ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បានរាងស្លីមស្អាត? កុំរំលងគន្លឹះងាយៗប្រើ “ក្រូចឆ្មារ” ជាភេសជ្ជៈសម្រកទម្ងន់
06, Dec 2021 , 11:59 pm        
រូបភាព
ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ក្រូចឆ្មារអាចប្រើជាភេសជ្ជៈជួយសម្រកទម្ងន់។ ត្រូវយកមកធ្វើបែបណាមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ក្រូចឆ្មារសម្រកទម្ងន់ ៖

 
១. តែក្រូចឆ្មារធម្មតា
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹក ២ពែងឱ្យពុះ។ បន្ទាប់មកបន្ថែមម្សៅតែ ១ស្លាបព្រាបាយចូល និងរម្ងាស់សម្រាប់រយៈពេល ១នាទី។ បិទភ្លើងចង្ក្រានវិញ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយចូល។ អ្នកក៏អាចបន្ថែមស្ករមួយចំនួនចូលដើម្បីបង្កើនរសជាតិផងដែរ។ កូរឱ្យសព្វ សឹមចាក់ភេសជ្ជៈនេះចូលក្នុងពែង ឬកែវរួចទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ ទោះជាយ៉ាងណាស្ករមិនត្រូវបានណែនាំសម្រាប់រូបមន្តសម្រកទម្ងន់ឡើយ។
 
២. តែខ្ញីក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ដាំទឹក ២ពែង ប៉ុន្តែមុននឹងពុះចូលបន្ថែមខ្ញីដែលចិញ្ច្រាំរួច ១ស្លាបព្រាកាហ្វេចូល។ នៅពេលទឹកពុះ ចូរបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេចូល។ ត្រងចាក់តែចូលពែង រួចក្រេបទទួលទាន​ឱ្យទាន់ក្ដៅឧណ្ហៗ។
 
៣. តែទឹកកកក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹក ១ពែងកន្លះឱ្យពុះ រួចសឹមពន្លត់ភ្លើងចង្ក្រាន និងបន្ថែមម្សៅតែ ឬស្លឹកតែខ្មៅ ១ស្លាបព្រាកាហ្វេចូល។ ឆុងចោលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី ប៉ុន្តែប្រសិនបើចង់បានតែរាងចាស់ចូលឆុងសម្រាប់រយៈពេលពី ៤ ទៅ ៥នាទី។ ត្រងកាកចេញ រួចសឹមបន្ថែមទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេចូល និងកូរឱ្យសព្វ។ បន្ថែមទឹកកកពី ២ ទៅ ៣ដុំតូចៗចូលមុនពេលទទួលទាន ឬអ្នកអាចគ្រាន់តែដាកភេសជ្ជៈនេះក្លាសេ ឬទុកក្នុងទូរទឹកកកសម្រាប់រយៈពេល ៣០នាទី។
 
ការទទួលទានតែក្រូចឆ្មារពី ១ ទៅ ២ពែងក្នុងមួយថ្ងៃដោយមិនបន្ថែមស្ករ គឺល្អណាស់សម្រាប់សម្រកទម្ងន់។ ការបន្ថែមស្ករក្នុងតែក្រូចឆ្មារអាចបង្កើនកម្រិតនៃកាឡូរីដែលជាញឹកញយមិនត្រូវបានណែនាំសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com