៍​ និង​និស្សិត​បង់​ថ្លៃ​​។ លោក ហេង សុផាឌី បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​កំណត់​បែប​នេះ មក​ពី​មហាវិទ្យា​ល័យ​នេះ ពុំ​សូវ​មាន​សិស្ស​និស្សិត​ដាក់​ពាក្យ​ចូល​រៀន​ ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​។ ម្យ៉ាង​វិញ​ទៀត​ បញ្ហា​ខ្វះ​គ្រូ ការ​ចុះ​​ធ្វើ​កម្ម​សិក្សា​ច្រើន​(ការ​ចំណាយ​របស់​សាលា​) និង​ដើម្បី​ពង្រឹង​គុណ​ភាព​ការ​សិក្សា​របស់​សិស្ស​និស្សិត​ផង​ ទើប​បាន​ជា​សាលា​សម្រេច​ជ្រើស​រើស​សិស្ស​និស្សិត​ ឱ្យ​ចូល​រៀន​ជំនាញ​បុរាណ​វិទ្យា តែ​៣០​រូប​ដូច្នេះ​។


លោក ហេង សុផាឌី សកលវិទ្យាធិការ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សកល​វិទ្យា​ធិការ​ សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ ពន្យល់​បន្ថែម​៖«ប្រសិន​បើមាន​សិស្ស​ដាក់​​លើស​ចំនួនកំណត់​ ម្នាក់​ឬ​ពីរ​នាក់​​ ហើយ​យើង​មើល​ឃើញ​ថា​​គេ​ចង់​រៀន​ខ្លាំង​ សាលា​ក៏​អនុញ្ញាត​ដែរ​។ កន្លង​​មក​សិស្ស​ខ្លះ​គ្រាន់​តែ​មក​រៀន​តាម​គ្នា រួច​ក៏​បោះ​បង់​ទៅ​វិញ នៅ​ឆមាស​ទី​១​ ឬ​ឆមាស​ទី​២ អ្នក​ខ្លះ​នៅ​រៀន​ដល់​ឆ្នាំ​ទី​២​ ក៏​បោះ​បង់​។ ដូច្នេះ​យើង​ចង់​បាន​សិស្ស​ណា​ ដែលពិត​ជា​​ស្រឡាញ់​មុខ​វិទ្យា​នេះ​។ 
 
​ការ​ចុះ​កម្ម​សិក្សា​ក្នុង​ប្រទេស​ ទៅ​ខេត្ត​ផ្សេង​ៗ​ដើម្បី​​ធ្វើ​កំណាយ ឬខេត្ត​ដែល​​មាន​​ប្រវត្តិសាស្ត្រ​សំណង់​បុរាណជា​ដើម​​ មាន​ក្នុង​​កម្ម​វិធី​សិក្សា​របស់​សាលា​។ ចំណែក​ការ​ចុះ​កម្ម​សិក្សា​ទៅ​ក្រៅ​ប្រទេស​ ​ប្រសិន​បើ​មាន​កិច្ច​សហការ​ជា​មួយ​សាលា​នៅ​ក្រៅ​ប្រទេស​ សាលា​អាច​បញ្ជូន​សិស្ស​ទៅ​ដែរ ប៉ុន្តែ​បាន​តែ​ម្នាក់​ឬ​២​នាក់​ប៉ុណ្ណោះ​ ដោយ​ជ្រើស​រើស​តែ​សិស្ស​ណា​ដែល​មាន​សមត្ថភាពខ្លាំង​។ យើង​​ធ្លាប់​បញ្ជូន​និស្សិត​ទៅ​​បារាំ​ង និង​អេស្បាញ​ជា​ដើម​ ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​»។ 
 
គិត​ត្រឹម​ឆ្នាំ​២០០០ ដែល​ជាជំនាន់​ទី៧ សម្រាប់​មហាវិទ្យា​ល័យ​បុរាណ​វិទ្យា នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មាន​និស្សិត​​បញ្ចប់​ការ​សិក្សា​ជំនាញ​បុរាណ​វិទ្យា​ ​ច្រើន​ជាង​គេ​ គឺ​នៅ​ក្នុងឆ្នាំ ២០១៥ នៃ​​ជំនាន់​ទី​២៣ គឺ​មាននិស្សិត​​ចំនួន៣៩​នាក់ ក្នុង​នោះ​​​​ស្រី​ចំនួន​២១​នាក់​។ ចំណែក​ឆ្នាំ​សិក្សា​ដែល​មាននិស្សិត​​រៀន​ជំនាញ​ បុរាណ​វិទ្យា​តិច​ជាង​គេ​ គឺ​ក្នុង​ឆ្នាំ​២០២០​ នៃ​ជំនាន់​ទី​២៨ ដោយ​មាន​​និស្សិត​បញ្ចប់​ការ​សិក្សា​ត្រឹម​តែ​៧​រូប​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ស្រី​ម្នាក់​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២១​នេះ និស្សិត​​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញបត្រ​ ជំនាញ​បុរាណ​វិទ្យា​ មាន​ចំនួន​១២​នាក់​ ក្នុង​នោះ​មាន​ស្រី​៥​នាក់​៕​

Tag:
 បុរាណ​វិទ្យា​
  អាហារូបករណ៍​
  សកល​វិទ្យា​ល័យភូមិន្ទ​វិចិត្រ​សិល្បៈ​​
  សិក្សា​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com