ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនល្អទេ! អត់ញ៊ាំ “ខ្លាញ់” សោះ ប្រយ័ត្ន ខ្សោយប្រព័ន្ធភាពស៊ាំ និងជួបបញ្ហាសុខភាព ៥នេះ
08, Dec 2021 , 10:59 pm        
រូបភាព
ភាគច្រើននៃពួកយើងគិតថាខ្លាញ់ទាំងអស់សុទ្ធតែមិនល្អចំពោះសុខភាព ប៉ុន្តែទោះជាយ៉ាងណាមិនមែនបែបនេះឡើយ! ខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់រាងកាយ។ ការកាត់បន្ថយជាតិខ្លាញ់ទាំងស្រុងចេញពីរបបអាហារអាចជះផលប៉ះពាល់ដល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរដកខ្លាញ់ចេញពីរបបអាហារតែម្ដង ៖

 
១. អាចមានអារម្មណ៍ឃ្លានជាងមុន
 
នៅពេលផ្ដាច់ខ្លាញ់ពីរបបអាហារ អ្នកអាចសម្គាល់ឃើញថាអ្នកមិនឆ្អែតដូចរាល់ដងឡើយក្រោយពេលញ៊ាំអាហារ។ ជាតិខ្លាញ់ក្នុងរបបអាហារ គឺជាសារធាតុចិញ្ចឹមដែលពួកយើងត្រូវការក្នុងរបបអាហារ ប៉ុន្តែក្នុងកម្រិតមធ្យម។ ហើយប្រសិនបើអ្នកទទួលទានសារធាតុចិញ្ចឹមនេះគ្រប់គ្រាន់ទេនោះ អ្នកងាយនឹងឃ្លានជាងមុនដើម្បីស្វែងរកកាឡូរីពីប្រភពផ្សេងទៀតមិនខាន។
 
២. ការចងចាំចុះអន់ខ្សោយជាងមុន
 
ប្រសិនបើអ្នកដកខ្លាញ់ទាំងស្រុងពីរបបអាហារ អ្នកអាចនឹងសម្គាល់ឃើញថាអ្នកហាក់ដូចជាមិនសូវជាមានស្មារតីដូចធម្មតា។ ខ្លាញ់ល្អដែលមានប្រភពពីប្រេងអូលីវ, គ្រាប់ធញ្ញជាតិ និងត្រីសម្បូរខ្លាញ់អាចជួយឱ្យសុខភាពខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើងចងចាំល្អជាងមុន។ ការទទួលទានខ្លាញ់ល្អបានគ្រប់គ្រាន់ គឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរង្វេងទៀតផង។
 
៣. ធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ
 
អាស៊ីតខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់ការពារប្រព័ន្ធភាពស៊ាំរាងកាយ។ បន្ថែមពីនេះវីតាមីនជាច្រើនត្រូវបានស្រូបយកបានកាន់តែប្រសើរនៅពេលទទួលទានរួមជាមួយខ្លាញ់។ ប្រសិនបើអ្នកកម្ចាត់ខ្លាញ់ល្អចេញពីរបបអាហារតែម្ដង រាងកាយអាចនឹងមិនទទួលបាននូវវីតាមីនគ្រប់គ្រាន់ពីអ្វីដែលអ្នកបានទទួលទានឡើយ។
 
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
 
អ្នកអាចទទួលបាននូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ច្រើនដែរពីការទទួលទានជាតិខ្លាញ់សុខភាពល្អ។ របបអាហារដែលមានផ្ទុកជាតិខ្លាញ់សុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។ បុគ្គលដែលទទួលទានប្រេងអូលីវច្រើនជាងកន្លះស្លាបព្រាបាយរាល់ថ្ងៃជួយកាត់បន្ថយនៃជំងឺបេះដូងផ្សេងៗដល់ទៅ ១៥ភាគរយ។
 
៥. នាំឱ្យកើនទម្ងន់
 
នៅពេលអ្នកប្រកាន់ខ្ជាប់នូវរបបអាហារមានជាតិខ្លាញ់ទាប អ្នកកំពុងរារាំងរាងកាយពីការដុតបំផ្លាញជាតិខ្លាញ់។ យោងតាមការសិក្សាស្រាវមួយបានបង្ហាញថា ខ្លាញ់សុខភាពល្អមួយចំនួនដូចជាខ្លាញ់ក្នុងគ្រាប់អាល់ម៉ុនអាចជួយធ្វើឱ្យការដុតរំលាយអាហារក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើង។
 
៦. សាច់ដុំកាន់តែពិបាកលូតលាស់
 
ការទទួលទានខ្លាញ់សុខភាពល្អគួបផ្សំការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយក្នុងការលូតលាស់កសាងសាច់ដុំ។ ជាតិខ្លាញ់ក៏អាចបង្កើនការប្រមូលផ្ដុំប្រូតេអ៊ីនក្នុងរាងកាយដែលជាលទ្ធផនឹងជួយឱ្យរាងកាយឆាប់ជាសះស្បើយកាន់តែលឿនក្រោយពេលធ្វើលំហាត់ប្រាណខ្លាំងក្លា។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com