ជាតិ
ពីនេះ ពីនោះ
ពាក្យ មោក្ខ និង មោឃ មិន​ដូចគ្នាឡើយ
21, Feb 2023 , 7:29 am        
រូបភាព
«មោក្ខ» អានថា «មោក-ខៈ» រីឯ «មោឃ» អានថា «មោឃៈ ឬ មោក»។ តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរមានន័យ​ដូចគ្នានោះឡើយ ប៉ុន្តែនៅ​តែមាន​មនុស្ស​មួយចំនួន​សរសេរច្រឡំ និង​ច្របូក​ច្របល់គ្នា។

 
«មោក្ខ» មានន័យថា ការរួច, រដោះ, ផុត ចាកទុក្ខភ័យ; ព្រះនិព្វាន ។ មោក្ខធម៌ គឺ​ធម៌ដែលនាំសត្វឲ្យរួចចាកទុក្ខ (មគ្គ ផល និព្វាន )។ មោក្ខុបាយ គឺ​ឧបាយដែលនឹងឲ្យរួច, ឲ្យរដោះ, ឲ្យផុត ចាកទុក្ខ ។
 
រីឯ «មោឃ» វិញ មានន័យថា ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀតអ្នកគ្រាន់បើ, ខ្ញុំមោឃ ។ មោឃ ! ឬ អាមោឃ! ចោលម្សៀត ! ឬអាចោលម្សៀត ! ។
 
មោឃកម្ម មានន័យថា ការឥតប្រយោជន៍, ការឥតអំពើ ។ មោឃជិណ្ណ ឬ មោឃព្រឹទ្ធ ចាស់ឥតអំពើ ( ចាស់ត្នោតចាស់ដូង ) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា មោឃជិណ្ណា ឬ មោឃព្រឹទ្ធា ។ 
 
មោឃបុរស បុរសឥតអំពើ, បុរសសោះសូន្យ (ចាកប្រយោជន៍ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ ), ប្រុសចោលម្សៀត ។ មោឃវាទ ឬ មោឃវាចា ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត ។ មោឃវាទី អ្នកដែលពោលពាក្យឥតប្រយោជន៍; បើស្ត្រីជា មោឃវាទិនី ។ មោឃសញ្ញា សញ្ញាឬសន្យាឥតអំពើ  គឺសន្យាដែលឥតប្រយោជន៍ទទេគ្មានផ្លូវសេក្ដីនឹងសើរើឬប្ដឹងតវ៉ាបាន ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com