ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំទាន់ប្រើថ្នាំ! “ឈឺធ្មេញ” មែនទេ? ស្លឹកត្របែក និងគ្រឿងផ្សំ ៦នេះ ជួយបំបាត់យ៉ាងឆាប់
07, Dec 2021 , 6:59 am        
រូបភាព
កំពុងជួបប្រទះបញ្ហាឈឺធ្មេញមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស ៖

 
១. ស្លឹកត្របែក
 
ជាដំបូងត្រូវលាងស្លឹកត្របែកពី ៤ ទៅ ៥ស្លឹកឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមស្ងោរស្លឹកត្របែកក្នុងទឹក ១កែវរហូតដល់ពុះ សឹមត្រងកាកចេញ។ នៅពេលទឹកស្លឹកត្របែកប្រែក្ដៅឧណ្ហៗ សឹមបន្ថែមអំបិលកន្លះ ឬ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរមាត់។ អ្នកក៏អាចទំពារស្លឹកត្របែកខ្ចីពី ២ ទៅ ៣ស្លឹកក្នុងមាត់ដើម្បីបំបាត់ការឈឺចាប់ផងដែរ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
 
២. ថង់តែតូចៗ
 
ជាដំបូងត្រូវផ្សើមថង់តែជាមួយទឹកមួយចំនួនជាមុនសិន។ បន្ទាប់មកសឹមស្អំថង់តែលើធ្មេញដែលមានបញ្ហា។ ប្រសិនបើធ្មេញរបស់អ្នកមិនស្រៀវពេលប៉ះភាពត្រជាក់ទេនោះ ចូរដាក់ថង់តែក្នុងទឹកកកសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមយកមកស្អំលើធ្មេញ។ អនុវត្តម្ដង ឬ ២ដងក្នុងមួយថ្ងៃតាមការចាំបាច់។
 
៣. ម្សៅ Baking soda
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្សើមសំឡី ១ដុំជាមួយទឹកធម្មតាសិន បន្ទាប់មកសឹមរោយម្សៅ Baking Soda ពេញដុំសំឡី រួចដាក់ស្អំផ្ទាល់លើធ្មេញដែលមានបញ្ហា។ អ្នកក៏អាចលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗបន្តិចឱ្យរលាយសព្វ សឹមប្រើប្រាស់ជាទឹកខ្ពុរមាត់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងរហូតដល់ធូរស្បើយ។
 
៤. ប្រេងដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងដូងពី ១ ទៅ ២ស្លាបព្រាបាយខ្ពុរក្នុងមាត់សម្រាប់រយៈពេល ២០នាទី។ កុំលេបប្រេងដូងចូល! ត្រូវខ្ជាក់ចេញវិញ និងលាងសម្អាតក្នុងមាត់ជាមួយទឹកក្ដៅឧណ្ហៗ។ បញ្ចប់ដោយដុសសម្អាតធ្មេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃរហូតបាត់ឈឺតែម្ដង។
 
៥. ខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនខ្ញីមួយដុំតូចឱ្យម៉ដ្ឋ បន្ទាប់មកសឹមលាយទឹកបន្តិចចូលឱ្យក្លាយជាល្បាយខាប់ៗ។ ប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងល្បាយ រួចសឹមដាក់ស្អំលើធ្មេញ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីជាការស្រេច។ អនុវត្តសារឡើងវិញតាមការចាំបាច់។ ទោះជាយ៉ាងណាត្រូវប្រាកដថា សំឡីមិនប៉ះត្រូវអញ្ចាញខណៈដែលវាអាចបង្កការរលាក។
 
៦. តែជីអង្កាម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមក្រៀម ១ស្លាបកាហ្វេក្នុងទឹកដាំពុះ ១ពែងសម្រាប់រយៈពេល ២០នាទី។ ត្រងកាកចេញ និងទុកទឹកតែឱ្យជាក់សិន សឹមប្រើប្រាស់ជាទឹកខ្ពុរមាត់។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com