ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! កុំផឹកកាហ្វេភ្លាម ក្រោយញ៊ាំអាហាររួច វាអាចបង្កគ្រោះថ្នាក់ ៤នេះ
23, Nov 2021 , 11:59 pm        
រូបភាព
ភាគច្រើននៃពួកយើងមានទម្លាប់ទទួលទានកាហ្វេក្រោយញ៊ាំអាហារពេលព្រឹក ឬថ្ងៃរួច ដើម្បីរក្សាភាពស្វាង និងមានកម្លាំងធ្វើកិច្ចការផ្សេងៗពេញមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នេះអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពនិងសម្រស់។ ដើម្បីជាការប្រសើរ អ្នកគួររងចាំយ៉ាងហោចណាស់ ១ ម៉ោងបន្ទាប់ពីញ៊ាំអាហាររួចសិន សឹមទទួលទានកាហ្វេ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទម្លាប់ទទួលទានកាហ្វេក្រោយញ៊ាំអាហាររួចភ្លាម ៖

 
១. វាអាចបណ្ដាលឱ្យស្បែកស្ងួត
 
កាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយពែងអាចធ្វើឱ្យអ្នកងាយក្រោកពីដំណេកនៅពេលព្រឹក និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដែរចំពោះសុខភាព។ ប៉ុន្តែការទទួលទានវាផ្ទាល់ក្រោយពីញ៊ាំអាហាររួច គឺនឹងធ្វើឱ្យរាងកាយរាងកាយមិនអាចទទួលបាននូវរាល់សារធាតុចិញ្ចឹមពីអាហារ ព្រមទាំងអាចកាត់បន្ថយការស្រូបយកជាតិដែកដល់ទៅ ៨០ភាគរយឯណោះ។ នៅពេលរាងកាយមិនទទួលបាននូវជាតិដែកគ្រប់គ្រាន់ វាអាចជះផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាព ជាពិសេសធ្វើឱ្យស្បែកមានភាពប្រែប្រួលខុសប្រក្រតី។ ស្បែកអាចនឹងប្រែជាស្លេកស្លាំង ហើយស្ងួតជាងធម្មតា ធ្វើឱ្យងាយលេចឡើងនូវស្នាមជ្រីវជ្រួញ។
 
២. វាអាចបង្កការបំផ្លាញដល់ធ្មេញ
 
ការទទួលទានកាហ្វេភ្លាមៗក្រោយញ៊ាំអាហារអាចពន្យឺតសមត្ថភាពរាងកាយក្នុងការស្រូបយកនូវជាតិរ៉ែចាំបាច់ផ្សេងៗរួមបញ្ចូលទាំងកាល់ស្យូម។ ជាធម្មតាយើងបាត់បង់នូវជាតិកាល់ស្យូមតាមរយៈសក់ និងស្បែក ហើយរាងកាយបញ្ចេញវាចោលតាមរយៈញើសនិងទឹកនោម។ ការទទួលទានកាហ្វេអាចបណ្ដាលឱ្យរាងកាយបាត់បង់នូវជាតិកាល់ស្យូមកាន់តែច្រើន ហើយប្រសិនបើរបបអាហាររបស់អ្នកក៏មិនមានផ្ទុកជាតិរ៉ែនេះគ្រប់គ្រាន់ដែរនោះ រាងកាយនឹងចាប់ផ្ដើមទាញយកកាល់ស្យូមពីឆ្អឹងនិងធ្មេញ។ ជាលទ្ធផលបណ្ដាលឱ្យធ្មេញពុកផុយ និងរលាកអញ្ចាញ។
 
៣. វាអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ
 
ការញ៊ាំនំប័ុងបៀកបឺរយ៉ាងក្រាស់មួយបន្ទះ ឬការញ៊ាំអាហារសម្បូរខ្លាញ់មិនល្អ (ចៀន ឬបំពង) អាចមិនមែនជាអាហារសុខភាពល្អ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ ជាពិសេសនៅពេលញ៊ាំជាមួយកាហ្វេ។ ទោះជាយ៉ាងណា ទម្លាប់នៃការទតួលទានបែបនេះអាចបណ្ដាលឱ្យកម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ បន្ថែមពីនេះការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ជាតិខ្លាញ់ក្នុងកាហ្វេអាចជះផលប៉ះពាល់លើសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងកម្រិតនៃកូឡេស្តេរ៉ូលដែលធ្វើឱ្យភេសជ្ជៈនេះក្លាយជាសមាសធាតុដែលបង្កើនកម្រិតនៃកូឡេស្តេរ៉ូលក្នុងរបបអាហារប្រចាំថ្ងៃ។
 
៤. វាមិនល្អសម្រាប់សុខភាពសក់
 
ទោះបីជារបបអាហាររបស់អ្នកមានតុល្យភាពល្អ និងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ក៏ដោយ ក៏ទម្លាប់នៃការទទួលទានកាហ្វេភ្លាមក្រោយអាហារអាចជះផលប៉ះពាល់ដែរ។ នេះក៏ព្រោះតែការផឹកកាហ្វេភ្លាមក្រោយអាហារ កាត់បន្ថយការស្រូបយកនូវសារធាតុចិញ្ចឹមសំខាន់ៗពីអាហារ។ វាអាចជះផលប៉ះពាល់ច្រើនណាស់ដល់សុខភាពរាងកាយ និងសូម្បីតែស្ថានភាពនៃសក់។ នៅពេលរាងកាយខ្វះជាតិដែក, ឈាមនឹងពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនដែលជួសជុលកោសិកាក្នុងរាងកាយជម្រុញដល់ការលូតលាស់សក់។ ជាលទ្ធផលវាអាចថែមទាំងជះផលឥទ្ធិពល់ដល់សុខភាពស្បែកក្បាល ហើយបង្កើនហានិភ័យនៃបញ្ហាជ្រុះសក់ទៀតផង។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com