ពីនេះ ពីនោះ
កោត, កោដ្ឋ និង​ កោដិ
09, Dec 2021 , 7:29 am        
រូបភាព
ពាក្យ​ទាំងបី កោត, កោដ្ឋ និង​កោដិ មាន​សូរដូចគ្នា ប៉ុន្តែ​មានន័យ​ខុសគ្នាទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន​ប្រើ​ប្រាស់​មិន​បាន​ត្រឹម​ត្រូវ​នោះឡើយ ដោយសរសេរ​ច្រឡូកច្រ​ឡំ​គ្នាទៅវិញទៅមក។

 
សារព័ត៌មាន​ថ្មីៗ សូម​លើក​យក​ពាក្យទាំងនេះ មក​ពន្យល់​ដាច់ដោយឡែក​ដូចខាងក្រោម៖
 
១. «កោត» ជាកិរិយាសព្ទ ដែលមានន័យថា ស្ញែង, ស្ងើច។ គួរកោតគេដែរ។ ប៉ុន្តែពាក្យនេះ ក៏មានន័យថា ខ្លាច, ញញើត ផងដែរ ដោយច្រើននិយាយនាំមុខពាក្យក្រែង, ញញើត, ខ្លាច, ខាម។ កោតក្រែង, កោតញញើត, កោតខ្លាច, កោតខាម ។
 
នាម​សព្ទ «កំណោត» មានន័យថា ការកោត, សេចក្តីកោត។ ខ្ញុំមានកំណោតច្រើនចំពោះឧបាយកលរបស់អ្នក ។
 
២. «កោដិ» ចេញពី​សំសង្ក្រឹត​-បាលី ដែលសំដៅ​លើ​ចំនួន​១០​លាន។ បកោដិឈ្មោះបកតិសំខ្យាថ្នាក់ខ្ពស់ចំនួនមួយរយសែនកោដិ ( មានសូន្យ ១៤ ) ។ ពាក្យ បកតិសំខ្យា គឺ​ជាការ​រាប់​ចំនួន​រាយ (លេខរាយ)៖ រាយ ដប់​ រយ ពាន់ ម៉ឺន សែន លាន កោដិ....។
 
៣. «កោដ្ឋ» មានន័យថាជង្រុក, របស់សម្រាប់ដាក់សព, ដាក់ធាតុ ។ បើតាម​ការពន្យល់ក្នុង​វចនានុក្រម ពាក្យនេះ ក៏ជា​ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំ ផងដែរ។
 
«បរមកោដ្ឋ» ព្រះបរមនាមនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ... (ព្រះអង្គដួង) ជាព្រះវររាជបិតានៃព្រះបាទសម្ដេចព្រះនរោត្តម ... និងព្រះបាទសម្ដេចព្រះសិរីសុវត្ថិ (ស៊ីសុវត្ថិ) . . . ក្នុងកម្ពុជរដ្ឋ។ «បរមរតនកោដ្ឋ» ជាព្រះបរមនាមនៃ​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com