ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈប់ពិបាកចិត្តទៅ! បញ្ហាឡើងជ្រាំងអណ្ដាត? ខ្ទឹមស ជួយបាន បើយកមកធ្វើបែបនេះ
18, Nov 2021 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
អណ្ដាត ជាសាច់ដុំដ៏សំខាន់មួយក្នុងមាត់។ ដូច្នេះអ្នកចាំបាច់គួរយកចិត្តទុកដាក់ថែរក្សាវាឱ្យបានដិតដល់ ហើយអណ្ដាតដែលមានសុខភាពល្អ គឺតែងតែមានពណ៌ផ្កាឈូក។ ទោះជាយ៉ាងណាមានពេលខ្លះអណ្ដាតត្រូវគ្របដណ្ដប់ដោយផ្ទាំងពណ៌ស ឬប្រែជាឡើងជ្រាំងដែលអាចនាំឱ្យកើតមានបញ្ហាមួយចំនួនដូចជាពិបាកលេប ឬនិយាយ, ហូរឈាមនៅពេលកោសស្រទាប់សៗលើអណ្ដាត, ដំបៅពណ៌សៗ, ប្រេះស្បែកកៀនមាត់, បាត់បង់រសជាតិ ល្វីងក្នុងមាត់ និងក្លិនខ្យល់ដង្ហើមមិនល្អ។ មានមូលហេតុច្រ់ើនណាស់ដែលបង្កបញ្ហាឡើងច្រាំងអណ្ដាត រួមបញ្ចូលទាំងការឆ្លងមេរោគផ្សិត, កង្វះអនាម័យសុខភាពមាត់ធ្មេញ, ជំងឺមួយចំនួន, ការប្រើប្រាស់ថ្នាំ និងការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីត ឬជាតិស្ករ។ ថាតើគួរធ្វើបែបណាទើបអាចដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស ហើយមិនស្មុគស្មាញ?



កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយព្យាបាលបញ្ហាឡើងជ្រាំងអណ្ដាត ៖
 
១. ខ្ទឹមស
 
ខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលមានឥទ្ធិពលប្រឆាំងមេរោគផ្សិត, ពពួកវីរុស និងលក្ខណៈសម្បត្តិអង់ទីប៊ីយូទិកដែលជួយព្យាបាលអាការៈនៃបញ្ហាឡើងជ្រាំងអណ្ដាតគួរឱ្យកត់សម្គាល់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារខ្ទឹមសឆៅ ១កំពឹសក្នុងមាត់សម្រាប់រយៈពេលពី ២ ទៅ ៣នាទី រួចសឹមលេប។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃបានផងដែរ។

២. ទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមក្រេបទទួលទានយឺតៗ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចចូល និងទទួលទានឱ្យបាន ២ដងក្នុងមួយថ្ងៃ។
 
៣. ប្រេងដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរប្រេងដូងក្នុងមាត់រាល់ព្រឹកនៅពេលពោះទទេរមិនទាន់ញ៊ាំអ្វី។ បន្តធ្វើបែបនេះសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមខ្ជាក់ចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃរាល់ព្រឹក។
 
៤. យ៉ាអួរ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាកយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយក្នុងមាត់ និងទុកចោលបែបនេះសម្រាប់រយៈពេល ៥នាទីសិន សឹមលេបចូល។ អ្នកអាចអនុវត្តបែបនេះសារឡើងវិញ ៣ដងក្នុងមួយថ្ងៃ។
 
៥. ទឹកអំបិល
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរសម្អាតក្នុងមាត់។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ។
 
៦. ទឹកក្រូចឆ្មារស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារស្រស់ម្ខាងក្នុងទឹក ១កែវ។ បន្ថែមទឹកឃ្មុំបន្តិចបង្កើនរសជាតិ រួចកូរឱ្យសព្វ សឹមទទួលទានភ្លាមៗ។ អ្នកអាចអនុវត្តពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
 
៧. ទឹកប្រទាលកន្ទុយក្រពើស្រស់
 
ក្រៅពីទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ៤ស្លាបព្រាម្ដងក្នុងមួយថ្ងៃជាប្រចាំហើយនោះ អ្នកក៏អាចប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើបន្តិចលាបលើអណ្ដាត និងថ្ពាល់ផ្នែកខាងក្នុងផងដែរ។ គន្លឹះដ៏ងាយមួយទៀតនោះ គឺអ្នកគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាបាយសម្រាប់រយៈពេល ២ ទៅ ៣ នាទី សឹមខ្ជាក់ចេញ ។ ហើយលាងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តន៍រូបមន្តនេះសារឡើងវិញបានជាច្រើនដងក្នុងមួយថ្ងៃ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com