ជាតិ
ពីនេះ ពីនោះ
នំចាម្ប៍៣មុខ ដែលជាផ្នែកមួយនៃអត្តសញ្ញាណជនជាតិចាម្ប៍
08, Dec 2021 , 8:59 am        
រូបភាព
 ពិធីដង្ហែរនំចាម្ប៍ នាទិវានំប្រពៃណីចាម្ប៍ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ពិធីដង្ហែរនំចាម្ប៍ នាទិវានំប្រពៃណីចាម្ប៍ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ភ្នំពេញ៖ ទិវានំប្រពៃណីចាម្ប៍ ត្រូវបានរៀបចំឡើងជាលើកដំបូង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ដោយបាននាំយកនូវ នំចាម្ប៍៣មុខ មកបង្ហាញសាធារណជន រួមមាននំប៉ាក់, នំតាបៃជាល, និងនំលឺទ្រាំ។ បើតាមលោក ឡឹប កើ នំទាំងបីប្រភេទនេះ ភាគច្រើនធ្វើឡើង ក្នុងកម្មវិធីមង្គលផ្សេងៗ ខណៈបច្ចុប្បន្នមានតែខេត្តបីប៉ុណ្ណោះ ដែលមានវត្តមាននំប្រភេទនេះ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសន៍ ដោយ លោក ស៊ុល រ៉វី អ្នកសារព័ត៌មាន ThmeyThmey25 ដូចតទៅ៖

 
 
យុវជនចាម្ប៍មួយក្រុម បានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញនំចាម្ប៍ នាទិវានំប្រពៃណីចាម្ប៍ លើកដំបូងបង្អស់នៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជាពិសេសគឺការតាំងបង្ហាញនំ ជាអត្តសញ្ញាណជនជាតិចាម្ប៍។ ទិវានេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅសារមន្ទីរខ្លែងខ្មែរ ក្រោមការអនុញ្ញាតគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

  សកម្មភាពអ្នកចូលរួម ចូលថតរូបជាមួយនំប៉ាក់ នាទិវានំប្រពៃណីចាម្ប៍។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ នាទិវានំចាម្ប៍ កញ្ញា អឹមហ្សឹត ហ្វារ៉ាឌិស៏ ជាតំណាងយុវជនចាម្ប៍រៀបចំកម្មវិធី បញ្ជាក់ថា «ទិវានំប្រពៃណីចាម្ប៍» ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាពរវាងជនជាតិចាម្ប៍ ខ្មែរ និងជនជាតិដទៃទៀត។ គោលបំណងចម្បងមួយទៀត គឺការផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីចាម្ប៍។ ជាពិសេសការតាំងបង្ហាញ «នំប៉ាក់» ដែលជាអត្តសញ្ញាណមួយរបស់ជនជាតិចាម្ប៍។
 
«នេះជាកម្មវិធីលើកទីមួយ ដែលយើងធ្វើឡើង ហើយពិតជារំភើបមែនទែន ព្រោះយើងអត់បានដែលបង្ហាញវប្បធម៌ បងប្អូន ឬអ្នកផ្សេងបានស្គាល់។ គោលបំណងថ្ងៃនេះ យើងចង់ធ្វើនំចាម្ប៍ គឺដើម្បីឱ្យមហាជន គាត់បានដឹង ថានេះជានំរបសចាម្ប៍ ដែលមានតាំងពីយូរជំនាន់មក»។​ នេះជាសម្ដីរបស់ កញ្ញា ហ្វារ៉ាឌិស៏។

   ការដាក់តាំងបង្ហាញនំប៉ាក់ នាទិវានំប្រពៃណីចាម្ប៍។
 
ក្នុងកម្មវិធីប្រព្រឹត្តទៅរយៈពេល២ម៉ោងកន្លះនេះ បានដាក់តាំងបង្ហាញនូវនំចាម្ប៍ចំនួនបីមុខផងដែរ រួមមាននំប៉ាក់, នំតាបៃជាល, និងនំលឺទ្រាំ។ ពាក់ព័ន្ធនឹងនំ ដែលយកមកដាក់តាំងបង្ហាញនាទិវានេះ លោក ឡឹប កើ ជាអ្នកចូលរួមផលិតកម្មវិធីនេះ លើកឡើងថា ប្រភេទនំខាងលើនេះ ភាគច្រើន ធ្វើឡើងក្នុងពិធី អបអរ ពិធីមង្គលផ្សេងៗ និងថ្ងៃសប្បាយៗជាដើម។

  នំបីមុខ ដែលបានដាក់ឱ្យសាធារណជន ឃើញ និងភ្លក់ នាទិវានំប្រពៃណីចាម្ប៍។
 
លោក ឡឹប កើ បន្ថែមដូច្នេះ៖ «នំនេះ ធ្វើក្នុងកម្មវិធីអ្វីក៏បាន ឱ្យតែជាកម្មវិធីសប្បាយៗ កម្មវិធីមានសំណាង ដូចជាឡើងផ្ទះ រៀបការ ខួបកំណើត។ ក្រោយៗនេះ ដូចជាឃើញមានអ្នកប្រឡងជាប់ ការងារអី ទៅក៏គេធ្វើដែរ»។ បើតាមលោក ឡឹប កើ បច្ចុប្បន្ន នំចាម្ប៍ដែលយកមកបង្ហាញនេះ ត្រូវបានផលិតដោយដៃសុទ្ធសាធ ហើយបច្ចុប្បន្នគេឃើញមានវត្តមាន តាមសហគមន៍ជនជាតិចាម្ប៍មួយចំនួនប៉ុណ្ណោះ ដូចជាខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

  វង់ភ្លេង រ៉ាបាណា ដែលប្រគំ ដើម្បីដង្កែរនំប៉ាក់ ក្នុងទិវានំប្រពៃណីចាម្ប៍។
 
ក្រៅពីការដាក់តាំងបង្ហាញនំប្រពៃណី ក្នុងកម្មវិធីនេះ ក៏ឃើញមានការប្រគំភ្លេង ដើម្បីដង្ហែផងដែរ។ ភ្លេងប្រគំនេះ ត្រូវបានគេហៅថា «រ៉ាបាណា» ដែលអ្នកចូលរួមដង្ហែ វាយស្គរផង និងច្រៀងផង។ លោក សាន់ អ៊ីស្មាអែល ជាអ្នកដឹកនាំប្រគំភ្លេង ពន្យល់ថា ភ្លេងរ៉ាបាណានេះ ជាភ្លេងប្រពៃណីមួយរបស់ជនជាតិចាម្ប៍ តែងប្រារព្ធឡើង នៅពេលមានកម្មវិធីបុណ្យម៉ាលុត ពិធីរៀបមង្គលការ ពិធីចូលសាសន៍ និងពិធីសប្បាយៗផ្សេងទៀត៕

Tag:
 ThmeyThmey25
  នំចាម្ប៍
  ទិវានំប្រពៃណីចាម្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com