ចាប់បដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ឈានដល់ខួប៤៤ឆ្នាំហើយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ។
ជុំវិញបុព្វហេតុនៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ សារព័ត៌មានថ្មីៗ សូមដកស្រង់ខ្លឹមសារចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី៩ ដែលមានដំណើរដើមទងដូចខាងក្រោម៖
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ របបនេះប្រៀបដូចគុកឥតជញ្ចាំង ឬឋាននរក។ ដោយឃើញអំពើព្រៃផ្សៃបែបនេះហើយ កម្មាភិបាលខ្មែរក្រហមមួយចំនួនបានចេញមុខប្រឆាំង ប៉ុន្តែត្រូវមេដឹកនាំខ្មែក្រហមសម្លាប់ដូចជា លោក ហ៊ូ នឹម សម្លាប់នៅឆ្នាំ១៩៧៦ លោក កុយ ធួន លេខាបក្សភូមិភាគឧត្តរ សម្លាប់នៅឆ្នាំ១៩៧៦ ។ ល។
នៅឆ្នាំ១៩៧៧ ប្រជាជនខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានក្រោកឡើងបង្កចលនាប្រឆាំងនឹងខ្មែរក្រហម។ ចលនាបះបោររបស់ប្រជាជនបានធ្វើឲ្យអង្គការដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនកាន់តែច្រើន និងគ្រប់កន្លែងទូទាំងប្រទេស ពិសេសភូមិភាគនិរតី ឧត្តរ ពាយ័ព្យ និងបូព៌ា។ ចលនាបះបោររបស់ប្រជាជនកម្ពុជាកើតមានកាន់តែធំឡើងៗ ហើយរីករាលដាលពាសពាញប្រទេស ដូចជាប្រជាជននៅស្រុកត្បូងឃ្មុំ (កំពង់ចាម) ស្រុកសៀមប៉ាង (ស្ទឹងត្រែង) ស្រុកបរកែវ (រតនគីរី) ជាដើម។
នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាសមមិត្ត ហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ បានដឹកនាំកុបកម្មមួយប្រឆាំងនឹងខ្មែរក្រហម។ ពួកកុបករទាំងអស់បាចខិតប័ណ្ណអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។
មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចខាងក្រោម៖
ទី១. ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីរណ្តៅមរណៈ
ទី២. គោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជនកម្ពុជា
ទី៣. កសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាពទឹកដី និងសម្បូររុងរឿង។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រមូលក្រុមអ្នកស្នេហាជាតិមួយក្រុមនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះបើតាមសម្ដេច ហ៊ុន សែន៕