ពីនេះ ពីនោះ
«មច្ឆរី» មានន័យថា មនុស្ស​កំណាញ់ រីឯ «មច្ឆរិយ» គឺ សេចក្តីកំណាញ់
11, Dec 2021 , 7:29 am        
រូបភាព
មច្ឆរី [អានថា ម័ច-ឆៈរ៉ី] ចេញពីភាសា​បាលី-សំសង្ក្រឹត ដែលមានន័យថា  អ្នកកំណាញ់, មនុស្សកំណាញ់; បើស្រ្តីជា មច្ឆរិនី។

 
តាមវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ ត្រូវបាន​ប្រើ​ប្រាស់ភាគច្រើន​ក្នុងកំណាព្យ។ ឧទាហរណ៍៖  រីឯសេដ្ឋី ជាមច្ឆរី ល្បីថាកំណាញ់ ថ្ងៃមួយគាត់នឹក ចង់ស៊ីនំឆ្ងាញ់ ព្រោះក្ដីកំណាញ់ ពួនស៊ីក្នុងផ្ទះ ។ ព្រះមោគ្គល្លាន ប្រើឫទ្ធិ៍ផ្លូវឈាន ដែលមានជ្រៅជ្រះ ទៅបិណ្ឌបាត ឈរជិតខាងផ្ទះ ឲ្យសេដ្ឋីលះ ក្ដីទ្រឹស្ដិ៍ស្មូរបាន ។ ( រឿងកោសិយសេដ្ឋីកំណាញ់ស្វិតស្វាញ ) ។
 
ពាក្យពាក់ព័ន្ធផ្សេងទៀត មានដូចជា មច្ឆរិយ ឬ​មច្ឆេរិយៈ ដែលមានន័យថា សេចក្តីកំណាញ់។  កុលមច្ឆរិយៈសំដៅ​លើ​សេចក្តីកំណាញ់ត្រកូល គឺការមិនចង់ឲ្យអ្នកដទៃ ចូលទៅមកប្រាស្រ័យទាក់ទងរាប់អានត្រកូលរបស់ខ្លួន ។ មច្ឆេរចិត្ត គឺ​ចិត្តកំណាញ់ ដែលផ្ទុយនឹងពាក្យ​ សទ្ធាចិត្ត ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com