ជាតិ
រូបថតបង្ហាញពីតថភាពសង្គមចំនួន១៥៩សន្លឹករបស់និស្សិតDMC នឹងតាំងបង្ហាញនៅថ្ងៃទី១៦ធ្នូ
11, Dec 2021 , 1:59 pm        
រូបភាព
ដោយ៖ អ៊ុន​ វឌ្ឍនា
 
ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹង រៀបចំឡើងវិញនូវការតាំងពិព័រណ៍រូបថតដែលជាស្នាដៃរបស់និស្សិតឆ្នាំ២ ចាប់ពីថ្ងៃទី១៦-១៨ធ្នូ ឆ្នាំ២០២១។​ ក្នុងពិពិរណ៍នោះនឹងបង្ហាញរូបថតចំនួន១៥៩សន្លឹកនៃសាច់រឿងឬប្រធានបទចំនួន៨ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមជាក់ស្តែង នាពេលបច្ចុប្បន្ន។

 
ការតាំងពិព័រណ៍រូបថតលើកទី៣របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) ​នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៦ដល់១៨ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធឌីជីថលនៃគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់DMC ដែលមានទំព័រហ្វេសនិងគេហទំព័រ DMC Photo Festival រួមទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍  ផងដែរ។ 


 
ចំនួនរូបថតដែលត្រូវតាំងពិព័រណ៍នោះ មាន១៥៩សន្លឹក ដោយរូបថតនីមួយៗ គឺពាក់ព័ន្ធនឹងរឿងឬប្រធានបទនានានៃតថភាពជាក់ស្តែងក្នុងសង្គមខ្មែរ។ ​នេះជាការលើកឡើងរបស់លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍(DMC)។ លោក បន្តប្រាប់សារព័ត៌មានថ្មីៗថា ៖ «ពិព័រណ៍រូបថតនេះ គឺជាការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងរបស់និស្សិត ហើយវាក៏រួមចំណែកក្នុងការបញ្ជូនសារទៅកាន់មហាជនតាមរយៈរូបថតទាំងអស់ដើម្បីឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានក្នុងសង្គមផងដែរ»។
 
ជាមួយគ្នានេះ លោក ផន ភារិទ្ធ ដែលជាគ្រូបង្រៀនមុខវិជ្ជាការថតរូបបែបសារព័ត៌មាន ក្នុងដេប៉ាដឺម៉ងDCM បានលើកឡើងថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី ១៩ ដើម្បីបង្ហាញស្នាដៃផលិតរូបថត ក្រោយពីសិស្សបានសិក្សាអំពីបច្ចេកទេសថតរូបអស់រយៈពេលមួយឆមាសរួចមក។លោកបាននិយាយថា៖ ​«ការអនុវត្តគឺមានសារៈសំខាន់ណាស់សម្រាប់មុខវិជ្ជានេះ។ ដូច្នេះហើយ! ពួកយើងបានបង្កើតឱ្យមានពិព័រណ៍រូបថតDMCនេះឡើង ដើម្បីឱ្យនិស្សិតមានឱកាសអនុវត្ត និងបញ្ចេញសមត្ថភាពរបស់ពួកគេ»។ 
 
លោក ផន ភារិទ្ធ បានបញ្ជាក់ថា ទោះបីជាស្នាដៃរបស់និស្សិតមិនសូវល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏ប៉ុន្តែរូបទាំងនេះក៏អាចចាត់ទុកថា ជាចំណុចចាប់ផ្ដើមដ៏ល្អរបស់ពួកគេក្នុងការបង្ហាញស្នាដៃផលិតកម្រងរូបថតជាលក្ខណៈស៊េរីទៅតាមប្រធានបទដែលពួកគេបានជ្រើសរើស ដែលប្រធានបទទាំងនោះឆ្លុះបញ្ចាំងអំពីតថភាពសង្គមដ៏គួរឱ្យចាប់អារម្មណ៍។


 
កញ្ញា សៀន សុលឿក និស្សិតDMCឆ្នាំទី២ និងជាផលិតករមួយរូប បានជឿជាក់ថា ពិព័រណ៍រូបថតលើកទី ៣នេះ នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់សាធារណជន។ កញ្ញា បាននិយាយដូច្នេះ៖ «ទោះបីជាពួកយើងសិក្សាតាមប្រព័ន្ធអនឡាញហើយជួបផលវិបាកច្រើនក៏ដោយ ក៏ពួកយើងនៅតែមានគោលមានបំណងផលិតរូបថតនិងរៀបចំពិព័រណ៍នេះឡើង ដើម្បីបង្ហាញទៅដល់សាធារណៈជន និងទុកជាស្នាដៃប្រចាំជំនាន់របស់ពួកយើង»។ 
 
លោក អ៊ុក ប៊ុនឡេង ដែលជាសមាជិកស្នូលក្នុងការរៀបចំពិព័រណ៍រូបថតនេះ បានឱ្យបានដឹងថា ក្នុងរយៈពេលបីថ្ងៃនៃការតាំងពិព័រណ៍នេះ  ក្រុមការងារនឹងមានបង្ហាញកិច្ចសម្ភាសជាមួយផលិករមកពីក្រុមនីមួយៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងបន្ថែមអំពីស្នាដៃពួកគេ នៅលើទំព័រហ្វេសប៊ុករបស់ពិព័រណ៍រូបថត DMC ផងដែរ។ លោកបានបន្តដូច្នេះ៖ « ក្រៅពីនេះ យើងនឹងមានផ្សាយនូវការពិភាក្សាគ្នារវាងលោកគ្រូMiller [លោក ផន ភារិទ្ធ] និងអ្នកជំនាញផ្នែកច្បាប់អំពី ការថត និងសិទ្ធផ្នែករូបភាព នៅលើទំព័រហ្វេសបុករបស់យើងផងដែរ»។ 
 
សូមជម្រាបថា ពិពរណ៍រូបថតលើកទី៣របស់និស្សិតDMCឆ្នាំ២០២១នេះ  នឹងផ្ដោតសំខាន់ទៅលើប្រធានបទចំនួន៨។ ក្នុងនោះមានប្រធានបទ«មរតកចុងក្រោយ» ដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញពីមរតកចម្លាក់ខ្មែរ ក៏ដូចជាសិល្បករដែលនៅពីក្រោយស្នាដៃនោះ។​ ប្រធាន«សិល្បៈដាប់ស្បែក» បង្ហាញពីមរតកចម្លាក់ស្បែកដ៏មានតម្លៃរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិព្រមទាំងដំណើរការផលិ៎តស្បែកតាំងពីដើមរហូតដល់ចប់។ 


 
សម្រាប់ប្រធានបទ«កេរខ្មែរដំណែលកក់» បង្ហាញពីការធ្វើកន្ទេលកក់ពីមួយជំហានទៅមួយជំហានរហូតសម្រេចបានកន្ទេលកក់មួយ។ ប្រធានបទ«ត្នោតខ្មែរ ស្ករខ្មែរ» បង្ហាញពីដំណើរការយ៉ាងលម្អិតនៃការផលិតស្ករត្នោត។​ ​ប្រធានបទ«ដំបូលប្រក់មេឃ» បង្ហាញពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូវ័យចំណាស់ម្នាក់ដែលផ្ញើវាសនារបស់ខ្លួនលើយានកម្សត់នេះ ។​ ប្រធានបទ«សម្ដីអ្នកនៅលើអេក្រង់ខ្ញុំ» បង្ហាញពីសកម្មភាពនានាដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងតាមអ៊ីនធឺណេត និងផលប៉ះពាល់នៃទង្វើនេះ។ 
 
រីឯប្រធានបទ«ក្រុមរបាំបុរសស្រលាញ់ភេទដូចគ្នា» បង្ហាញពីទឹកចិត្តស្រលាញ់និងការថែរក្សាសិល្បៈបុរាណខ្មែរ ក្នុងនាមពួកគាត់ជាបុរសស្រលាញ់ភេទដូចគ្នា ដែលពួកគាត់បានឆ្លងកាត់ការលំបាកជាច្រើនក្នុងសង្គម ​និងប្រធានបទ«ទម្លាប់ថ្មីក្នុងបរិបទកូវីដ-១៩» គឺបង្ហាញពីការរស់នៅរបស់ប្រជាជនដែលអនុវត្តនូវវិធានការការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ 

Tag:
 និស្សិត
 ​ DMC
© រក្សាសិទ្ធិដោយ thmeythmey.com